(ភ្នំពេញ)៖ លោក Masatsugu Asakawa ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ ADB ក្នុងការពង្រឹង និងពង្រីកបន្ថែមទៀត នៅក្នុងប៉ុន្មានឆ្នាំខាងមុខ ដើម្បីបន្តការរួមចំណែករបស់ខ្លួន ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ដែលកម្ពុជាកំពុងជួបប្រទះក្នុងការអភិវឌ្ឍ។

ការបញ្ជាក់ពីការប្តេជ្ញាចិត្តនេះ ធ្វើឡើងក្នុងឱកាសរូបលោកចូលជួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា ក្នុងជំនួបនោះ ប្រធាន ADB បានសាទរដល់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការទប់ស្កាត់ និងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យ ដោយសម្រេចបានឋានៈជាប្រទេស មានអត្រាចាក់វ៉ាក់សាំងខ្ពស់បំផុតមួយ ក្នុងចំណោមបណ្តាប្រទេសជាច្រើន ដែលបានចាក់វ៉ាក់សាំងការពាររួចហើយ បានបើកដំណើរការប្រទេសឡើងវិញទាំងស្រុងកាលពីខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ និងសម្រេចបាននូវការស្តារសេដ្ឋកិច្ចឡើងវិញ ពីវិបត្តិសុខភាពពិភពសាកល ដែលមិនធ្លាប់មានពីមុនមក។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ ADB ដែលជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយរបស់កម្ពុជា ចំពោះការផ្តល់ជំនួយ និងការផ្តល់ហិរញ្ញប្បទានដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា។

សម្តេចតេជោ បានគូសបញ្ជាក់អំពីជំនួយរបស់ ADB ដែលបានផ្តល់ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការឆ្លើយតបជាបន្ទាន់ ចំពោះជំងឺរាតត្បាតកូវីដ១៩ និងក្នុងការអនុវត្ត «ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីសម្រាប់ការស្តារសេដ្ឋកិច្ចឡើងវិញ ក្នុងបរិបទនៃការរស់នៅជាមួយជំងឺកូវីដ-១៩ តាមបែបគន្លងថ្មី ២០២១-២០២៣»។

លោក Masatsugu Asakawa បានអបអរសាទរចំពោះកម្ពុជា សម្រាប់ដំណើរការយ៉ាងរលូន ក្នុងការធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ និងបានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និង ADB ក្នុងរយៈពេលជាង ៣០ឆ្នាំមកនេះ។

លោកបានគូសបញ្ជាក់ថា ADB បានរក្សាការព្យាករណ៍របស់ខ្លួន ចំពោះកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងកម្រិត ៥.៣ ភាគរយនៅឆ្នាំ ២០២២ ប៉ុន្តែបានបន្ទាបការព្យាករណ៍នៅឆ្នាំ ២០២៣ ពីក្នុងកម្រិត ៦.៥ ភាគរយមកនៅត្រឹម ៦.២ ភាគរយ ដោយសារតែការចុះខ្សោយជាងមុននៃកំណើនសេដ្ឋកិច្ចពិភពលោក ព្រមទាំងកំពុងរៀបចំយុទ្ធសាស្រ្តភាពជាដៃគូ ប្រចាំប្រទេស (CPS) ថ្មី សម្រាប់រយៈពេល ២០២៤-២០២៨។

សម្តេចតេជោនាយករដ្ឋមន្ត្រី និងប្រធាន ADB បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យបម្រែបម្រួលអាកាសធាតុ ដោយក្នុងនោះ ADB បានបញ្ជាក់ជាថ្មីនូវការត្រៀមខ្លួន ក្នុងការធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរៀបចំផែនការកម្មវិធីអាទិភាពនានា ស្តីពីការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍថាមពលបៃតង៕