(ភ្នំពេញ)៖ គម្រោងសាងសង់មជ្ឈមណ្ឌលភស្តុភារកម្មពហុបំណង (កន្លែងស្តុកទំនិញ) ដ៏ធំមួយ នៅក្នុងប្រទេសកម្ពុជា ជាទុនវុនិយោគជាង ២០០លានដុល្លារ ត្រូវបានបើកបង្ហាញជាផ្លូវការ អមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ នៅសណ្ឋាគារសុខាភ្នំពេញ។ មជ្ឈមណ្ឌលភស្តុភារកម្មពហុបំណង PPLC នឹងក្លាយជាកន្លែងតភ្ជាប់សំខាន់ៗ សម្រាប់ការធ្វើពាណិជ្ជកម្មនៅក្នុងតំបន់ ហើយអាចជួយពង្រឹងប្រទេសកម្ពុជា ឱ្យក្លាយជាមជ្ឈមណ្ឌលភស្តុភារកម្មដ៏សំខាន់ផងដែរ។
ពិធីបើកបង្ហាញគម្រោងសាងសង់មជ្ឈមណ្ឌលគម្រោងមជ្ឈមណ្ឌលភស្តុភារកម្មពហុបំណងភ្នំពេញ (Phnom Penh Logistics Complex) ត្រូវបានធ្វើឡើង ក្រោមអធិបតីភាពលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា, លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកបណ្ឌិត Vivian Balakrishnan រដ្ឋមន្ត្រីក្រសួងការបរទេសសិង្ហបុរី។
ពិធីនេះ ក៏មានការអញ្ជើញចូលជាកិត្តិយសពីសំណាក់លោកបណ្ឌិត Robert Yap ប្រធានប្រតិបត្តិនៃក្រុមហ៊ុន YCH Group និងអ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមហ៊ុន WorldBridge Group ព្រមទាំងមានការចូលរួមពីមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ ថ្នាក់ដឹកនាំក្រុមប្រឹក្សាធុរកិច្ចអាស៊ាន ហេដ្ឋារចនាសម្ព័ន្ធអាស៊ី និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
មជ្ឈមណ្ឌលភស្តុភារកម្មពហុបំណងភ្នំពេញនេះ ត្រូវបានវិនិយោគសាងសង់ដោយក្រុមហ៊ុន YCH Group ដែលជាក្រុមហ៊ុនឡូជីស្ទីក និងខ្សែច្រវាក់ផ្គត់ផ្គង់ដ៏ធំមួយនៅអាស៊ី។ មជ្ឈមណ្ឌលភស្តុភារកម្មពហុបំណង PPLC នឹងក្លាយទៅជាគម្រោងឡូជីស្ទីកប្រកបដោយនិរន្តរភាពដ៏ល្អមួយនៅក្នុងតំបន់អាស៊ាន។ ពិធីបង្ហាញថ្ងៃនេះ ធ្វើឡើងបន្ទាប់ពីមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួនរវាង ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន YCH Group ដែលមានការសម្របសម្រួលដោយហេដ្ឋារចនាសម្ព័ន្ធអាស៊ី (Infrastructure Asia) កាលពីខែមីនា ឆ្នាំ២០២១។
ថ្លែងក្នុងពិធីបង្ហាញគម្រោងនេះ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន មានប្រសាសន៍ថា វិស័យដឹកជញ្ជូន និងភ័ស្តុភារកម្ម គឺជាវិស័យពីរ ដែលមានភាពប្រទាក់ក្រឡាគ្នា និងជាឆ្អឹងខ្នង ហើយក៏ជាកម្លាំងជំរុញការតភ្ជាប់ សកម្មភាពសេដ្ឋកិច្ចលើគ្រប់វិស័យ រួមចំណែកដល់ផលិតភាព និងកំណើនសេដ្ឋកិច្ច។ លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា PPLC នឹងជួយពង្រឹងការតភ្ជាប់វិស័យដឹកជញ្ជូន និងភ័ស្តុភារកម្មក្នុងក្របខណ្ឌមហាអនុតំបន់មេគង្គ (GMS) អាស៊ាន និងពិភពលោកផងដែរ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបង្ហាញការគាំទ្រលើការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន។ លោកទេសរដ្ឋមន្ត្រីបន្ថែមថា PPLC ដើរតួនាទីយ៉ាងសំខាន់ មិនត្រឹមតែពង្រឹងការតភ្ជាប់របស់កម្ពុជាជាមួយពាណិជ្ជកម្មក្នុងតំបន់ និងក្នុងចំណោមប្រទេសមហាអនុតំបន់មេគង្គ GMS ប៉ុណ្ណោះទេ តែក៏នឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រសិទ្ធភាពនៃការដឹកជញ្ជូនពហុមធ្យោបាយ រួមមានផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក កំពង់ផែទឹកជ្រៅ និងការដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជាជាអាទិ៍។
លោកទេសរដ្ឋមន្ត្រី បន្ថែមទៀតថា PPLC ក៏នឹងបង្កើតបានជាប្រព័ន្ធអេកូឡូជីស្ទីកប្រកបដោយប្រសិទ្ធភាព កាត់បន្ថយថ្លៃដើមដឹកជញ្ជូន ធ្វើឱ្យប្រសើរឡើងការប្រកួតប្រជែង រួមបញ្ចូលទាំងខ្សែច្រវាក់ផ្គត់ផ្គង់ និងលើកកម្ពស់កំណើនសេដ្ឋកិច្ចក្នុងតំបន់ទៀតផង។
«PPLC ត្រូវបានកំណត់ក្នុងផែនការមេនៃភស្តុភារកម្មរបស់យើងថា ជាគម្រោងយុទ្ធសាស្ត្រមួយ ដើម្បីគាំទ្រដល់ការធ្វើសមាហរណកម្មរបស់កម្ពុជា ទៅក្នុងបណ្តាញភស្តុភារឆ្លាតវៃរបស់អាស៊ាន (ASLN) ហើយក៏ដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច និងការតភ្ជាប់អាជីវកម្មរបស់កម្ពុជានៅក្នុងតំបន់អាស៊ានយ៉ងពិតប្រាកដ»។ នេះជាការបញ្ជាក់របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល។
ក្នុងពិធីដាក់បង្ហាញនេះ លោកបណ្ឌិត Vivian Balakrishnan បានលើកឡើងថា ប្រទេសសិង្ហបុរី កំពុងទន្ទឹងរង់ចាំធ្វើការជាមួយកម្ពុជា លើគម្រោងអនាគតស្រដៀងគ្នា ដើម្បីពង្រឹងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
លោកបានបញ្ជាក់បន្ថែមថា ទំនាក់ទំនងអន្តរតំបន់ គឺជាសក្ខីភាពបង្ហាញពីទំនាក់ទំនងទ្វេរភាគីដ៏រឹងមាំរវាងកម្ពុជា-សឹង្ហបុរី ហើយក៏ជាទំនាក់ទំនងនៅក្នុងក្របខ័ណ្ឌអាស៊ានផងដែរ។ ទំនាក់ទំនងនេះ មានចរិតជាលក្ខណៈប្រកួតប្រជែងរួមរវាងបណ្តាប្រទេសជាសមាជិកអាស៊ាន។
គំនិតផ្តួចផ្តើមនេះ គឺជាការបង្កើត Smart Growth Connect (SGConnect™) ត្រូវបានដឹកនាំដោយក្រុមហ៊ុន YCH Group ស្ថិតក្នុងគោលបំណងធ្វើឱ្យសេដ្ឋកិច្ចអាស៊ាន ទទួលបានរីកចម្រើនជាលំដាប់ដោយមិនបង្កការឈឺចាប់ និងបានបើកដំណើរការជាផ្នែកមួយនៃគម្រោងកេរ្តិ៍ដំណែលទីប្រាំរបស់ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN BAC) ឆ្នាំ២០១៨។ PPLC គឺជាគម្រោងទីពីរដែលត្រូវបានដាក់ឱ្យដំណើរការក្រោមគំនិតផ្តួចផ្តើមរបស់ SGConnectTM។ វាក៏ជាគម្រោងទីពីរ ដែលត្រូវបានដាក់បង្ហាញនៅក្រោមបណ្តាញភ័ស្តុភារកម្មឆ្លាតវៃអាស៊ាន (ASLN) គឺជាវេទិកាមួយដែលមានគោលបំណងលើកកម្ពស់ការតភ្ជាប់ផ្នែកភស្តុភារកម្ម និងភាពមាំមួនរវាងបណ្តាប្រទេសអាស៊ាន។
ស្របតាមផែនការមេនៃការតភ្ជាប់អាស៊ានឆ្នាំ២០២៥ ដែលមានគោលបំណងកាត់បន្ថយថ្លៃដើមច្រវាក់ផ្គត់ផ្គង់ បង្កើនល្បឿន និងភាពជឿជាក់លើខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងរដ្ឋសមាជិកអាស៊ាននីមួយៗ PPLC មានគោលបំណងពង្រឹងសេដ្ឋកិច្ច និងលើកកម្ពស់ការរួមបញ្ចូលនៅក្នុងតំបន់ ក៏ដូចជាការបណ្តុះបណ្តាលទេពកោសល្យជំនាញដើម្បីពង្រីកឧស្សាហកម្ម។
លោកបណ្ឌិត Robert Yap ប្រធានប្រតិបត្តិនៃក្រុមហ៊ុន YCH Group និងជាប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ានសិង្ហបុរី បានថ្លែងថា នៅក្នុងផ្នែកដឹកជញ្ជូន ការបង្កើនប្រសិទ្ធភាព និងសមត្ថភាពក្នុងការកាត់បន្ថយការរំខាននាក្នុងយុគសម័យក្រោយជំងឺរាតត្បាត ត្រូវបានផ្តល់ជាអំណោយផលតាមរយៈការតភ្ជាប់គ្នាជាប្រព័ន្ធ។
លោកបន្ថែមថា ហេដ្ឋារចនាសម្ព័ន្ធពហុភស្តុភារកម្មរបស់ PPLC ត្រូវបានសាងសង់ឡើងក្នុងគោលបំណង សម្រេចឱ្យបាននូវការតភ្ជាប់មួយដែលគ្មានថ្នេរនៅទូទាំងប្រទេសអាស៊ាន ដែលពង្រឹងសមត្ថភាពរបស់ខ្លួនដោយចំណងការទូតដ៏រឹងមាំរវាងសិង្ហបុរី និងកម្ពុជា។
ប្រធានប្រតិបត្តិក្រុមហ៊ុន YCH Group បានគូសបញ្ជាក់ថា «ជាផ្នែកមួយនៃសេចក្តីប៉ងប្រាថ្នាតាមគំនិតផ្តួចផ្តើម SGConnectTM និងគម្រោងទីពីររបស់ខ្លួន យើងប្រាកដក្នុងចិត្តថា PPLC នឹងក្លាយជាកម្លាំងចលករដ៏សំខាន់មួយក្នុងការជំរុញខ្សែច្រវាក់ផ្គត់ផ្គង់ និងការតភ្ជាប់ភស្តុភារកម្មសម្រាប់អាស៊ាន ជាមួយការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ ក៏ដូចជាការបណ្តុះបណ្តាលអ្នកមានទេពកោសល្យក្នុងស្រុក ដើម្បីលើកកម្ពស់ជាស្តង់ដារសម្រាប់ឧស្សាហកម្មខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងប្រទេសកម្ពុជាទាំងមូល»។
អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមហ៊ុន WorldBridge Group បានលើកឡើងថា «យើងមានអំណរគុណចំពោះក្រុមហ៊ុន YCH Group ដែលបាននាំយកគម្រោងដ៏ប្រពៃនេះមកកម្ពុជា។ គម្រោងនេះ នឹងល្អសម្រាប់ការអភិវឌ្ឍប្រទេស និងគាំទ្រដល់កំណើនសេដ្ឋកិច្ច យ៉ាងពិតប្រាកដ»។
លោក Lavan Thiru នាយកប្រតិបត្តិនៃហេដ្ឋារចនាសម្ព័ន្ធអាស៊ី (Infrastructure Asia) បានគូសបញ្ជាក់ថា ការតភ្ជាប់នេះ ដើរតួយ៉ាងសំខាន់ក្នុងការជួយដល់កំណើនសេដ្ឋកិច្ច និងសង្គមរបស់អាស៊ាន។ Infrastructure Asia មានសេចក្តីសោមនស្សក្នុងការសម្របសម្រួលកិច្ចសហប្រតិបត្តិការនេះរវាងប្រទេសសិង្ហបុរី និងកម្ពុជា ក្នុងការកសាងខ្សែច្រវាក់តម្លៃដឹកជញ្ជូននៅទូទាំងអាស៊ានតាមរយៈ PPLC។
«យើងប្តេជ្ញាក្នុងការជំរុញភាពជាដៃគូឲ្យបានកាន់តែច្រើនឡើងៗ និងធ្វើការជាមួយក្រុមហ៊ុនដែលមានមូលដ្ឋាននៅសិង្ហបុរីកាន់តែច្រើន ដើម្បីបង្កើនសមត្ថភាពហេដ្ឋារចនាសម្ព័ន្ធរបស់ពួកគេឱ្យកាន់តែស៊ីជម្រៅនៅក្នុងតំបន់ទាំងមូល»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក Lavan Thiru៕