(កំពង់ស្ពឺ)៖ ដោយអារម្មណ៍ក្តុកក្តួល​ និងក្តីអាណិតអាសូរយ៉ាងពន់ពេកនោះ​ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់លោកស្រី​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១​ កាកបាទក្រហមកម្ពុជា​ រួមជាមួយសាខាកាកបាទក្រហមកម្ពុជា​ ខេត្តកំពង់ស្ពឺ​ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជាគ្រឿងឧបភោគបរិភោគ​ ភេសជ្ជៈ​ និងថវិកាមួយចំនួន ជូនដល់លោកយាយ​ ស៊ុម​ នឹម អាយុ​ ៨៦ឆ្នាំ​ មានជំងឺប្រចាំកាយ​ និងលោកតា​ ពេជ្រ​ ធន់ អាយុ​ ៨៤ឆ្នាំ​ ពិការភ្នែកដើរពុំរួច​ ដែលត្រូវជាប្តីប្រពន្ធនឹងគ្នា​រស់នៅជាមួយគ្នាយ៉ាងលំបាក។

ចំណែកកូនស្រីរបស់លោកតា លោកយាយ ​ជាស្ត្រីមេម៉ាយ​កូន​ ៥នាក់ មិនទាន់ស្វែងរកការងារធ្វើបាននៅឡើយបន្ទាប់ពីវិបត្តិកូវីដ-១៩។ បច្ចុប្បន្នគ្រួសារខាងលើនេះ រស់នៅភូមិអន្លង់គង់ ឃុំត្រពាំងគង​ ស្រុកសំរោងទង​ ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនោះ លោកស្រីអគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា​ បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ​ និងការគិតគូរពីជីវភាពរស់នៅរបស់លោកយាយលោកតា។

លោកស្រី​បានជម្រាបជូនលោកយាយលោកតាផងដែរថា​​ «សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ តែងតែតាមដានជាប់ជានិច្ចពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ​ ហើយបន្ទាប់ពីបានឃើញព័ត៌មានអំពីករណីដ៏លំបាកមួយនេះ​ សម្តេចមានអារម្មណ៍ក្តុកក្តួល​ និងក្តីអាណិតអាសូរ​យ៉ាងក្រៃលែង ហើយបានចាត់ឱ្យក្រុមការងារចុះភ្លាមៗដើម្បីជួយសម្រាលការលំបាកក្នុងជីវភាព​ និងជាការលើកទឹកចិត្តដល់លោកយាយលោកតា»

លោកស្រី​ក៏បានផ្តាំផ្ញើឱ្យស្ត្រីមេម៉ាយ​ ដែលត្រូវជាកូនស្រី​ ត្រូវបន្តមើលថែទាំលោកយាយលោកតា​ លើកទឹកចិត្តជំរុញពួកគាត់ទៅព្យាបាលជំងឺនៅមន្ទីរពេទ្យ ហើយត្រូវរស់នៅមានអនាម័យ​ស្អាត​ ពិសាទឹកដាំឆ្អិន​ សម្អាតបរិស្ថានជុំវិញផ្ទះ​ ជាពិសេសត្រូវជំរុញកូនៗឱ្យបានទៅសិក្សារៀនសូត្រដើម្បីអនាគតរុងរឿង។

​លោកយាយលោកតា​ និងកូនស្រី​ មានក្តីរំភើបរីករាយឥតឧបមា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានយកចិត្តទុកដាក់​ គិតគូរ និងលើកទឹកចិត្តឱ្យមានក្តីសង្ឃឹមតទៅមុខទៀត រួមជាមួយអំណោយមនុស្សធម៌ជួយសម្រាលការលំបាកទៀតផង។

សូមបញ្ជាក់ថា​ អំណោយផ្តល់ជូនលោកយាយលោកតា​ រួមមាន​៖ អង្ករ​ មី​ ត្រីខ​ ទឹកស៊ីវអ៊ីវ​ ទឹកដោះគោ​ ទឹកត្រចៀកកាំ​​ ប្រេងខ្យល់​ អាហារបំប៉ន​ មុង​ ភួយ​ សារុង​ ក្រមា​ និងថវិកាមួយចំនួន។ សាខាកាកបាទក្រហមកម្ពុជា​ខេត្តកំពង់ស្ពឺ​ ក៏បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ​ និងសម្ភារៈប្រើប្រាស់មួយចំនួនផងដែរ។ ដោយឡែក​ កាកបាទក្រហមកម្ពុជា​ ក៏បានឧបត្ថម្ភដល់​ស្ត្រីមេម៉ាយ​ ដែលត្រូវជាកូនស្រីរបស់លោកយាយលោកតាខាងលើនេះ រួមមាន​៖ អង្ករ​ មី​ ត្រីខ​ ទឹកស៊ីអ៉ីវ​ មុង​ ភួយ​ សារុង​ ក្រមា​ និងថវិកាចំនួន​ផងដែរ។

ក្នុងឱកាសនោះ ចាស់ឥតទីពឹង និងអ្នកងាយរងគ្រោះបំផុតចំនួន ២៩គ្រួសារ ដែលរស់នៅក្នុងភូមិឃុំខាងលើ ក៏ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជាផងដែរ ដោយគ្រួសារនីមួយៗទទួលបានអង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ១យួរ, ជែលលាងដៃ ១ដប, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ និងថវិកាមួយចំនួន៕