(ភ្នំពេញ)៖ លោក គង់ ភោគ អ្នកនាំពាក្យផ្លូវការកិច្ចប្រជុំកំពូលអាស៊ាន បានឲ្យដឹងថា កៅអី និងទង់ជាតិរបស់មីយ៉ាន់ម៉ា នៅតែបន្ដរក្សាសម្រាប់កិច្ចប្រជុំកំពូលអាស៊ានមួយនេះ ប៉ុន្ដែមីយ៉ាន់ម៉ាខ្លួនឯងទៅវិញទេ ដែលមិនបានបញ្ជូនតំណាងមិនមែននយោបាយមកចូលរួមតាមការអញ្ជើញរបស់ប្រធានអាស៊ាន។

ក្នុងសន្និសីទសារព័ត៌មាន បង្ហាញពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅសណ្ឋាគារសុខា នាល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក គង់ ភោគ បានបញ្ជាក់ថា បើទោះបីមីយ៉ាន់ម៉ា មិនបានបញ្ជូនតំណាងមិននយោបាយមកចូលរួមយ៉ាងណាក្ដី តែការសម្រេចនានារបស់អាស៊ាន គឺនៅបន្ដអាចធ្វើទៅបានតាមកុងសងស៉ីសដដែល ពោលការមិនមកចូលរួមនេះ ជាការបោះបង់សិទ្ធិរបស់មីយ៉ាន់ម៉ាខ្លួនឯង។

លោក គង់ ភោគ បានបញ្ជាក់យ៉ាងដូច្នេះថា «យើងមិនមែនមិនអញ្ជើញទេ ប៉ុន្ដែគ្រាន់តែយើងអញ្ជើញតំណាងមិននយោបាយ គាត់សម្រេចថាគាត់មិនមក ដូច្នេះយើងនៅតែរក្សាកៅអី និងទង់ជាតិរបស់មីយ៉ាន់ម៉ានៅទីនោះ ហើយការសម្រេចិត្ត យើងគិតថាជាការសម្រេចិត្តតាមរយៈកុងសងស៉ីស។ បើយើងមិនអញ្ជើញ មិនមែនកុងសងស៉ីសទេ បានន័យថា យើងដកគាត់ចេញពីកិច្ចប្រជុំមួយនេះហើយ»

អ្នកនាំពាក្យរូបនេះ គូសបញ្ជាក់ផងដែរថា នៅក្នុងកិច្ចប្រជុំឧត្តមមន្ដ្រី គឺមីយ៉ាន់ម៉ាគាត់ចូលរួម ដូច្នេះមានន័យថា មីយ៉ាន់ម៉ាបានបញ្ជូននូវការយល់ឃើញ ការព្រួយបារម្ភ ឬធាតុចូលរបស់ខ្លួនទៅលើឯកសារជាច្រើនរួចមកហើយ។ ជារួមមកដល់ពេលនេះ គឺមីយ៉ាន់ម៉ាបន្ដសហការផ្ដល់ភាពងាយស្រួលដល់ប្រទេសសមាជិក គ្រាន់តែថាពេលខ្លះមានបញ្ហាមួយចំនួន ដែលត្រូវការស្វែងរកដំណោះស្រាយរួម ឬរកចំណុចមួយដែលអាចយល់ស្របជាមួយគ្នាបាន ដើម្បីធ្វើយ៉ាងណាឲ្យការសម្រេចចិត្តធ្វើដំណើរទៅមុខ ដោយមិនមានផលប៉ះពាល់។

បើតាមលោក គង់ ភោគ ជំហររបស់អាស៊ានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយណា ដែលមានរូបភាពជាអំពើហិង្សា ហើយនេះក៏ស្ដែងចេញតាមរយៈសេចក្ដីថ្លែងការណ៍របស់ប្រធានអាស៊ាន តាំងពីដើមឆ្នាំ២០២២មកម្ល៉េះ។ ទន្ទឹមគ្នានេះ អាស៊ានក៏បានជំរុញឲ្យភាគីទាំងអស់អនុវត្តការអត់ធ្មត់ចៀសវាងការប្រើប្រាស់កម្លាំង។

គួរជម្រាបថា នៅក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ ប្រមុខដឹកនាំអាស៊ានទាំងអស់ បានវាយតម្លៃ និងចេញសេចក្តីសម្រេចចិត្តរបស់ខ្លួន ស្តីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច របស់មីយ៉ាន់ម៉ា។ មេដឹកនាំអាស៊ាន បានបញ្ជាក់ជាថ្មីថា មីយ៉ានម៉ានៅតែជាផ្នែកដ៏សំខាន់របស់អាស៊ាន ហើយបានពិចារណាលើមាត្រា៧ និង២០ នៃធម្មនុញ្ញអាស៊ាន និងបានរំលឹកឡើងវិញនូវកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៨ និង៣៩ កន្លងមក។

មេដឹកនាំអាស៊ាន យល់ឃើញថា ស្ថានការណ៍នៅមីយ៉ាន់ម៉ានៅតែធ្ងន់ធ្ងរ និងមានភាពផុយស្រួយ ជាមួយនឹងការកើនឡើងនៃអំពើហិង្សា ដែលជាកង្វល់ចម្បងប៉ះពាល់មិនត្រឹមតែមីយ៉ាន់ម៉ាប៉ុណ្ណោះទេ ថែមទាំងដល់កិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ានផងដែរនោះ អាស៊ានប្ដេជ្ញាចិត្តជួយមីយ៉ាន់ម៉ា ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី និងយូរអង្វែងសម្រាប់វិបត្តិបច្ចុប្បន្ន។

ជាមួយនឹងភាពជឿនលឿនតិចតួច ដែលសម្រេចបានក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច កងទ័ពជាតិមីយ៉ាន់ម៉ាមានតួនាទីក្នុងការអនុវត្តតាមការប្តេជ្ញាចិត្តចំពោះថ្នាក់ដឹកនាំ អាស៊ាន។

អាស៊ានបានទទូចឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្ធូរបន្ថយភាពតានតឹង និងអត់ធ្មត់ជាអតិបរមា ហើយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលកាន់អាវុធ គួរតែទទួលខុសត្រូវដោយតម្លាភាព និងត្រូវបានថ្កោលទោសចំពោះអំពើហិង្សា ដោយកត់សម្គាល់ថា កងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា គឺជាកម្លាំងយោធាដ៏ធំបំផុតតែមួយគត់នៅក្នុងមីយ៉ាន់ម៉ា៕