(ភ្នំពេញ)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk-yeol) បានសន្យាបង្កើតជំនួយទ្វេដង និងជំរុញការវិនិយោគឱ្យកាន់តែច្រើនមកកាន់ប្រទេសកម្ពុជា។

លោកប្រធានាធិបតីកូរ៉េខាងត្បូង បានលើកឡើងបែបនេះនៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ បានឱ្យដឹងថា ក្នុងជំនួបនេះ សម្តេចតេជោ និងលោកប្រធានាធិបតី បានពិភាក្សាលើបញ្ហាទ្វេភាគី និងតំបន់ផងដែរ។

បើតាមលោក អ៊ាង សុផល្លែត ក្នុងជំនួបលោកប្រធានាធិបតី ក៏បានសម្តែងការគាំទ្រអាស៊ាន ដែលបានប្រកាន់ខ្ជាប់ជំហរមជ្ឈភាពរបស់អាស៊ាន។

បន្ថែមពីលើនោះ លោកប្រធានាធិបតី ក៏បានសម្តែងការពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសលើវិស័យពាណិជ្ជកម្ម វិនិយោគ ទំនាក់ទំនងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល, វិស័យឯកជន និងឯកជន ព្រមទាំងប្រជាជន និងប្រជាជន។

លោកប្រធានាធិបតីកូរ៉េខាងត្បូង បានកត់សម្គាល់ថា ក្នុងទំនាក់ទំនងរយៈពេលត្រឹមតែ ២៥ឆ្នាំ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានកើនឡើងជាង ២០ដង។ ឈរលើការរីកចម្រើនផ្នែកពាណិជ្ជកម្មនេះ កូរ៉េ ចាត់ទុកការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា ជាការងារដ៏អាទិភាពមួយ។

លោកប្រធានាធិបតី បានលើកឡើងដែរថា ជំនួយក្រៅប្រទេសរបស់កូរ៉េ មកកាន់កម្ពុជា ត្រូវបានបង្កើនឡើងទ្វេដង សម្រាប់ជួយដល់ការអភិវឌ្ឍនៅកម្ពុជា ហើយកូរ៉េ នឹងជំរុញការវិនិយោគមកកាន់កម្ពុជា ឱ្យកាន់តែច្រើនឡើង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរបន្ថែមទៀត។ ជាពិសេសក្តាប់យកឱកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងការមិនយកពន្ធរវាងប្រទេសទាំងពីរ។

សូមបញ្ជាក់ថា ម្ពុជា និងកូរ៉េខាងត្បូង បានភ្ជាប់ទំនាក់ទំនងគ្នាឡើងវិញនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៧ ក្រោយការផ្តួចផ្តើមដោយផ្ទាល់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយលោក គឹម យ៉ុងសាន ដែលជាប្រធានាធិបតីកូរ៉េខាងត្បូងនាពេលនោះ។ ការភ្ជាប់ទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េខាងត្បូង ជាការសម្រេចចិត្តដ៏លំបាកនៅក្នុងទំនាក់ទំនងការទូតរបស់សម្តេចតេជោ ហ៊ុន សែន ខណៈដែលអំឡុងពេលនោះកម្ពុជាកំពុងមានមានទំនាក់ទំនងស្អិតល្មួតជាមួយកូរ៉េខាងជើង ដែលជាសត្រូវរបស់កូរ៉េខាងត្បូង។

ទោះបីជាយ៉ាងណាក្រោយការសម្រេចក្រោមចក្ខុវិស័យដ៏ច្បាស់លាស់សម្តេចតេជោ ហ៊ុន សែន ដែលជាអតីតអ្នកការទូតដ៏ឆ្នើមរបស់កម្ពុជាមួយរូបដែរនោះ ទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េខាងត្បូងបានវិវឌ្ឍន៍កាន់តែល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ៕