(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ប្រាប់ដល់ប្រជាពលរដ្ឋ និងសាធារណជន ដែលត្រូវពន្យារ និងប្តូរប័ណ្ណបើកបរ ចាប់ពី ថ្ងៃនេះតទៅ អាចអញ្ជើញមកកាន់ការិយាល័យសម្រួលការងារ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានទីតាំងនៅផ្សារអ៊ីអន (AEON Mall)។ សម្តេចតេជោបន្តថា ការិយាល័យសម្រួលការងារ របស់ក្រសួងសាធារណការ និងដឹកជញ្ជូននេះ បើកដំណើរការនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦នេះ។
សម្តេច ហ៊ុន សែន ក៏បានជូនដំណឹង ឲ្យប្រជាពលរដ្ឋដែលត្រូវពន្យារ និងប្តូរប័ណ្ណបើកបរ រួសរាន់មកកាន់ការិយាល័យសម្រួលការងារ របស់ក្រសួងសាធារណការ និងដឹកជញ្ជូននៅផ្សារអ៊ីអន ឲ្យបានឆាប់បំផុតផងដែរ។
យោងតាម Facebook Page ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ដើម្បីសម្រួលសេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋ ឲ្យបានកាន់តែឆាប់រហ័ស ជាពិសេសសេវាតម្រូវការចាំបាច់លើការពន្យារ និងប្តូរប័ណ្ណបើកបរ សូមប្រជាពលរដ្ឋមកកាន់ការិយាល័យសម្រួល ការងាររបស់ ក្រសួង សាធារណការ និងដឹកជញ្ជូន ដែលមានទីតាំងនៅផ្សារអ៊ីអន (AEON Mall) ដែលបើកដំណើរការនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦នេះ»។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា សម្តេចនឹងខិតខំ ដើម្បីប្រជាពលរដ្ឋទូទៅកាន់តែងាយស្រួល ទទួលបាននូវសេវាសាធារណៈទាន់ពេលវេលា ប្រកបដោយ ប្រសិទ្ធិភាពខ្ពស់។
ក្រៅពីនោះសម្តេច ក៏បានស្នើឲ្យក្រសួងទាំងអស់ ត្រូវខិតខំឲ្យបានព្រមគ្នា ស្របទៅតាមគោលការណ៍រដ្ឋាភិបាល អេឡិកត្រូណិក (E-Government) ដែលជាសេចក្តីត្រូវការ ចាំបាច់បំផុត សម្រាប់ប្រជាពលរដ្ឋ និងការអភិវឌ្ឍប្រទេសជាតិទាំងមូល។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែឧសភា កន្លងទៅនេះ ក្រសួងក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកឲ្យដំណើរការសាកល្បងការរៀបចំនិតិវិធីសម្រាប់ ប្រជាលពរដ្ឋ ក្នុងការប្ដូរ និងពន្យារពេលប័ណ្ណបើកបរ នៅផ្សារទំនើបអ៊ីអននៅជាន់ទី១។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ធ្លាប់បានបញ្ជាក់ថា ការបង្កើតកន្លែងប្តូរប័ណ្ណបើកបរនៅផ្សារទំនើបអ៉ីអននេះ ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យកាន់តែ ងាយស្រួល។ ជាពិសេសការបង្កើតទីតាំងប្តូរប័ណ្ណបើកបរនៅអ៊ីអន ជាកិច្ចខិតខំបង្ខិតសេវា ឲ្យទៅកាន់តែជិតប្រជាពលរដ្ឋ ដែលជាផែនការកំណែទម្រង់១០០ថ្ងៃ របស់ក្រសួងសាធារណការ៕