(ភ្នំពេញ)៖ អង្គការសហប្រតិបត្តិការសៀងហៃ (SCO) គ្រោងនឹងដំឡើងឋានៈកម្ពុជាពីដៃគូសន្ទនាទៅជាអ្នកសង្កេតការណ៍របស់ខ្លួន។ នេះជាការបញ្ជាក់របស់ លោក Zhang Ming អគ្គលេខាធិការនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ក្នុងជំនួបជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។
ក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ លោក Zhang Ming ដែលគំាទ្រការដាក់បេក្ខភាពរបស់កម្ពុជាជាអ្នកសង្កេតការណ៍ នៃ SCO និងបានគូសបញ្ជាក់ពីការត្រៀមខ្លួនរបស់កម្ពុជាក្នុងការទទួលយកនូវអនុសាសន៍នានារបស់ SCO និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាដើម្បីសម្រេចបាននូវគោលដៅនេះ ។
សម្តេចតេជោនាយករដ្ឋមន្ត្រី និង លោកអគ្គលេខាធិការ Zhang Ming បានពិភាក្សាគ្នាយ៉ាងផុលផុសអំពីការដាក់បេក្ខភាពកម្ពុជាដើម្បីក្លាយជាអ្នកសង្កេតការណ៍ នៃអង្គការសហប្រតិបត្តិការសៀងហៃ បន្ទាប់ពីបានក្លាយជាដៃគូសន្ទនារបស់អង្គការនេះក្នុងឆ្នាំ២០១៥។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ចាប់តាំងពីបានក្លាយជាដៃគូសន្ទនារបស់ SCO ក្នុងឆ្នាំ ២០១៥ កម្ពុជាបានរួមចំណែកក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និង SCO ដោយបានលើកឡើងពីការចូលរួមយ៉ាងសកម្មរបស់កម្ពុជា នៅក្នុងអង្គការនានាក្នុងតំបន់ និងអន្តរជាតិ ក្នុងគោលបំណងពង្រឹងចំណងមិត្តភាព និងការរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខ។
លោក Zhang Ming បានកោតសរសើរកម្ពុជា ចំពោះការចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងអាស៊ាន និង SCO និងបានលើកឡើងពីដំណើរការផ្ទៃក្នុងរបស់ SCO ក្នុងការដំឡើង ឋានៈពីដៃគូសន្ទនាទៅជាអ្នកសង្កេតការណ៍របស់ SCO និងបង្ហាញពីក្តីសង្ឃឹមថា កម្ពុជានឹងក្លាយជាអ្នកសង្កេតការណ៍នៃអង្គការសហប្រតិបត្តិការសៀងហៃ។
សម្តេចតេជោនាយករដ្ឋមន្ត្រី និង លោកអគ្គលេខាធិការ បានពិភាក្សា និងធ្វើការប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និង SCO៕