(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកបណ្ឌិត Phankham Viphavanh នាយករដ្ឋមន្រ្តីឡាវ បានលើកទឹកចិត្តឲ្យអាជ្ញាធរពាក់ព័ន្ធថ្នាក់កណ្ដាល និងថ្នាក់មូលដ្ឋានរបស់ខ្លួន អនុវត្តភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីធានាបាននូវសន្តិភាព និងស្ថិរភាពនៅតាមតំបន់ព្រំដែន។
ការប្តេជ្ញាចិត្តរបស់ នាយករដ្ឋមន្ត្រីទាំងពីរ បានធ្វើឡើងក្នុងជំនួបទ្វេភាគី នាឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។
«នាយករដ្ឋមន្រ្ដីទាំងពីរ បានលើកទឹកចិត្តឲ្យអាជ្ញាធរពាក់ព័ន្ធថ្នាក់កណ្ដាល និងថ្នាក់មូលដ្ឋានរបស់ខ្លួន អនុវត្តភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ធានាបាននូវសន្តិភាព និងស្ថិរភាពនៅតាមតំបន់ព្រំដែនរវាងកម្ពុជា និងឡាវ និងប្រែក្លាយតំបន់នេះទៅជាតំបន់សន្តិភាព មិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការ»។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេស អំពីលទ្ធផលជំនួប។
ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី នាយករដ្ឋមន្ត្រីប្រទេសទាំងពីរ មានសេចក្តីសោមនស្សរីករាយចំពោះលទ្ធផលនៃកិច្ចប្រជុំលើកទី១៤ នៃគណៈកម្មការចម្រុះកម្ពុជា-ឡាវ សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (JCBC) និងបានរំលឹកជាថ្មីអំពីសារៈសំខាន់នៃការជំរុញទំនាក់ទំនងទ្វេភាគី ដើម្បីបង្កើនពាណិជ្ជកម្ម និងវិនិយោគ។ ភាគីទាំងពីរបានលើកទឹកចិត្តឱ្យអាជ្ញាធរ ពាក់ព័ន្ធអនុវត្តឯកសារនានាដែលបានចុះហត្ថលេខារួចស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល។
នាយករដ្ឋមន្ត្រីទាំងពីរ បានកត់សម្គាល់ដោយសោមនស្សរីករាយដែលភាគីទាំងពីរសម្រេចបានការខណ្ឌសីមា និងបោះបង្គោលប្រមាណ ៨៦% នៃខ្សែព្រំដែនរួម និងបានឯកភាពប្រគល់ភារកិច្ចជូនគណៈកម្មាធិការចម្រុះព្រំដែនកម្ពុជា និងឡាវ (JBC) ឲ្យបញ្ចប់សេចក្តីព្រាងសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីចុះហត្ថលេខានៅក្នុងអំឡុងពេលទស្សនកិច្ចរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី នៅប្រទេសឡាវ នៅឆ្នាំក្រោយ។
នាយករដ្ឋមន្ត្រីទាំងពីរ ក៏បានឯកភាពគ្នាបន្តជំរុញការផ្លាស់ប្ដូរទស្សនកិច្ច និងជំនួបរវាងថ្នាក់ដឹកនាំ ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាននៃប្រទេសទាំងពីរឲ្យបានទៀងទាត់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន ព្រមទាំងពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងកម្ពុជា និងឡាវ៕