(ភ្នំពេញ)៖ កម្ពុជា-ចិន បានឯកភាពគ្នា ពន្លឿនការកសាងសហគមន៍វាសនារួម «កម្ពុជា-ចិន» ស្របតាមផលប្រយោជន៍ជាមូលដ្ឋាន របស់ប្រជាជនទាំងពីរ។ នេះបើតាមសេចក្ដីប្រកាសរួមបង្ហាញអំពីលទ្ធផល នៃជំនួបពិភាក្សាការងាររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្ដ្រីចិន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។
សេចក្ដីប្រកាសព័ត៌មានរួម បានឲ្យដឹងថា ភាគីទាំងពីរ បានឯកភាពថា នៅក្នុងយុគសម័យថ្មី ការពន្លឿនការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន គឺជាបំណងប្រាថ្នារួម និងស្របតាមផលប្រយោជន៍ជាមូលដ្ឋាន របស់ប្រជាជនទាំងពីរ ព្រមទាំងមានលក្ខណៈអំណោយផលចំពោះសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់។
ភាគីទាំងពីរ បានឯកភាពគ្នាជំរុញការអនុវត្ត «ផែនការសកម្មភាព ស្តីពីការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន» ដែលបានចុះហត្ថលេខានៅឆ្នាំ២០១៩ និងធ្វើបច្ចុប្បន្នភាពផែនការសកម្មភាព ដូចខាងក្រោម៖
(ក)៖ ពង្រឹងការប្រាស្រ័យទាក់ទងយុទ្ធសាស្ត្រកម្រិតខ្ពស់។ ភាគីចិននឹងបន្តថ្វាយបដិសណ្ឋារកិច្ច ចំពោះ ព្រះរាជដំណើរទស្សនកិច្ចពិនិត្យព្រះរាជសុខភាពរបស់ ព្រះករុណា ព្រះមហាក្សត្រ និងសម្ដេច ព្រះវរ រាជមាតាជាតិខ្មែរ នៅប្រទេសចិន។ ថ្នាក់ដឹកនាំចិន ទន្ទឹងរង់ចាំការអញ្ជើញបំពេញទស្សនកិច្ចរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំកម្ពុជាដទៃទៀត នៅពេលវេលាសមស្របរបស់ភាគីទាំងពីរ។
(ខ)៖ ប្រើប្រាស់ឲ្យបានពេញលេញ នូវតួនាទីរបស់គណៈកម្មាធិការសម្រប សម្រួល អន្តររដ្ឋាភិបាលកម្ពុជា-ចិន។ ភាគីទាំងពីរនឹងរៀបចំកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការខាងលើ តាមពេលវេលាសមស្រប ដើម្បីបង្កើនតួនាទីនាំមុខ និងកិច្ចសម្របសម្រួលលើវិស័យផ្សេងៗជាច្រើន។ ស្ថាប័នដឹកនាំរបស់ភាគីទាំងពីរមានភារកិច្ចដាក់ចេញជាផែនទី និងបង្កើនកិច្ចសហប្រតិបត្តិការគ្រប់វិស័យ ស្របពេលដែលក្រសួង ការបរទេស ទាំងពីរទទួលខុសត្រូវចំពោះការអនុវត្តពេញលេញ នៃ «កិច្ចព្រមព្រៀងស្ដីពីការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងដំណាក់កាលថ្មី»។
(គ)៖ ប្រើប្រាស់ឲ្យអស់សក្ដានុពលនូវយន្តការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការយោធា ដោយការបង្កើនទំនាក់ទំនងរវាងស្ថាប័នការពារជាតិ និងយោធាគ្រប់កម្រិតនៃប្រទេសទំាងពីរ តាមរយៈកិច្ច សហប្រតិបត្តិការ ជាក់ស្តែង ដូចជា ការបណ្តុះបណ្តាល និងការហ្វឹកហ្វាត់រួមគ្នា ការផ្ដល់បរិក្ខារយោធា បច្ចេកវិទ្យា សេវាសុខាភិបាល ឡូជីស្ទីក និងសន្តិសុខពហុភាគី។
កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ នឹងត្រូវបានពង្រឹងបន្ថែមទៀត ដោយផ្តោតលើការបង្រ្កាបការជួញដូរមនុស្ស ល្បែងអនឡាញ ការឆបោកតាមប្រព័ន្ធអ៊ីនធឺណែត និងឧក្រិដ្ឋកម្មនានា តាមរយៈការសម្របសម្រួល កិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធលើកា រកសាងសមត្ថភាព និងការផ្លាស់ប្តូរព័ត៌មាន។
កិច្ចប្រឹងប្រែងនឹងផ្តោតបន្ថែម ទៅលើការអនុវត្តកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌក្រុមការងាររួមគ្នាកម្ពុជា-ចិន ស្តីពីសុវត្ថិភាព និងសន្តិសុ ខខ្សែក្រវាត់ និងផ្លូវ។
(ឃ)៖ លើកកម្ពស់កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវគុណភាពខ្ពស់ តាមរយៈការធ្វើកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែខ្លំាងក្លាលើយុទ្ធសាស្រ្តអភិវឌ្ឍន៍។ ដើម្បីកសាងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ប្រទេសទំាងពីរ នឹងធ្វើឲ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ វិនិយោគលើសមត្ថភាពផលិតកម្ម ក្នុងគោលបំណងជួយកម្ពុជាពន្លឿនការអភិវឌ្ឍឧស្សាហកម្មទំនើប ចម្រុះ និងធ្វើឲ្យខេត្តព្រះសីហនុ ក្លាយជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ដោយ ពង្រឹងខ្សែច្រវាក់ឧស្សាហកម្ម និង ខ្សែច្រវាក់ផ្គត់ផ្គង់ផលប្រយោជន៍ទៅវិញទៅមក។
គម្រោងសំខាន់ៗ ដូចជា គម្រោងអាកាសយានដ្ឋានអន្តរជាតិអង្គរសៀមរាប គម្រោងបណ្ដាញខ្សែកាបអុបទិកក្រោមបាតសមុទ្រ ក្រុងព្រះសីហនុ-ក្រុងហុងកុង និងគាំទ្រគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវថ្នល់ ស្ពាន ឡូជីស្ទីក និងឃ្លំាងស្តុក នឹងត្រូវបានពន្លឿន។ ភាគីទាំងពីរគាំទ្រកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើថាមពលស្អាត ដើម្បីគាំទ្រសេដ្ឋកិច្ច បៃតង ការសន្សំសំចៃ និងស័ក្ដិសិទ្ធិភាពនៃថាមពល ព្រមទាំងការកាត់បន្ថយការបញ្ចេញឧស្ម័នពុល នៅកម្ពុជា ។
ប្រើប្រាស់ឲ្យបានពេញលេញនូវយន្តការគណៈកម្មាធិការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយ តំបន់ ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគី។ ពង្រីកការនាំចេញផលិតផលកម្ពុជា ដែលមានគុណភាពទៅកាន់ទីផ្សារចិន តាមរយៈព្រឹត្តិការណ៍ផ្សព្វផ្សាយនានា ដូចជា ពិព័រណ៍នាំចូល អន្តរជាតិចិន ពិព័រណ៍នាំចូល-នាំចេញចិន ពិព័រណ៍អាស៊ាន-ចិន និងយន្តការកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអេឡិកត្រូនិកទ្វេភាគី។ ផ្ដោតការយកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការកសិកម្មគ្រប់ផ្នែក ភាគីចិនបាន បញ្ជាក់សាជាថ្មី អំពីជំហររបស់ខ្លួន ក្នុងការពង្រីកទីផ្សារចិន សម្រាប់ផលិតផល និងទំនិញកសិកម្មពីកម្ពុជា និងផ្តល់ការគាំទ្រផ្នែកចំណេះដឹងហិរញ្ញវត្ថុ និងបច្ចេកទេស សម្រាប់ការអភិវឌ្ឍកសិកម្មទំនើ បនៅកម្ពុជា។
កសាងមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការឱសថបុរាណចិន កម្ពុជា-ចិន ដើម្បីគាំទ្រសេវាសុខាភិបាលសាធារណៈនៅកម្ពុជា។ ផ្គត់ផ្គង់វ៉ាក់សំាងបង្ការជំងឺកូវីដ-១៩ ស្របតាមតម្រូវការរបស់កម្ពុជា។ ភាគីចិននឹងបន្តគាំទ្រការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា តាមរយៈគម្រោងកែលម្អផ្លូវជនបទជំហានទី ៣ គម្រោងផ្គត់ផ្គង់ទឹកជនបទជំហានទី ៣ គម្រោងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធ ចម្រោះទឹកកខ្វក់នៅខេត្តព្រះសីហនុ និងគម្រោងផ្សេងៗទៀតដូចជា ផ្លូវជនបទ ការរក្សាទឹក អប់រំ សុខាភិបាល និងគម្រោងបោសសម្អាតមីន។
(ង)៖ ជំរុញកិច្ចសហប្រតិបត្តិការវិទ្យាសាស្រ្ត អប់រំ វប្បធម៌ ទេសចរណ៍ សុខាភិបាល និងកិច្ចសហប្រតិបត្តិកា រថ្នាក់មូលដ្ឋាន។ ចិននឹងបន្តគាំទ្រការអប់រំភាសាចិន និងប្រព័ន្ធឌីជីថល ក្នុងវិស័យអប់រំនៅកម្ពុជា និ ង រៀបចំការធ្វើដំណើរឡើងវិញជាបន្តបន្ទាប់ តាមជើងហោះហើរត្រង់បន្ថែមទៀត ដើម្បីសម្រួលដល់ការវិលត្រលប់ របស់និស្សិតកម្ពុជាទៅប្រទេសចិន។ ភាគីកម្ពុជានឹងបន្តគាំទ្រដំណើរ ការរបស់មជ្ឈមណ្ឌល វប្បធម៌ចិន វិទ្យាសា្ថនខុងជឺ និងសហការជាមួយភាគីចិន ដើម្បីរក្សាការផ្លាស់ប្តូរជាទៀងទាត់ រវាងអង្គការ និងស្ថាប័ នយុវជន ផ្តល់តួនាទីសំខាន់ដល់សមាគមមិត្តភាព ស្ថាប័ន ក្រុមស្រាវជ្រាវវិភាគ ឃោសនាការ និងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរប្រជាជន និងប្រជាជន។
ភាគីទំាងពីរ នឹងបន្តតាមដានកម្មវិធីផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍ ជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការបេតិកភណ្ឌវប្បធម៌អរូបិយ ការចូលរួមយ៉ាងសកម្មក្នុងពិព័រណ៍ទេសចរណ៍ ដែលរៀបចំឡើងដោយភាគីម្ខាងទៀត ការចាត់វិធានការរួមគ្នាដើម្បីការពារបេតិកភណ្ឌវប្បធម៌អាស៊ី ការគាំទ្រការអភិរក្ស និងការជួសជុល បេតិកភណ្ឌអង្គរបុរាណ ប្រាសាទព្រះវិហារ និងទីតំាងបេតិកភណ្ឌនានាផ្សេងទៀតនៅកម្ពុជា ក៏ដូចជាការសហការរួមគ្នាទប់ស្កាត់ការជួញដូរសម្បត្តិវប្បធម៌ដោយខុសច្បាប់ និងការរៀបចំកិច្ចសន្ទនាយុវជន ស្តីពីបេតិកភណ្ឌវប្បធម៌។
(ច)៖ កម្ពុជាគាំទ្រ និងចូលរួមយ៉ាងសកម្មក្នុងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ស្របជាមួយនឹងការបេ្តជ្ញាចិត្តលើការអនុវត្តរបៀបវារៈ ស្តីពី «ការអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០៣០» របស់អង្គការសហប្រជាជាតិ។ កម្ពុជាគាំទ្រការស្នើដោយភាគីចិននូវគំនិតផ្តួចផ្តើមសន្តិសុខសកល និងត្រៀមខ្លួនសហការជាមួយប្រទេសចិន លើអភិបាលកិច្ចសន្តិសុខសកល ដើម្បីសន្តិសុខ រួមគ្រប់ជ្រុងជ្រោយ ប្រកបដោយកិច្ចសហប្រតិបត្តិការ និងចីរភាព។
ភាគីទំាំងពីរ នឹងរួមគ្នាជំរុញគុណ តម្លៃរួមរបស់មនុស្សជាតិ ប្រកបដោយសន្តិភាព ការអភិវឌ្ឍ មិនលម្អៀង យុត្តិធម៌ ប្រជាធិប តេយ្យ និងសេរីភាព ដោយការរួមគ្នាដោះស្រាយបញ្ហាប្រឈមសកល ដើម្បីលើកកម្ពស់បុព្វហេ តុសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ៕