(ភ្នំពេញ)៖ ព្រះអង្គម្ចាស់ព្រុយណេ Abdul Mateen បុត្រារបស់ព្រះចៅស៊ុលតង់ ព្រុយណេដារូស្សាឡាម បានអមដំណើរជាមួយព្រះបិតា យាងមកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ និងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា។

ព្រះអង្គម្ចាស់ព្រុយណេ Abdul Mateen ប្រសូតនៅថ្ងៃទី១០ ខែសីហា ឆ្នាំ១៩៩១ នៅក្នុងរាជធានី បានដាស៊េរី បេហ្កាវ៉ាន់ (Bandar Seri Begawan)។ ព្រះអង្គ គឺជាបុត្រទី១០ និងជាបុត្រាទី៤ របស់ព្រះចៅស៊ូលតង់ព្រុយណេ Hassanal Bolkiah។ ខាងក្រោមនេះគឺជាចំណុចសំខាន់ៗដែលគួរដឹងពីព្រះអង្គម្ចាស់ Mateen៖

ព្រះអង្គម្ចាស់ Abdul Mateen បានបញ្ចប់ការសិក្សាថ្នាក់បឋម និងវិទ្យាល័យ នៅក្នុងប្រទេសព្រុយណេ។ នៅឆ្នាំ២០១១ ព្រះអង្គបានបញ្ចប់ការសិក្សាផ្នែកយោធានៅឯសាលា យោធា Royal Military Academy Sandhurst ក្នុងចក្រភពអង់គ្លេស ហើយព្រះអង្គបានចាប់ផ្ដើមអាជីពយោធានៅក្នុងជួរកងទ័ពអង់គ្លេសក្នុងឆ្នាំ២០១០ និងត្រូវបានដំឡើង តំណែងជាវរសេនីយត្រី នៅឆ្នាំ២០២១។

នៅឆ្នាំ២០១៦ ព្រះអង្គម្ចាស់ Mateen ទទួលបានសញ្ញាប័ត្រថ្នាក់អនុបណ្ឌិត ជំនាញការសិក្សាអន្តរជាតិ និងការទូតពីសាកលវិទ្យាល័យ University of London។ ព្រះអង្គក៏ ទទួលបានការបណ្ដុះបណ្ដាលជំនាញពីឡុតបើកឧទ្ធម្ភាគចក្រ ការប្រយុទ្ធបែបកុម៉្មង់ដូ និងលោតឆត្រយោងផងដែរ។ ព្រះអង្គបានចាត់ទុកខ្លួនជាឪពុករបស់សត្វខ្លា ដ្បិតចូលចិត្ត ចិញ្ចឹមសត្វខ្លាពណ៌សមួយក្បាល និងខ្លារខិនមួយក្បាល ហើយជារឿយៗព្រះអង្គតែងតែបង្ហោះរូបភាពជាមួយសត្វទាំងនេះនៅលើបណ្ដាញទំនាក់ទំនងសង្គម Instagram របស់អ្នកព្រះអង្គដែល មានអ្នកតាមដានជាង ២.៣លាននាក់។

នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ GQ Thailand នៅពេលមានព្រះជន្ម ២៤វស្សា ព្រះអង្គម្ចាស់ Mateen បានមានបន្ទូលថា ព្រះអង្គមិនចូលចិត្តដេកសប្បាយ ចាយវាយទ្រព្យសម្បត្តិរបស់ព្រះបិតាឡើយ។ ព្រះអង្គចូលចិត្តជីវិតបែបសាមញ្ញ និងចំណាយពេលជាមួយគ្រួសារ និងមិត្តភក្តិ ព្រមទាំងចូលចិត្តលេងកីឡាដូចជាវាយកូនហ្គូល ប្រដាល់ ជិះសេះ និងបាល់ទាត់ជាដើម ដែលព្រះអង្គចាត់ទុកកីឡាករ David Beckham ជានិមិត្តរូប៕