(ភ្នំពេញ)៖ លោក គង់ ភោគ អ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ាន បានលើកឡើងថា ការសម្រេចជាគោលការណ៍ឱ្យប្រទេសទីម័រឡេស្តេ ចូលជាសមាជិកទី១១ របស់អាស៊ាន ស្តែងឱ្យឃើញពីជោគជ័យនៃកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងនាមប្រធានអាស៊ាន នៅឆ្នាំ២០២២នេះ។

ក្នុងសន្និសីទសារព័ត៌មាន បង្ហាញពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅសណ្ឋាគារសុខា នៅយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ លោក គង់ ភោគ បានឱ្យដឹងថា នៅគ្រប់វេទិកាទាំងអស់ទាំងវេទិកាតំបន់ ទាំងជំនួបទ្វេភាគី ថ្នាក់ដឹកនាំរបស់កម្ពុជា ជាពិសេស សម្តេចតេជោ ហ៊ុន សែន តែងតែលើកយកសំណើរបស់ទីម័រ ដើម្បីជំរុញឱ្យបណ្តាប្រទេសសមាជិកអាស៊ានផ្សេងទៀត ជួយសម្របសម្រួល ផ្តល់លទ្ធភាព ដើម្បីធ្វើយ៉ាងណាឱ្យទីម័រឡេស្តេ ចូលជាសមាជិករបស់អាស៊ានឱ្យបានឆាប់។

«ពីព្រោះកម្ពុជា បានមើលឃើញពីសក្តានុពល ដែលប្រទេសទ័ម័រខាងកើត អាចនឹងចូលរួមចំណែកក្នុងនាមជាសមាជិកមួយ ប៉ុន្តែក៏ជាតួនាទី ភារកិច្ច ដែលកម្ពុជាអាចធ្វើចំពោះប្រទេសមួយទៀត ដែលនៅក្នុងទីតាំងភូមិសាស្ត្ររួមជាមួយយើងផងដែរ»។ នេះជាការបញ្ជាក់របស់ លោក គង់ ភោគ។

អ្នកនាំពាក្យលើកឡើងយ៉ាងដូច្នេះថា៖ «ចំណុចទាំងអស់នេះ គឺយើងអាចមើលឃើញយ៉ាងច្បាស់ពីការខិតខំប្រឹងប្រែងរបស់យើងក្នុងជំរុញ សម្របសម្រួលក៏ដូចជាជួយទៅដល់ប្រទេសទីម័រខាងកើត ធ្វើយ៉ាងគាត់អាចមានលទ្ធភាព ដើម្បីចូលជាសមាជិកអាស៊ាន បានទាន់ពេលវេលា»

ប្រមុខដឹកនាំអាស៊ាន នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានសម្រេចជាគោលការណ៍ឱ្យ ប្រទេសទីម័រឡេស្តេ ឱ្យចូលរួមជាសមាជិកទី១១ របស់អាស៊ាន។ មេដឹកនាំអាស៊ានក៏បាន ផ្តល់ឋានៈជាប្រទេសសង្កេតការណ៍ដល់ទីម័រឡេស្តេ និងអនុញ្ញាតឱ្យទីម័រឡេស្តេចូលរួមក្នុងកិច្ចប្រជុំអាស៊ានទាំងអស់ រួមបញ្ចូលទាំងសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលអាស៊ានផងដែរ។

លោក គង់ ភោគ បានបន្តថា «ជាការពិតណាស់ ពាក់ព័ន្ធនឹងការសម្រេចរបស់អាស៊ាន គឺពឹងផ្អែកលើកុងសង់ស៉ីស គឺយើងត្រូវការសំលេងគាំទ្រទាំងអស់ បើមានសំលេងមិនគាំទ្រតែមួយ ក៏យើងមិនអាចបញ្ចប់ដំណើរការសម្រេចចិត្តមួយនេះបានដែរ ក៏ប៉ុន្តែបើទោះបីជានៅក្នុងស្ថានភាពនេះក៏ដោយ ក៏យើងនៅតែបន្តជំរុលើកទឹកចិត្តផ្តល់គ្រប់ទឡ្ហីករណ៍ទាំងអស់ ដើម្បីធ្វើយ៉ាងណាឱ្យទីម័រខាងកើត ក្លាយជាសមាជិកអាស៊ាន ឱ្យបានឆាប់ដែលអាចធ្វើទៅបាន»

ទោះជាយ៉ាងនេះក្តី បើតាម លោក គង់ ភោគ, ទីម័រឡេស្តេ ត្រូវការបំពេញដំណើរការមួយចំនួនទៀត ដើម្បីទទួលបានភាពជាសមាជិកពេញសិទ្ធិរបស់អាស៊ាន ដែលនឹងអនុម័តក្នុងកិច្ចប្រជុំកំពូលណាមួយខាងមុខ៕