(ភ្នំពេញ)៖ នាយករដ្ឋមន្ត្រីកម្ពុជា និងចិន បានរួមគ្នាលើកឡើងថា «សេចក្តីប្រកាស ស្តីពីការប្រតិបត្តិរបស់បណ្តាភាគី នៅសមុទ្រចិនខាងត្បូង» បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រចិនខាងត្បូង អស់រយៈពេលជាង ២០ឆ្នាំមកហើយ។
ការណ៍នេះ កម្ពុជា-ចិន អំពាវនាវដល់ភាគីពាក់ព័ន្ធ បន្តអនុវត្តឱ្យបានពេញលេញ និងប្រសិទ្ធភាព ធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការផ្លូវសមុទ្រជាក់ស្តែង និងឈានទៅសម្រេច នូវក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងឱ្យបានឆាប់ ឈរលើមូលដ្ឋានឯកច្ឆន្ទទៅវិញទៅមក ដើម្បីកសាងសមុទ្រចិនខាងត្បូង ទៅជាសមុទ្រសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ។
សេចក្តីប្រកាសរួមរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានគូសបញ្ជាក់ថា ភាគីទាំងពីរបានសង្កត់ធ្ងន់ អំពីសារសំខាន់នៃការប្រកាន់ខ្ជាប់នូវពហុភាគីនិយមពិតប្រាកដ ធ្វើទំនើបកម្មប្រជាធិបតេយ្យទំនាក់ទំនងអន្តរជាតិ និងការអភិវឌ្ឍអភិបាលកិច្ចសកល ឆ្ពោះទៅរកយុត្តិធម៌ និងសមធម៌កាន់តែធំធេង។
ជាមួយគ្នានេះដែរ ភាគីកម្ពុជា-ចិន បានឯកភាពប្រកាន់ខ្ជាប់នូវនិយាមជាមូលដ្ឋាន នៃទំនាក់ទំនងអន្តរជាតិ ការពារភាពមិនលម្អៀង និងយុត្តិធម៌អន្តរជាតិ ហើយប្រឆាំងរាល់ទម្រង់នៃអនុត្តរភាពនយោបាយអំណាចឯកតោភាគីនិយម និងភាពផ្ដាច់មុខ ផ្នត់គំនិតសង្គ្រាមត្រជាក់ ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ និងស្តង់ដារពីរ។
ភាគីទាំងពីរបានគាំទ្រ និងលើកឡើងថា ប្រទេសនានាគួរធ្វើការផ្លាស់ប្តូរ និងធ្វើកិច្ចសហប្រតិបត្តិការ លើផ្នែកសិទ្ធិមនុស្ស ដោយឈរលើមូលដ្ឋានស្មើភាព និងគោរពគ្នាទៅវិញទៅមក ជំនួសឱ្យការធ្វើនយោបាយតូបនីយកម្ម លើបញ្ហាសិទ្ធិមនុស្ស។
ភាគីកម្ពុជា-ចិន បានឯកភាពពង្រឹងបន្ថែមទៀត នូវកិច្ចសម្របសម្រួល និងកិច្ចសហប្រតិបត្តិការ លើក្របខណ្ឌពហុភាគី រួមមាន៖ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន រួមគ្នាជំរុញការអភិវឌ្ឍសហគមន៍វាសនារួមមេគង្គ-ឡានឆាង និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន ឱ្យកាន់តែជិតស្និទ្ធ ដែលមានអត្ថន័យ ខ្លឹមសារ និងផលប្រយោជន៍ទៅវិញទៅមក។
ក្នុងសេចក្តីប្រកាសរួមរវាងរដ្ឋាភិបាលទាំងពីរ, ចិនបានគាំទ្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានពាក់ព័ន្ធ និងបានកោតសរសើរតួនាទី ដ៏សកម្មរបស់កម្ពុជា ក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងស្ថិរភាពយូរអង្វែងនៅក្នុងតំបន់។
កម្ពុជាបានថ្លែងអំណរគុណ ចំពោះស្មារតីភាពជាដៃគូដ៏រឹងមាំរបស់ចិន និងការគាំទ្រឥតងាករេ ចំពោះព្រឹត្តិការណ៍ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។ភាគីទាំងពីរជឿជាក់ថា ដោយសារកិច្ចប្រឹងប្រែងរួមគ្នានៃប្រទេសសមាជិកអាស៊ាន និងចិន ស្ថានភាពសមុទ្រចិនខាងត្បូង បានរក្សានូវស្ថិរភាពជារួម៕