(ភ្នំពេញ)៖ លោក គង់ ភោគ អ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ាន បានអះអាងថា បញ្ហាសមុទ្រចិនខាងត្បូង មិនមែនជារបៀបវារៈក្តៅ សម្រាប់កិច្ចប្រជុំអាស៊ាន ក្នុងពេលនេះឡើយ ដោយសារប៉ុន្ម​ានឆ្នាំមកនេះ បញ្ហាសមុទ្រចិនខាងត្បូង មានសភាពស្ងប់ស្ងាត់។

លោក គង់ ភោគ បានបញ្ជាក់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន អំពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានធ្វើឡើងនៅរាជធានីភ្នំពេញ​ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

«បញ្ហាសមុទ្រចិនខាងត្បូង នៅតែជាបញ្ហាសំខាន់មួយនៅក្នុងតំបន់ ខ្ញុំក៏ចង់បញ្ជាក់ដែរថា ប៉ុន្មានឆ្នាំនេះសមុទ្រចិនខាងត្បូងស្ងប់ស្ងាត់ទេ មិនមានជម្លោះអីទេ មានការខ្វែងគំនិតគ្នា ឬមួយក៏អ្វី ប៉ុន្តែក៏តិចតួច មិននាំដល់ការប៉ះទង្គិចគ្នានោះដែរ»។ នេះជាការបញ្ជាក់របស់ អ្នកនាំពាក្យ។

បញ្ហាសមុទ្រចិនខាងត្បូង បានក្លាយជាជម្លោះដណ្តើមដែនទឹកដ៏រ៉ាំរ៉ៃរាប់សិបឆ្នាំរវាងប្រទេសមហាអំណាចចិន និងប្រទេសអាស៊ានចំនួន៤ ក្នុងនោះមានឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម។ ជម្លោះនេះបានថមថយ បន្ទាប់ពីបញ្ហាតំបន់ សង្គ្រាមរុស្ស៉ី-អ៊ុយក្រែន ចាប់ផ្តើមផ្ទុះឡើង។

ដើម្បីដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូង កាលពីឆ្នាំ២០០២ ខណៈដែលកម្ពុជាធ្វើជាប្រធានអាស៊ាន លើកដំបូង អាស៊ាន-ចិន បានចេញសេចក្តីថ្លែងការណ៍ក្រមប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង (DOC) ខណៈប្រទេសទាំងអស់ កំពុងខិតខំជំរុញឱ្យមានសេចក្តីថ្លែងការណ៍ស្តីពីក្រមប្រតិបត្តិស្តីពីសមុទ្រចិនខាងត្បូង (COC) មួយដែលអាចទទួលយកបាន ដើម្បីបញ្ចប់ជម្លោះទាំងស្រុងផងដែរ។

លោក គង់ ភោគ បានអះអាងថា កន្លងមកនេះ ភាគីពាក់ព័ន្ធបាន​ព្យាយាមសហការគ្នាទៅលើអ្វីដែលអាចសហការគ្នាបាន។ បភាគីពាក់ព័ន្ធទាំងអស់ ក៏បានយល់ថា បញ្ហាសមុទ្រចិនខាងត្បូង ត្រូវការពេលវេលាដែលត្រូវដោះស្រាយ។

ពាក់ព័ន្ធនឹង COC អ្នកនាំពាក្យរូបនេះ បានអះអាងថា កម្ពុជាក៏បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញពន្លឿន ធ្វើយ៉ាងណាឱ្យការចរចារបស់ភាគីពាក់ព័ន្ធបានចប់សព្វគ្រប់ ខណៈដែលពង្រៀង COC បានចាប់ផ្តើមតាំងពីឆ្នាំ២០១៨ មកម្ល៉េះ៕