(ភ្នំពេញ)៖ អាស៊ាន-អង្គការសហប្រជាជាតិ នៅម៉ោង ៥៖៣០នាទីល្ងាច ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ លើកទី១២ (12th ASEAN-UN Summit) ដែលរៀបចំដោយកម្ពុជា នៅសណ្ឋាគារសុខាភ្នំពេញ។
កិច្ចប្រជុំនេះ មានសហប្រធាន ២រូប គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ានប្តូរវេន ឆ្នាំ២០២២ និងលោក អាន់តូនីញ៉ូ ហ្គូទែរ៉េស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ។
កិច្ចប្រជុំនេះ ក៏មានការយាង និងអញ្ជើញចូលរួមពីសំណាក់ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រនៃប្រទេសប្រ៊ុយណេដារូសាឡឹម, លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី, លោក លី ស៊ានឡុង នាយករដ្ឋមន្ត្រីសិង្ហបុរី, លោក ប្រាយុទ្ធ ច័ន្ទអូចា នាយករដ្ឋមន្ត្រីថៃ, លោក ផាម មីងជិញ នាយករដ្ឋមន្ត្រីវៀតណាម, លោក ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រីឡាវ, លោក ហ្វេដីណេន ម៉ាកូស ប្រធានាធិបតីហ្វីលីពិន និងលោក លោក Tan Sri Datuk Azhar Azizan Harun ប្រធានសភាម៉ាឡេស៊ី តំណាងឱ្យនាយករដ្ឋមន្ត្រីម៉ាឡេស៊ី។ ដោយឡែកប្រទេសមីយ៉ាន់ម៉ា មិនមានតំណាងចូលរួមនោះឡើយ។ លោក លឹម ចុកហ៊យ អគ្គលេខាធិការអាស៊ាន ក៏បានអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំនេះផងដែរ។
សូមបញ្ជាក់ថា ទំនាក់ទំនងរបស់អាស៊ាន (ASEAN) ជាមួយអង្គការសហប្រជាជាតិ (UN) បានចាប់ផ្តើមនៅដើមទសវត្សរ៍ឆ្នាំ១៩៧០ តាមរយៈកិច្ចសហប្រតិបត្តិការដំបូង ជាមួយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP)។ កម្មវិធីអនុតំបន់ ASEAN-UNDP ត្រូវបានចាប់ផ្តើមនៅឆ្នាំ១៩៧៧ ក្នុងគោលបំណងជួយអាស៊ាន ឱ្យកាន់តែប្រសើរឡើងជាមួយនឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងកិច្ចខិតខំប្រឹងប្រែងសមាហរណកម្មរបស់ខ្លួន។ ប៉ុន្មានឆ្នាំមកនេះ អាស៊ានបានបង្កើតទំនាក់ទំនងការងារជាមួយទីភ្នាក់ងារអង្គការសហប្រជាជាតិផ្សេងៗ លើវិស័យ និងបញ្ហាដទៃទៀត។
កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ ត្រូវបានប្រារព្ធធ្វើឡើងនៅទីក្រុងបាងកក នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០០០ នៅក្រៅសម័យប្រជុំលើកទី១០ នៃសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD)។ កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិលើកទី២ ដែលបានធ្វើឡើងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០០៥ នៅទីក្រុងញូវយ៉ក បានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់អង្គការសហប្រជាជាតិ ចំពោះគោលដៅរបស់អាស៊ានក្នុងការសម្រេចបានសហគមន៍អាស៊ាន ក៏ដូចជាការសម្រេចចិត្តរបស់ខ្លួនក្នុងការបង្កើតធម្មនុញ្ញអាស៊ាន។ អង្គការសហប្រជាជាតិ ក៏បានស្វាគមន៍ចំពោះលទ្ធភាព ដែលអាស៊ានស្វែងរកឋានៈជាអ្នកសង្កេតការណ៍ នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA)។
អាស៊ានត្រូវបានផ្តល់ឋានៈជាអ្នកសង្កេតការណ៍នៅ UNGA តាមរយៈការអនុម័តដំណោះស្រាយ (A/RES/61/44) នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០០៦។ អនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការអាស៊ាន-អង្គការសហប្រជាជាតិ ដែលបានចុះហត្ថលេខា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០០៧ នៅទីក្រុងញូវយ៉ក បានបង្កើតភាពជាដៃគូ ដែលរួមបញ្ចូលនូវកិច្ចសហប្រតិបត្តិការពេញលេញ ក្នុងវិស័យនយោបាយ-សន្តិសុខ សេដ្ឋកិច្ច និងវប្បធម៌-សង្គម ដោយផ្អែកលើផលប្រយោជន៍ទៅវិញទៅមក។
កិច្ចសហប្រតិបត្តិការអាស៊ាន-អង្គការសហប្រជាជាតិ ត្រូវបានជំរុញបន្ថែមទៀត តាមរយៈការអនុម័តសេចក្តីប្រកាសរួមអាស៊ាន-អង្គការសហប្រជាជាតិ ស្តីពីភាពជាដៃគូគ្រប់ជ្រុងជ្រោយ( Comprehensive Partnership) ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិលើកទី៤ កាលពីខែវិច្ឆិកា ឆ្នាំ២០១១ នៅទីក្រុងបាលី ប្រទេសឥណ្ឌូនេស៉ី។ ផែនការសកម្មភាពរយៈពេល ៥ឆ្នាំដំបូង សម្រាប់រយៈពេល ២០១៦-២០២០ ត្រូវបានអនុម័តនៅក្នុងខែកញ្ញា ឆ្នាំ២០១៦។
UNGA បានអនុម័តសេចក្តីសម្រេចចិត្តស្តីពីការរំលឹកខួបលើកទី៥០ នៃអាស៊ាន នៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុងញូវយ៉ក ដែលជាដំណោះស្រាយរំលឹកខួបលើកទី១ ដោយអង្គការក្នុងតំបន់ នៅចំពោះមុខ UNGA ។ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ដំណោះស្រាយរយៈពេល ២ឆ្នាំស្តីពី «កិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងអាស៊ាន» ត្រូវបានអនុម័តដោយឯកច្ឆន្ទដោយ UNGA ជាមួយនឹងដៃគូគាំទ្រ (co-sponsors) ចំនួន១២០ រួមទាំងប្រទេសមកពីសមាជិកអាស៊ានផងដែរ៕