(ភ្នំពេញ)៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រាជធានីភ្នំពេញមានការរីកចម្រើនយ៉ាងខ្លាំង ទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ការអភិវឌ្ឍទីក្រុងរណប ការកើនឡើងនៃទំហំពាណិជ្ជកម្ម និងវិនិយោគជាដើម។ នៅឆ្នាំ២០១១ រាជរដ្ឋាភិបាលបានសម្រេចពង្រីកវិសាលនៃតំបន់រដ្ឋបាលរបស់រាជធានីភ្នំពេញដោយផ្ទេរឃុំ ចំនួន២០ នៃស្រុកពញាឮ មុខកំពូល កៀនស្វាយ កណ្ដាលស្ទឹង និងស្រុកអង្គស្នួល របស់ខេត្តកណ្តាល ឱ្យមកស្ថិតនៅក្រោមការគ្រប់គ្រង របស់រដ្ឋបាលរាជធានីភ្នំពេញ។

ការរីកចម្រើន និងការពង្រីកដែនដីរដ្ឋបាលនៃរាជធានីភ្នំពេញ បានញ៉ាំងឱ្យការផ្គត់ផ្គង់ទឹកស្អាតនៅក្នុងរាជធានីភ្នំពេញ ជួបបញ្ហាប្រឈមយ៉ាងខ្លាំង ជាក់ស្តែង បច្ចុប្បន្នតម្រូវការប្រើប្រាស់ទឹកស្អាតនៅក្នុងរាជធានីភ្នំពេញទាំងមូល មានប្រមាណ ៧៤៦,០០០ ម៣/ថ្ងៃ នៅពេលដែលសមត្ថភាពរបស់រោងចក្រប្រព្រឹត្តកម្មសម្អាតទឹក របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញទាំង ៤ទីតាំង មានត្រឹមតែ ៦៣០,០០០ម៣/ថ្ងៃប៉ុណ្ណោះ។

ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្រោមការគាំទ្រដ៏មុតមាំរបស់រាជរដ្ឋាភិបាល ជាពិសេសក្រសួងអាណាព្យាបាលទាំងពីរ គឺក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបាននិងកំពុងអនុវត្តនូវ បណ្តាគម្រោងវិនិយោគលើប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតបន្ថែមដូចខាងក្រោម៖

១. គម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែង ជំហានទី១ សមត្ថភាព ១៩៥.០០០ ម៣/ថ្ងៃ និងបណ្តាញទឹកស្អាត សរុបប្រវែង ៧៥០ គ.ម ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៣។

២. គម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែង ជំហានទី២ សមត្ថភាព ១៩៥.០០០ ម៣/ថ្ងៃ និងបណ្តាញទឹកស្អាតសរុបប្រវែង ១៨៨ គ.ម ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤។

៣. គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្រុងតាខ្មៅសមត្ថភាព ៣០.០០០ ម៣/ថ្ងៃ ដែលគ្រោងនឹងបញ្ចប់ការសាងសង់ក្នុងខែធ្នូ ឆ្នាំ២០២៤។

៤. គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតរោងចក្រភូមិព្រែក ពី ១៥០.០០០ ម៣/ថ្ងៃ ទៅ ១៩៥.០០០ ម៣/ថ្ងៃ ដែលគ្រោងនឹងចាប់ផ្តើមសាងសង់ក្នុងឆ្នាំ២០២៦។

៥. គម្រោងសាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតបឹងធំ សមត្ថភាព ៥.០០០ ម៣/ថ្ងៃ និងបណ្តាញទឹកស្អាតសរុបប្រវែង ១២ គ.ម។

ទន្ទឹមនេះរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញក៏កំពុងបន្តសហការជាមួយដៃគូអភិវឌ្ឍន៍នានា ដើម្បីធ្វើការសិក្សាគម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែងជំហានទី៣, គម្រោងផ្គត់ផ្គង់ទឹកស្អាតនិរោធន៍ជំហានទី៣, គម្រោងផ្គត់ផ្គង់ទឹកស្អាតអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ និងគម្រោងផ្គត់ផ្គង់ទឹកស្អាតខ្សាច់កណ្តាល ទៀតផងដែរ។

សម្រាប់គម្រោងសាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតបឹងធំ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) បានទទួលហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានកិត្តិយសជម្រាបជូនអំពីព័ត៌មានគម្រោងនេះដូចខាងក្រោម៖
• ម្ចាស់គម្រោង៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
• ឈ្មោះគម្រោង៖ គម្រោងសាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតបឹងធំ
• ទុនវិនិយោគ៖
- ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន៖ ១.៤៩៤.៦២៤ ដុល្លារអាមេរិក
- បដិភាគរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ៖ ៩៣១.៩០០ ដុល្លារអាមេរិក
• រយៈពេលសាងសង់៖ ០៧ខែ ចាប់ពីខែសីហា ឆ្នាំ២០២២ ដល់ខែកុម្ភៈ ឆ្នាំ២០២៣
• ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត រួមមាន៖
- ស្ថានីយបូមទឹកឆៅ ៖ ៥ ២៨០ ម៣/ថ្ងៃ
-បំពង់នាំទឹកឆៅ៖ ០,៥ គ.ម
- រោងចក្រប្រព្រឹត្តកម្មសម្អាតទឹក ៖ ៥ ០០០ ម៣/ថ្ងៃ
- បណ្តាញទឹកស្អាត៖ ១២ គ.ម
• តំបន់ចែកចាយ៖ ចំនួន ១០ភូមិ ក្នុងសង្កាត់បឹងធំ, សង្កាត់ប្រទះឡាង និងសង្កាត់ពងទឹក ក្នុងខណ្ឌកំបូល។
• ក្នុងករណីដែល រ.ទ.ស.ភ ពុំមានគម្រោងសាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតបឹងធំនេះទេ តំបន់ដែលគ្រោងចែកចាយខាងលើត្រូវរង់ចាំរហូតដល់ឆ្នាំ២០៣០ ទើប រ.ទ.ស.ភ មានលទ្ធភាពផ្គត់ផ្គង់ទឹកស្អាតជូនបាន។
តាមរយៈសមិទ្ធផលគម្រោងទាំង៥ខាងលើនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងមានសមត្ថភាព ផលិតទឹកស្អាតសរុប ១.១០០.០០០ ម៣/ថ្ងៃ និងប្រវែងបណ្តាញទឹកស្អាតសរុប (បណ្តាញមេនាំទឹកស្អាត និង បណ្តាញចែកចាយទឹកស្អាត) ប្រវែង ៥.១៨៩ គ.ម ដែលនឹងអាចមានលទ្ធភាពផ្គត់ផ្គង់ទឹកស្អាត ដែលមានគុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ ជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ សរុប ប្រមាណជាង ៦១០.៨០០ គ្រួសារ ដែលបានរួមចំណែក ធ្វើឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញអាចឈានទៅសម្រេចបាននូវគោលនយោបាយរបស់រដ្ឋាភិបាលដែល បានកំណត់ថា «ត្រូវពង្រីកវិសាលភាព នៃការផ្គត់ផ្គង់ ទឹកស្អាតនៅទីប្រជុំជន ១០០% ត្រឹមឆ្នាំ២០២៥ សម្រាប់ បម្រើតម្រូវការចាំបាច់របស់ប្រជាជន ក៏ដូចជាសម្រាប់ផលិតកម្ម និងសេវាកម្មនានា»។ ការសម្រេចបាននូវគោលនយោបាយនេះ គឺមានន័យថាយើងបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខមាលភាព របស់ប្រជាពលរដ្ឋ ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ជាពិសេសគឺការទាក់ទាញឱ្យមានការវិនិយោគកាន់តែច្រើនបន្ថែមទៀតនៅក្នុងរាជធានីភ្នំពេញ៕