(ភ្នំពេញ)៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានរៀបចំពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២ (Cambodia Tech Expo 2022: CTX 2022) ជាលើកដំបូង និងធំបំផុតនៅកម្ពុជា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ និង Factory Phnom Penh ដើម្បីបង្ហាញពីសក្តានុពល និងភាពរីកដុះដាលនៃអាជីវកម្មបច្ចេកវិទ្យាក្នុងស្រុក។

ពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២ ជាកម្មវិធីដ៏ធំមួយដែលរៀបចំឡើងអមជាមួយកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងជាកម្មវិធីឈានមុខគេប្រចាំឆ្នាំលើកទី១ របស់កម្ពុជា ដែលមានគោលបំណងបង្កើតថ្នាលបច្ចេកវិទ្យាថ្នាក់ជាតិ ដើម្បីកៀរគររដ្ឋសមាជិកអាស៊ាន រដ្ឋាភិបាល វិស័យឯកជន ស្ថាប័នស្រាវជ្រាវ ដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិល ដើម្បីសហការ ចែករំលែកបទពិសោធន៍ និន្នាការថ្មីៗ បញ្ហាប្រឈម និងឧត្តមានុវត្តន៍ពាក់ព័ន្ធនឹងបច្ចេកវិទ្យា សេដ្ឋកិច្ចនិងសង្គមឌីជីថល និងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤, ឆ្លុះបញ្ចាំងអំពីប្រព័ន្ធអេកូឡូស៊ីប្រកបដោយអំណោយផលនិងទាក់ទាញ ព្រមទាំងចាប់យកឱកាសវិនិយោគក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅកម្ពុជា, អភិវឌ្ឍបណ្តាញអាជីវកម្មរវាងធុរកិច្ចបច្ចេកវិទ្យាថ្មី សហគ្រាសធុនតូចនិងមធ្យម ឧស្សាហកម្ម និងវិនិយោគ, ចាប់យកសក្តានុពលនៃវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងលើកកម្ពស់ការយល់ដឹង និងបង្កើតសំណើរួមក្របខណ្ឌ និងការស្រាវជ្រាវនិងអភិវឌ្ឍន៍រួមជាដើម។

ថ្លែងក្នុងឱកាសបើកពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២ នាថ្ងៃទី១១ វិច្ឆិកានេះ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា ពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ដែលរៀបចំឡើងជាលើកដំបូងនេះ នឹងធ្វើការផ្សព្វផ្សាយពីបច្ចេកវិទ្យា វិទ្យាសាស្រ្ត សហគ្រិនភាពនៅក្នុងសេដ្ឋកិច្ចឌីជីថល និងជាឱកាសសម្រាប់សាធារណជន សហគ្រិន វិនិយោគិន ដើម្បីសិក្សារៀនសូត្រពីគ្នាទៅវិញទៅមក ដើម្បីបង្កើតជាបណ្តាញវិនិយោគ និងការសិក្សារួមគ្នា ក្នុងការដោះស្រាយបញ្ហាប្រឈមនានា តាមរយៈបច្ចេកវិទ្យា។

លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រសាសន៍ថា បច្ចេកវិទ្យាបានដើរតួរនាទីយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច។ ប្រទេសកម្ពុជា បានកំណត់បច្ចេកវិទ្យា និងវិទ្យាសាស្រ្តគឺជផ្នែកមួយដ៏សំខាន់នៃការអភិវឌ្ឍន៍ប្រទេស ដើម្បីសម្រេចបាននូវការប្រែក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោកបន្តថា ស្របពេលដែលបច្ចេកវិទ្យាមានការអភិវឌ្ឍន៍មិនចេះឈប់ឈរនេះ តម្រូវឱ្យកម្ពុជា ត្រូវធ្វើការអភិវឌ្ឍន៍ និងសិក្សាស្រាវជ្រាវបន្ថែម នូវកម្មវិធីនានា និងធ្វើការពង្រឹងកិច្ចសហប្រតិបត្តិការ បង្កើនការលើកកម្ពស់នូវធនធានមនុស្សដែលមានទេពកោសល្យខាងបច្ចេកវិទ្យា សម្រាប់បម្រើពលកម្មផ្នែកបច្ចេកវិទ្យានាពេលអនាគត ។

ជាមួយគ្នានេះ ដើម្បីជំរុញការអភិវឌ្ឍបច្ចេកវិទ្យានេះ ត្រូវតែកៀរគរអ្នកដែលមានទេពកោសលដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយនិរន្តភាព។ ព្រមជាមួយគ្នានេះ ត្រូវគិតគូរពីបរិយាកាសនៃការវិនិយោគលើបច្ចេកវិទ្យា និងការវិនិយោគផ្ទាល់ពីបរទេស ទៅលើបច្ចេកវិទ្យា ដូចជាបច្ចេកវិទ្យាហិរញ្ញវត្ថុជាដើម។

លោកកិត្តិសេដ្ឋាបណ្ឌិត បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងរៀបចំនិងជំរុញប្រព័ន្ធអេកូឡូស៊ីសម្រាប់ការអភិវឌ្ឍវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយបានដាក់ចេញនូវគោលនយោបាយនិងផែនទីបង្ហាញផ្លូវជាបន្តបន្ទាប់ មានជាអាទិ៍៖ គោលនយោបាយជាតិស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២០-២០៣០ ផែនទីបង្ហាញផ្លូវ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កម្ពុជា ២០៣០ ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាកសិកម្ម ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាអប់រំ និងផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាសុខាភិបាល ព្រមទាំងគ្រោងនឹងរៀបចំផែនទីបង្ហាញផ្លូវសម្រាប់បច្ចេកវិទ្យាអាទិភាពមួយចំនួនទៀត ដែលបម្រើដល់សេដ្ឋកិច្ចនិងសង្គមកម្ពុជាលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ផងដែរ។

ពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២ មានការដាក់ស្តង់ពិព័រណ៍សរុបប្រមាណ ៤០០ ស្តង់ និងមានអ្នកចូលរួមមកពីស្ថាប័នរាជរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល គ្រឹះស្ថានអប់រំ និងដៃគូ
អភិវឌ្ឍន៍វិស័យឯកជន ក្រុមហ៊ុនអភិវឌ្ឍន៍បច្ចេកវិទ្យា ក្រុមហ៊ុនអេឡិចត្រូនិកនិងយានយន្ត ប្រតិបត្តិករទូរគមនាគមន៍ក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិត គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ សហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចថ្មីបច្ចេកវិទ្យា ជាដើម៕