(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ក្នុងរយៈពេលមធ្យម និងវែងខាងមុខ និងជាផ្នែកមួយនៃផែនការស្តារសេដ្ឋកិច្ចឡើងវិញ, រាជរដ្ឋាភិបាលបានចាត់ទុកការជំរុញឌីជីថលូបនីយកម្ម និងបរិវត្តកម្មឌីជីថល ជាប្រភពនៃកំណើនថ្មី ហើយបាន និងកំពុងជំរុញការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីបង្កើនផលិតភាពជាតិ ក្នុងគោលដៅទ្រទ្រង់កំណើន ប្រកបដោយចីរភាព និងកាន់តែមានពិពិធកម្មជាងមុន ក៏ដូចជាដើម្បីកសាងសង្គម-សេដ្ឋកិច្ច ប្រកបដោយភាពធន់។

លោក វង្សី វិស្សុត បានលើកឡើងដូចនេះ ក្នុងឱកាសដែលលោកបានអញ្ជើញចូលរួមផ្តល់សុន្ទរកថាគន្លឹះ នៅក្នុងកិច្ចពិភាក្សាតុមូលរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន (ASEAN Economic Ministerial Roundtable) ដែលត្រូវបានរៀបចំឡើងដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ត ក្រោមប្រធានបទ «ការស្តារសេដ្ឋកិច្ច និងសមាហរណកម្មសេដ្ឋកិច្ចឌីជីថលអាស៊ាន» ក្រោមអធិបតីភាពកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ត កាលពីរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក វង្សី វិស្សុត បានបន្តថា ក្នុងគោលដៅនេះហើយ ទើបរាជរដ្ឋាភិបាលបានរៀបចំ និងដាក់ឱ្យអនុវត្ត ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១-២០៣៥ ក្នុងគោលបំណងកសាង សេដ្ឋកិច្ចឌីជីថល និងសង្គមដ៏រស់រវើក ដើម្បីពន្លឿនកំណើនសេដ្ឋកិច្ចថ្មី និងកែលម្អសុខុមាលភាពសង្គម តាមរយៈការកសាងសរស្តម្ភចំនួន ៣ គឺ៖ (១).ពលរដ្ឋឌីជីថល (២).រដ្ឋាភិបាលឌីជីថល និង (៣).អាជីវកម្មឌីជីថល និង ទ្រទ្រង់ដោយមូលដ្ឋានគ្រឹះចំនួន ២ គឺ៖ (១).ការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និង (២).ការកសាងទំនុកចិត្ត និងភាពជឿជាក់នៃឌីជីថល។

ទន្ទឹមនឹងនេះ ដើម្បីគាំទ្រដល់ការអនុវត្តក្របខ័ណ្ឌគោលនយោបាយខាងលើ រាជរដ្ឋាភិបាលទើបតែប្រកាសដាក់ឱ្យអនុវត្តនូវ គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ឆ្នាំ២០២២-២០៣៥ ដើម្បីបំពេញបន្ថែម និងជាឯកសារបង្ហាញផ្លូវ ដើម្បីធ្វើឌីជីថលូបនីយកម្មប្រព័ន្ធអភិបាលកិច្ចនៃវិស័យសាធារណៈទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលដៅកសាងរដ្ឋាភិបាលមួយខ្លាំងពូកែ, ឆ្លាតវៃ និងស្អាតស្អំ។

ជាងនេះទៅទៀត ដើម្បីធ្វើឱ្យរដ្ឋាភិបាលក្លាយជាអ្នកនាំមុខក្នុងការធ្វើបរិវត្តកម្មឌីជីថល សម្រាប់ទាក់ទាញការចូលរួមរបស់ពលរដ្ឋ និងវិស័យឯកជន ក្នុងការចាប់យក និងវិនិយោគលើបច្ចេកវិទ្យា, រាជរដ្ឋាភិបាលកំពុងរៀបចំដាក់ចេញនូវវិធានការជាក់លាក់មួយចំនួន ជាមួយនឹងការរៀបចំ កម្មវិធី និងផែនការសកម្មភាពឆ្នាំ២០២៣-២០២៥ ដើម្បីធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងពន្លឿនការចាប់យកបច្ចេកវិទ្យាឌីជីថល សម្រាប់គាំទ្របន្ថែមដល់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងរដ្ឋាភិបាលឌីជីថល ដើម្បីកម្ពុជាអាចសម្រប និងធ្វើសមាហរណកម្មខ្លួន ទៅក្នុងសេដ្ឋកិច្ចឌីជីថលរបស់អាស៊ាន ពិសេសដើម្បីអាចធ្វើឱ្យកម្ពុជា អាចដើរតាមទាន់នឹងបណ្តាប្រទេសក្នុងតំបន់។

លោក វង្សី វិស្សុត ក៏បានលើកឡើងផងដែរថា ជំងឺកូវីដ-១៩ លែងជាបញ្ហាប្រឈមខ្លាំងដូចមុនទៀតហើយ ក៏ប៉ុន្តែពិភពលោក និងតំបន់របស់យើងកំពុងប្រឈមមុខនឹងភាពមិនប្រាកដប្រជាកាន់តែខ្ពស់ជាងមុន ដោយសារហានិភ័យ និងបញ្ហាប្រឈមស្មុគស្មាញ និងចាក់ស្រេះជាច្រើន ដូចជា៖ ការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយ, ការធ្លាក់ចុះនៃសេដ្ឋកិច្ច, ការកើនឡើងអតិផរណា និងកង្វះថាមពល ព្រមទាំងផលប៉ះពាល់កាន់តែធ្ងន់ធ្ងរនៃការប្រែប្រួលអាកាសធាតុ ។ល។

លោកបានបន្តថា ពិតណាស់ គឺយើងកំពុងស្ថិតក្នុងកាលៈទេសៈដ៏លំបាកនេះ តែវាក៏បានផ្តល់ឱកាសដល់យើងមកវិញ ក្នុងការសម្រេចបាននូវការស្តារសេដ្ឋកិច្ចឡើងវិញ ប្រកបដោយចីរភាព ភាពធន់ និងបរិយាប័ន្ន ក្នុងតំបន់ និងតាមបណ្តាប្រទេសនីមួយៗផងដែរ។

លោកបានលើកឡើងផងដែរថា បច្ចេកវិទ្យាឌីជីថលបានរីកចម្រើនយ៉ាងឆាប់រហ័ស និងបានក្លាយជាកត្តាគន្លឹះក្នុងការលើកកម្ពស់ការតភ្ជាប់សង្គម និងសេដ្ឋកិច្ចពិភពលោក ហើយបានធ្វើឱ្យយើងកាន់តែខិតជិតគ្នា និងមានការពឹងផ្អែកគ្នាទៅវិញទៅមក។ និយាយជារួម វិស័យបច្ចេកវិទ្យា ពិសេសបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT) និងបច្ចេកវិទ្យាឌីជីថល បានជះឥទ្ធិពលមកលើស្ទើរគ្រប់ផ្នែកទាំងអស់ នៃសង្គម-សេដ្ឋកិច្ចរបស់យើង ដោយបាន៖ (១). កែប្រែរបៀបនៃការធ្វើអាជីវកម្ម ឬម៉ូដែលអាជីវកម្ម (២). ផ្លាស់ប្តូររបៀបរបបនៃការរស់នៅ និង ទម្លាប់ប្រចាំថ្ងៃរបស់យើង ក្នុងការទំនាក់ទំនង, ការស្វែងរកការងារ ក៏ដូចជាប្រសិទ្ធភាពការងារ និង (៣). លើកកម្ពស់ការផ្តល់សេវាសាធារណៈរបស់រដ្ឋាភិបាល ទាំងវិសាលភាព និងគុណភាព។

លោកបានបន្តថា តំបន់អាស៊ានរបស់យើង គឺជាតំបន់មួយក្នុងចំណោមតំបន់ ដែលមានការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និង ICT លឿនបំផុត។ ជាក់ស្តែងទំហំសេដ្ឋកិច្ចឌីជីថល/អ៊ិនធឺណែត ត្រូវបានវាយតម្លៃថាមានទំហំរហូតទៅដល់ប្រមាណ ១០០ ពាន់លានដុល្លារក្នុងឆ្នាំ២០១៩ និងអាចនឹងឡើងដល់៣០០ ពាន់លានដុល្លារក្នុងឆ្នាំ២០២៥ ។ ចំនួនអ្នកប្រើប្រាស់អ៊ីនធឺណិតថ្មី ក្នុងប្រទេសសមាជិកចំនួន ៦ ដែលមានសេដ្ឋកិច្ចធំជាងគេ បានកើនឡើងចំនួន ៤០លាននាក់ក្នុងឆ្នាំ២០២០។ ប្រការនេះ គូសបញ្ជាក់ពីសក្តានុពល និងសារៈសំខាន់នៃតួនាទីរបស់បច្ចេកវិទ្យាឌីជីថល នៅក្នុងកិច្ចអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ហើយការចាប់យកបច្ចេកវិទ្យា គឺជាកត្តាមិនអាចខ្វះបាន ក្នុងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ប្រកបដោយចីរភាព និងបរិយាប័ន្ន ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត។

លោកក៏បានលើកឡើងដែរថា សេដ្ឋកិច្ចឌីជីថលបាននិងកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស នៅក្នុង ដំណើរការនៃស្តារសេដ្ឋកិច្ចឡើងវិញ។ ការពន្លឿនការចាប់យកបច្ចេកវិទ្យាឌីជីថល ពិសេសបច្ចេកវិទ្យាថ្មី ដែលគាំទ្រ និងទាក់ទងបដិវត្តន៍ឧស្សាហកម្មទី៤ គឺជារបៀបវារៈគោលនយោបាយគន្លឹះរបស់អាស៊ាន។

លោកបានបន្តថា បណ្តាប្រទេសសមាជិកអាស៊ាន ត្រូវជំរុញល្បឿននៃការអភិវឌ្ឍវិស័យឌីជីថល ដើម្បីអាចទាញយកផលប្រយោជន៍ពេញលេញពីសេដ្ឋកិច្ចឌីជីថល ដែលត្រូវបានប៉ាន់ស្មានថា មានទំហំរហូតទៅដល់ ១ ទ្រីលានដុល្លារ នៃតំលៃទំនិញសរុប (GMV) នៅឆ្នាំ២០៣០។ ទន្ទឹមនឹងនេះ ការធ្វើសមាហរណកម្មឌីជីថល គឺជាកត្តាគន្លឹះជួយធ្វើឱ្យអាស៊ាន ក្លាយជាតំបន់ប្រកបដោយភាពទាក់ទាញ និងអាចធ្វើឱ្យអាស៊ានកាន់តែមានសមត្ថភាពប្រកួតប្រជែងនៅក្នុងសេដ្ឋកិច្ចពិភពលោក។ ក្នុងន័យនេះ អាស៊ានមានភាពចាំបាច់ណាស់ ក្នុងការពន្លឿនល្បឿននៃការធ្វើសមាហរណកម្មឌីជីថល ក្នុងចំណោមប្រទេសសមាជិក ដើម្បីកសាងសេដ្ឋកិច្ចឌីជីថលមួយ ប្រកបដោយសមាហរណកម្មក្នុងតំបន់ នៅក្រោមក្របខណ្ឌនៃផែនទីបង្ហាញផ្លូវ Bandar Seri Begawan (BSBR) ដែលជាមូលដ្ឋានគ្រឹះ សម្រាប់ការធ្វើសមាហរណកម្មឌីជីថលក្នុងតំបន់ និងត្រួសត្រាយផ្លូវសម្រាប់ការបង្កើតកិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន (DEFA) ត្រឹមឆ្នាំ២០២៥។

ក្នុងបរិបទនេះ លោក វង្សី វិស្សុត បានលើកឡើងនូវទស្សនៈមួយចំនួន ដើម្បីជំរុញ និងពន្លឿនការសមាហរណកម្មសេដ្ឋកិច្ចឌីជីថលអាស៊ាន ដូចខាងក្រោម៖

១៖ អាស៊ាន ក៏ដូចជាប្រទេសសមាជិកទាំងអស់ គួរតែរៀបចំខ្លួនឱ្យបានល្អ ដើម្បីបំពេញលក្ខខណ្ឌចាំបាច់នានា សម្រាប់យុគសម័យឌីជីថល ក្នុងនោះរួមមាន៖ ការរៀបចំគោលនយោបាយ បទបញ្ញត្តិពាក់ព័ន្ធ ក៏ដូចជាការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងលក្ខខណ្ឌគាំទ្រផ្សេងទៀត ដើម្បីជួយសម្រួលដល់ការងើបឡើងនៃសេដ្ឋកិច្ចឌីជីថល ដែលជាប្រភពដ៏សំខាន់មួយនៃកំណើនក្នុងតំបន់។

២៖ កិច្ចសហប្រតិបត្តិការរវាងស្ថាប័នតាមវិស័យ និងសសរស្តម្ភសហគមន៍អាស៊ាន ត្រូវមានសម្របសម្រួលគ្នាឱ្យកាន់ជិតស្និទ្ធិ និងរួមគ្នាធ្វើការឱ្យកាន់តែស៊ីជម្រៅ ដើម្បីពន្លឿនការធ្វើបរិវត្តកម្មឌីជីថល ដើម្បីជំរុញការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិនៃជំងឺកូវីដ-១៩ និងដើម្បីកសាងភាពធន់តំបន់ក្នុងរយៈពេលវែង ដើម្បីអាចទប់ទល់នឹងនឹងវិបត្តិផ្សេងៗនាពេលអនាគត។

៣៖ ពិតណាស់ថា វាមានភាពចាំបាច់ ក្នុងការបង្កើនចំណាយ លើការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល ប៉ុន្តែទន្ទឹមនេះរដ្ឋាភិបាល ត្រូវតែរក្សាភាពប្រុងប្រយ័ត្នផ្នែកថវិកាផងដែរ។ ដូច្នេះ ជាយុទ្ធសាស្ត្រ យើងគួរតែផ្តោតលើការបង្កើនប្រាក់ចំណូល ពីសេដ្ឋកិច្ចឌីជីថល ហើយរដ្ឋាភិបាលគួរពង្រឹងសមត្ថភាព តាមរយៈកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ ដើម្បីតាមដាន និងកត់ត្រាប្រតិបត្តិការឌីជីថល និងរៀបចំគោលនយោបាយពន្ធ ដែលអាចជឿទុកចិត្តបានសម្រាប់សេដ្ឋកិច្ចឌីជីថល។

៤៖ អាស៊ានគួរតែរួមគ្នាខិតខំកាត់បន្ថយ គម្លាតអភិវឌ្ឍន៍ ក្នុងតំបន់ ។ ក្នុងន័យនេះ អាស៊ានចាំបាច់ ត្រូវបន្តជំរុញការចែករំលែកចំណេះដឹង និងកម្មវិធីពង្រឹងសមត្ថភាពក្នុងចំណោមសមាជិក ដើម្បីបង្កើនការយល់ដឹងកាន់តែស៊ីជម្រៅអំពីសក្តានុពលនៃសេដ្ឋកិច្ចឌីជីថល។

៥៖ ការធ្វើសមាហរណកម្មសេដ្ឋកិច្ចឌីជីថល ចាំបាច់ត្រូវការពង្រឹងការតភ្ជាប់ឌីជីថល ហើយការពិគ្រោះយោបល់ ជាមួយភាគីពាក់ព័ន្ធដូចជា អាជីវកម្ម រួមទាំងសហគ្រាសខ្នាតមីក្រូ សហគ្រាសធុនតូច និងមធ្យម មានសារៈសំខាន់ក្នុងការផ្សារភ្ជាប់គម្លាតឌីជីថលនេះ។ វិធានការមុតស្រួចមួយចំនួន គួរផ្តោតលើ៖ ការពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុ, ការប្រើប្រាស់បច្ចេកវិទ្យាដែលកាត់បន្ថយចំណាយ និងឧបករណ៍អន្តរការី ដូចជាសេវាកម្មទូទាត់ឌីជីថល ជាដើម ។ល។

៦៖ ស្របតាមផែនទីបង្ហាញផ្លូវថ្មីនៃអាស៊ានឆ្នាំ២០២៥ រួមគ្នាឆ្ពោះទៅមុខ, អាស៊ានគួរតែចាប់យក ឱកាសថ្មីៗពីបច្ចេកវិទ្យាឌីជីថល ហើយរៀបចំវិធានការដើម្បីត្រៀមទប់ទល់នឹងហានិភ័យផ្សេងៗ។ ក្រុមការងារតាមវិស័យទាំងអស់ គួរផ្តោតលើនិន្នាការឌីជីថល ហើយបញ្ចូលវាទៅក្នុងផែនការសកម្មភាពយុទ្ធសាស្ត្រ និងកម្មវិធីការងារ ដើម្បីប្រើប្រាស់បច្ចេកវិទ្យាឌីជីថល សម្រាប់ការធ្វើសមាហរណកម្ម និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ជាពិសេសការអភិវឌ្ឍន៍សេដ្ឋកិច្ច។

៧៖ ជំងឺកូវីដ-១៩ បានពន្លឿនការប្រើប្រាស់បច្ចេកវិទ្យាទំនាក់ទំនង នៅក្នុងខ្សែច្រវ៉ាក់តម្លៃសកល។ ដូច្នេះ យើងត្រូវអភិវឌ្ឍន៍ប្រព័ន្ធការទូទាត់តាមអេឡិចត្រូនិក (e-Payments) និង អត្តសញ្ញាណអេឡិចត្រូនិក (e-Ids) ជាដើម -ល- ដើម្បីជួយសហគ្រាសខ្នាតមីក្រូ សហគ្រាសធុនតូច និងមធ្យម (MSMEs)ទទួលយកបច្ចេកវិទ្យាឌីជីថល និងពង្រីកប្រតិបត្តិការរបស់ខ្លួន។ ជាមួយគ្នានេះ យើងត្រូវពង្រឹងជំនាញឌីជីថល និងការអប់រំ ក៏ដូចជាការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុសម្រាប់ MSMEs ដែលកិច្ចការនេះ នឹងមិនត្រឹមតែរួមចំណែកដល់ ការធ្វើសមាហរណកម្មឌីជីថល នៅក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយពួកគេ ឱ្យអាចកសាងភាពធន់ បានទៀតផងដែរ។

៨៖ វិស័យឯកជន ក៏មានតួនាទីរួមចំណែក ក្នុងការធានា និងធ្វើអោយប្រសើរឡើងនូវប្រសិទ្ធភាព និងស័ក្តសិទ្ធភាពនៃការធ្វើ សមាហរណកម្មសេដ្ឋកិច្ចឌីជីថលផងដែរ។ ដូច្នេះហើយ យើងត្រូវបន្តជំរុញឱ្យមានការចូលរួមរបស់វិស័យ ឯកជន តាមរយៈកម្មវិធីកសាងសមត្ថភាព, ការលើកកម្ពស់ការយល់ដឹង និងវេទិកាពិគ្រោះយោបល់ ដើម្បីពិភាក្សា ផ្លាស់ប្តូរយោបល់ និងស្វែងរកបញ្ហាប្រឈម និងឱកាស ហើយបង្កើតនូវយុទ្ធសាស្ត្រ និងសកម្មភាពនានា ក្នុងស្មារតីសម្របសម្រួល និងបំពេញបន្ថែម ដើម្បីសម្រេចបាននូវគោលដៅ រួមនៃការកសាងសេដ្ឋកិច្ចឌីជីថល៕