(ភ្នំពេញ)៖ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅថ្ងៃទី១១​ ខែវិច្ឆិកា ឆ្នាំ២០២២នេះ មេដឹកនាំអាស៊ានទាំងអស់ បានគាំទ្រចំពោះការតែងតាំង លោកបណ្ឌិត កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ត្រូវបានប្រកាសតែងតាំង អគ្គលេខាធិការអាស៊ាន។ នេះបើតាមការបញ្ជាក់របស់ លោក គង់ ភោគ អ្នកនាំពាក្យកិច្ចប្រជុំអាស៊ាន។

លោកបានបញ្ជាក់ដូច្នេះថា៖ «ថ្នាក់ដឹកនាំអាស៊ាន ក៏បានគាំទ្រ និងឯកភាព លើការតែងតាំងឯកឧត្តមបណ្ឌិត កៅ គឹមហួន ចំណុចនេះខ្ញុំបានបញ្ជាក់រួចហើយ ប៉ុន្តែថ្ងៃនេះថ្នាក់ដឹកនាំអាស៊ានរបស់យើង ក៏បានបង្ហាញជាថ្មីម្តងទៀតនូវការគាំទ្រ ក៏ដូចជាការសហការ ដើម្បីធ្វើយ៉ាងណាឱ្យអគ្គលេខាធិការថ្មីមានលទ្ធភាពបំពេញតួនាទីខ្លួនមានប្រសិទ្ធភាព»

លោកបណ្ឌិត កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ត្រូវបានប្រកាសតែងតាំង អគ្គលេខាធិការអាស៊ាន ចាប់ពីឆ្នាំ២០២៣ ខាងមុខនេះ។ ការតែងតាំងនេះ បានធ្វើឡើង នៅក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កាលពីខែសីហា ឆ្នាំ២០២២ កន្លងទៅ។

លោកបណ្ឌិត កៅ គឹមហួន ជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស៣នាក់ ដែលរាជរដ្ឋាភិបាលកម្ពុជា ស្នើធ្វើជាអគ្គលេខាធិការអាស៊ាន ឆ្នាំ២០២៣ នៅពេលដែលដល់វេនប្រទេសកម្ពុជា។ នេះជាលើកទី១ហើយ ដែលកម្ពុជាមានឱកាសធ្វើជា អគ្គលេខាធិការអាស៊ាន បន្ទាប់ពីកម្ពុជាបានចូលជាសមាជិកអាស៊ាន កាលពីឆ្នាំ១៩៩៩។

តាមមាត្រា ១១ នៃធម្មនុញ្ញអាស៊ានបានឱ្យដឹងថា អគ្គលេខាធិការអាស៊ាន នឹងត្រូវបានតែងតាំងជាផ្លូវការ ដោយកិច្ចប្រជុំកំពូលអាស៊ាន សម្រាប់អាណត្តិប្រាំឆ្នាំ ដែលអាណត្តិនេះមិនអាចបន្តទៀតបានទេ ហើយត្រូវជ្រើសរើសចេញពីក្នុងចំណោមជនជាតិនៃ រដ្ឋសមាជិកអាស៊ាន ផ្អែកទៅលើការប្ដូរវេនគ្នាតាមលំដាប់អក្ខរក្រមនៃឈ្មោះរដ្ឋសមាជិក ដោយពិចារណាល្អិតល្អន់ទៅលើសុច្ចរិតធម៌ សមត្ថភាព បទពិសោធន៍វិជ្ជាជីវៈ និងសមភាពយេនឌ័រ៕