(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក Yoon Suk Yeol ប្រធានាធិបតីកូរ៉េខាងត្បូង បានបង្ហាញសុទិដ្ឋនិយមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដែលនឹងចូលជាធរមាននៅដើមខែក្រោយនេះ ក្រោយការផ្តល់សច្ចាប័នដោយរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ នឹងធ្វើឱ្យកើនឡើងយ៉ាងខ្លាំងនូវទំហំពាណិជ្ជកម្មទេ្វភាគី។

ការបង្ហាញសុទិដ្ឋនិយមរួមគ្នារបស់មេដឹកនាំកំពូលទាំងពីរ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

«សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និង ឯកឧត្តមប្រធានាធិបតី Yoon បានសាទរចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការកើនឡើងនូវការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ហើយនិងមានសុទិដ្ឋិនិយមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលនឹងចូលជាធរមាននៅដើមខែក្រោយនេះ ក្រោយការផ្តល់សច្ចាប័នដោយរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ នឹងធ្វើឱ្យកើនឡើងយ៉ាងខ្លាំងនូវទំហំពាណិជ្ជកម្មទេ្វភាគី»។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស។

លោកប្រធានាធិបតី Yoon បានសម្តែងនូវសុទិដ្ឋិនិយមថា កិច្ចព្រមព្រៀងចៀសវាងការយកពន្ធត្រួតគ្នា ដែលមានប្រសិទ្ធភាពអនុវត្តចាប់តាំងពីខែមករា ឆ្នាំ២០២២ នឹងជំរុញឱ្យមានការវិនិយោគរបស់កូរ៉េច្រើនថែមទៀតនៅកម្ពុជា។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ CKFTA ជាគំនិតផ្តួចផ្តើមរបស់សម្តេច​តេជោ ហ៊ុន សែន ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក MOON Jae-In ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េមកកាន់​កម្ពុជា កាលពីខែមីនា ឆ្នាំ២០១៩ កន្លងទៅ សំដៅពង្រឹង និងពង្រីកចំណងមិត្តភាព សេដ្ឋកិច្ច និងពាណិជ្ជកម្មនៃប្រទេសទាំងពីរ។

កិច្ចព្រមព្រៀង CKFTA ត្រូវបានប្រកាសបើកការចរចាជាផ្លូវការ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ តាមរយៈប្រព័ន្ធវីដេអូ ដោយរដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេសទាំងពីរ និងឆ្លងកាត់ការចរចាសរុបចំនួន១២លើក មុននឹងឈានមកដល់ការចុះហត្ថលេខា​លើកិច្ចព្រមព្រៀងនេះជាផ្លូវការ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១។ កិច្ចព្រមព្រៀងនេះ ត្រូវបានរដ្ឋសភាកូរ៉េផ្តល់សច្ចាប័ន​ កាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២២។

ក្នុងជំនួបដដែលនេះ ថ្នាក់ដឹកនាំទាំងពីរ បានកត់សម្គាល់ដោយរីករាយចំពោះការកើនឡើងនូវការវិនិយោគរបស់សាធារណរដ្ឋកូរ៉េ ដែលធ្វើឱ្យកូរ៉េឈរនៅលេខរៀងទី២ ក្នុងចំណោមដៃគូវិនិយោគធំៗរបស់កម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្នើដល់ លោកប្រធានាធិបតី Yoon ឱ្យលើកទឹកចិត្តជំរុញការ វិនិយោគរបស់កូរ៉េកាន់តែច្រើនថែមទៀតនៅកម្ពុជា។ លោកប្រធានាធិបតី Yoon បានគូសបញ្ជាក់អំពីការគាំទ្ររបស់រដ្ឋាភិបាលកូរ៉េ ចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាមួយភាគីកម្ពុជា ជាពិសេសលើការអភិវឌ្ឍសេដ្ឋកិច្ចផងដែរ៕