(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជូនដំណឹងដល់សាធាណរជនឲ្យបានជ្រាបថា នៅវេលាម៉ោងប្រមាណ៨យប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ មានការបាញ់កាំជ្រួចជាច្រើនគ្រាប់ ដើម្បីអបអរសាទរខួប៦៩ឆ្នាំ នៃការទទួលបានឯករាជ្យពីប្រទេសបារាំង (០៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២២)។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ការបាញ់កាំជ្រួចដើម្បីអបអរសាទរខួប នៃការទទួលបានឯករាជ្យនេះ អាចនឹងត្រូវប្រើប្រាស់រយៈពេលប្រមាណ២៥ ទៅ៣០នាទី ដោយបាញ់ចេញពីផ្ទៃទន្លេចតុមុខផ្ទាល់តែម្ដង។

សូមជម្រាបថា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ គឺជាខួប៦៩ឆ្នាំ ដែលប្រជាជាតិកម្ពុជាទាំងមូល បានរំដោះខ្លួនទាំងស្រុងចេញពីអាណានិគមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំដ៏ក្លៀវខ្លារបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ បន្ទាប់ពីបារាំងដាក់អាណានិគមអស់រយៈពេលប្រមាណ៩០ឆ្នាំ៕