(កញ្ជរ-ឆ្លូង)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ រួមជាមួយសហការី បានទៅចុះឈ្មោះបោះឆ្នោត នៅភូមិបុស្សខ្នុរ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ កាលពីព្រឹក ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២។
ភូមិបុស្សខ្នុរ គឺជាភូមិទើបបង្កើតថ្មី កាលពីឆ្នាំ២០២១ តាមប្រកាសរបស់ក្រសួងមហាផ្ទៃ លេខ៧៧៣ ប្រក ចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១។ ភូមិនេះមានការិយាល័យបោះឆ្នោតមួយកន្លែង ដែលមានប្រជាជន អាយុ១៨ ឆ្នាំឡើងមាន ៣៣៩នាក់ (ស្រី ១៥៨នាក់)។
ក្នុងភូមិបុស្សខ្នុរនេះមានប្រជាជនរស់នៅ ២០៧គ្រួសារ ដែលមានចំនួនមនុស្ស ៨១៥នាក់ (ស្រី ៣៩០នាក់) ភាគច្រើនជាបងប្អូនប្រជាជនចំណូលស្រុកដែលពីមុនធ្លាប់រស់នៅក្នុងស្រុកភូមិកន្លែងដទៃ ហើយបានផ្លាស់ប្តូរមករស់នៅទីតាំងថ្មីក្នុងភូមិបុស្សខ្នុរនេះ ដើម្បីប្រកបរបរចិញ្ចឹមជីវិតដែលភាគច្រើនជាកសិករ និងជាកម្មករនៅកសិដ្ឋានចំការកៅស៊ូ។
រដ្ឋមន្រ្តី ព្រុំ សុខា បានសម្រេចចិត្តផ្ទេរទីកន្លែងចុះឈ្មោះបោះឆ្នោតទៅភូមិបុស្សខ្នុរ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ ដើម្បីសម្រួលដល់ការបំពេញភារកិច្ចដែលរាជរដ្ឋាភិបាលបានប្រគល់ឱ្យធ្វើជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តក្រចេះ។
បន្ទាប់ពីបានធ្វើការចុះឈ្មោះបោះឆ្នោត ស្របទៅតាមបទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ របស់គណៈកម្មាធិការរៀបចំការបោះឆ្នោត (គ.ជ.ប) រួចមក លោករដ្ឋមន្ត្រី បានឆ្លៀតជួបធ្វើការសំណេះសំណាលជាមួយមន្រ្តីគ្រប់គ្រងភូមិ និងប្រធានក្រុមទាំងអស់ក្នុងភូមិបុស្សខ្នុរនេះផងដែរ៕