(ភ្នំពេញ)៖ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រុមកម្ពុជាយើងដែលមានសិស្សឆ្នើមមកពីវិទ្យាល័យ AUPP ចំនួន៣រូប នឹងចូលរួមកម្មវិធីប្រកួតមនុស្សយន្តអូឡាំព្យាដពិភពលោក (World Robot Olympiad) នៅប្រទេសអាល្លឺម៉ង់ បន្ទាប់ពីទទួលបានជោគជ័យក្នុងការប្រកួតថ្នាក់ជាតិនៅកម្ពុជា ដែលបានបញ្ចប់កាលពីខែតុលា ឆ្នាំ២០២២ កន្លងមក។
មនុស្សយន្តដែលក្រុមកម្ពុជាយកទៅចូលរួមប្រកួតនេះ បានប្រើប្រាស់កម្មវិធីបញ្ញាសិប្បនិម្មិត (Artificial Intelligence) សម្រាប់បញ្ជាតាមរយៈសម្លែង ឬកាយវិការ ហើយមានមុខងារអាចបញ្ជូនដំណឹងពីសុវត្ថិភាព សំអាតផ្ទះ បញ្ជានិងគ្រប់គ្រងបរិក្ខារអគ្គិសនីក្នុងផ្ទះ ធ្វើបដិសណ្ឋារកិច្ច និងអាចសន្ទនាជាមនុស្សបាន។
ដើម្បីជាការលើកទឹកចិត្ត ក្រសួងប្រៃណីយ៍និងទូរគមនាគមន៍បានឧបត្ថមសិស្សកម្ពុជា ដែលនឹងចូលរួមការប្រកួតនេះ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១៧-១៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុង Dortmund ប្រទេសអាល្លឺម៉ង់។
កម្មវិធីនេះ មានការចូលរួមពី៣៦៥ក្រុមមកពី៧៣ប្រទេស ហេីយនឹងផ្សាយផ្ទាល់ Online តាមរយៈតំណភ្ជាប់ www.wro.live ៕