(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចេញបំភ្លឺលើករណីប្រជាពលរដ្ឋចំនួន៣៦៧គ្រួសារដែលបានប្តឹងទាមទារដីទំហំ១,៧៨៥ហិកតា ស្ថិតនៅក្នុងឃុំកំពង់គោ និងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយករណីនេះរដ្ឋបាលខេត្តធ្លាប់បានធ្វើការស្រាវជ្រាវ និងដោះស្រាយច្រើនលើកមកហើយ ប៉ុន្តែតំណាងប្រជាពលរដ្ឋតែងតែគេចវេសមិនចូលរួមប្រជុំតាមការអញ្ជើញរបស់រដ្ឋបាលខេត្ត។

ប្រជាពលរដ្ឋទាំង៣៦៧គ្រួសារនោះ គឺមានឈ្មោះ ព្រីង ណាង, ម៉ោញ នន់, ទូច ពោ និងឈ្មោះ នួន ចាន់ ជាតំណាង។

អ្នកនាំពាក្យនិងជាអភិបាលរងខេត្តកំពង់ធំ លោក សុក ហៃ បានបញ្ជាក់ថា នៅក្នុងចំណោមប្រជាពលរដ្ឋចំនួន៣៦៧គ្រួសារភាគច្រើនមិនធ្លាប់ធ្វើស្រែ និងមានដីនៅតំបន់នោះទេ ជាក់ស្តែងក្នុងចំណោមតំណាងប្រជាពលរដ្ឋ៤នាក់ ឈ្មោះ ទូច ពោ និងឈ្មោះ នួន ចាន់ មិនដែលធ្លាប់ទៅធ្វើស្រែ និងមានដីនៅតំបន់នោះទេ។

លោក សុក ហៃ បានរំឭកថា នៅឆ្នាំ២០២០ ក្រសួងបានចេញលិខិតលេខ ០៧២ ដនស ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ ដោយបានបដិសេធលើពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋចំនួន៩៣គ្រួសារ ដែលបានទាមទារដីនៅតំបន់ផ្អែកវាលស្រងែ។

លោកអភិបាលរងខេត្តបានបន្តទៀតថា នៅក្នុងអនុក្រឹតលេខ ១០៥ អនក្រ.បក ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ រាជរដ្ឋាភិបាលបានកាត់ឆ្វៀលដីនៅតំបន់នោះជូនប្រជាពលរដ្ឋរួចហើយ ហើយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តនឹងចុះវាស់វែងជូនប្រជាពលរដ្ឋនៅរដូវទឹកសម្រកខាងមុខនេះ។

បើតាមលោកអភិបាលរងខេត្តកំពង់ធំ នៅក្នុងដីដែលរាជរដ្ឋាភិបាលបានកាត់ឆ្វៀលនោះក៏មានដីរបស់លោក ព្រីង ណាង ទំហំ១៨ហិកតា និងដីរបស់ប្រជាពលរដ្ឋដែលបានទាមទារមួយចំនួនផងដែរ៕