(ភ្នំពេញ)៖ លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងជាអ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ាន បានបញ្ជាក់ពីមូលហេតុ ដែលប្រមុខដឹកនាំនៃបណ្តាប្រទេសអាស៊ានទាំងអស់ នៅពេលថតរូបជុំគ្នា មិនមានការព័ន្ធដៃគ្នាដូចមុនៗ តែបែរជាលើដៃស្តាំបង្ហាញបាតដៃម្រាមប្រាំទៅវិញ។
លោក គង់ ភោគ បញ្ជាក់ថា ការសម្រេចយកជម្រើសមិនកៀកដៃគ្នា មកជាលើកបាតដៃនេះ មានមូលហេតុតែមួយគត់ គឺបង្ហាញកូវីដ១៩ ត្រូវការកាត់បន្ថយការប៉ះពាល់គ្នា។
លោកបញ្ជាក់ថា ការសម្រេចយកជម្រើសលើកដៃនេះ ធ្លាប់បានប្រើប្រាស់កិច្ចប្រជុំផ្ទាល់ពីមុនមកដែរ ក្នុងពេលមានការរីករាលដាល ជំងឺកូវីដ១៩ ។
ការបញ្ជាក់របស់អ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ាន ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន បង្ហាញពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅសណ្ឋាគារសុខា ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។
លោកបញ្ជាក់យ៉ាងដូច្នេះថា «ដោយសារតែរឿងកូវីដ យើងជៀសវាង តាមដែលអាចធ្វើទៅបាន ការប៉ះពាល់ ដូច្នេះក៏យើងរើសយកជម្រើសមួយនេះ អត់មានអ្វីប្រែប្រួលទេ គឺដោយសាររឿងកូវីដប៉ុណ្ណោះ។ ការលើកដៃនេះក៏ធ្លាប់ធ្វើម្តងម្តាលហើយ កាលពីពេលដែលមានការប្រជុំដោយផ្ទាល់ខ្លះ នៅពេលចំនួនករណីនៅខ្ពស់នៅឡើយ។ ថ្វីត្បិតតែកម្ពុជា យើងមិនមានបញ្ហាកូវីដ និងមិនមែនជារឿងគួរឲ្យព្រួយបារម្ភ ប៉ុន្តែបញ្ហាសុខុមាលភាព របស់ភ្ញៀវយើងជារឿងសំខាន់បំផុត យើងចង់ឲ្យគាត់មកដល់ចូលរួមប្រជុំ ត្រឡប់ទៅវិញដោយគ្មានកូវីដ»៕