(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់អំពីជំហរជាថ្មី ដោយប្រកាសប្រឆាំងរាល់គ្រប់ទម្រង់ទាំងអស់ ចំពោះសកម្មភាពបំបែកខ្លួន ដើម្បីទាមទារ «ឯករាជ្យតៃវ៉ាន់» និងប្រឆាំងការជ្រៀតជ្រែក ពីខាងក្រៅចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យ ក្រោមហេតុផលណាក៏ដោយ។ ខណៈភាគីចិន បានថ្លែងអំណរគុណយ៉ាងខ្លាំងដល់កម្ពុជា ចំពោះជំហរទាំងនេះ។
នេះបើតាមសេចក្ដីប្រកាសរួមរបស់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ក្រោយជំនួបរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្ដ្រីចិន។
ក្នុងសេចក្ដីប្រកាសរួមដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានបញ្ជាក់ទៀតថា ភាគីកម្ពុជា បានអះអាងសាជាថ្មី អំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ ចំពោះ «គោលនយោបាយចិនមួយ» និងប្រឆាំងចំពោះសកម្មភាព និងពាក្យពេចន៍ទំាងឡាយណា ដែលបំផ្លាញដល់អធិបតេយ្យភាព និងបូរណភាពដែនដីចិន។ កម្ពុជាគាំទ្ររាល់កិច្ចប្រឹងប្រែងរបស់ចិន ក្នុងកិច្ចការពារផលប្រយោជន៍ស្នូល និងសម្រេចបាននូវការបង្រួបបង្រួមជាតិ។
សេចក្ដីប្រកាសរួមបានរៀបរាប់យ៉ាងដូច្នេះថា «ភាគីកម្ពុជាបានអះអាងសាជាថ្មី អំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ ចំពោះ "គោលនយោបាយចិនមួយ" និងប្រឆាំងចំពោះសកម្មភាព និងពាក្យពេចន៍ទំាងឡាយណា ដែលបំផ្លាញដល់អធិបតេយ្យភាព និងបូរណភាពដែនដីចិន ប្រឆាំងរាល់ទម្រង់នៃសកម្មភាពរបស់ពួកបំបែកខ្លួនដើម្បីទាមទារ "ឯករាជ្យភាពតៃវ៉ាន់" និងប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យ ក្រោមហេតុផលណាក៏ដោយ»។ កម្ពុជាគាំទ្ររាល់កិច្ចប្រឹងប្រែងរបស់ចិន ក្នុងកិច្ចការពារផលប្រយោជន៍ស្នូល និងសម្រេចបាននូវការបង្រួបបង្រួមជាតិ។ ភាគីចិនបានថ្លែងអំណរគុណយ៉ាងខ្លាំងដល់កម្ពុជា ចំពោះជំហរទាំងនេះ»។
ជាមួយគ្នានេះ ភាគីចិនបានអបអរសាទរយ៉ាងកក់ក្ដៅ ចំពោះសមិទ្ធផលគួរឲ្យកត់សម្គាល់របស់កម្ពុជា ក្នុងការអភិវឌ្ឍជាតិ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់សាជាថ្មីពីការគោរពឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពដែនដីកម្ពុជា និងបានអះអាងពីការគាំទ្រ ចំពោះជម្រើស នៃមាគ៌ាអភិវឌ្ឍន៍របស់ប្រជាជនកម្ពុជា ស្របទៅនឹងលក្ខខណ្ឌជាតិរបស់កម្ពុជា។
ភាគីចិនបានបញ្ជាក់សាជាថ្មី ពីការប្ដេជ្ញាចិត្តគាំទ្រយ៉ាងពេញទំហឹង ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីរក្សាស្ថិរភាពដ៏យូរអង្វែង ការអភិវឌ្ឍ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ព្រមទាំងបានជូនពរយ៉ាងស្មោះស្ម័គ្រ និងមានជំនឿយ៉ាងមុតមាំថា កម្ពុជានឹងបន្តសម្រេចបានវឌ្ឍនភាពថ្មីៗទៀត ក្នុងការអភិវឌ្ឍជាតិ និងសុខុមាលភាពជូនប្រជាជន ក្រោមម្លប់ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា និងក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលមាន សម្តេចតេជោនាយករដ្ឋមន្ត្រី ជាប្រមុខ។
ភាគីកម្ពុជា បានអបអរសាទរយ៉ាងកក់ក្ដៅ ចំពោះជោគជ័យយ៉ាងពេញលេញ នៃសមាជជាតិលើកទី២០ របស់បក្សកុម្មុយនីស្តចិន និងបានវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើនគួរឲ្យស្ងើចសរសើរ ក្នុងបុព្វហេតុរបស់បក្សកុម្មុយនីស្ដចិន និងប្រទេសចិន ក្នុងការឆ្ពោះទៅយុគសម័យថ្មី នៃសង្គមនិយមតាមលក្ខណៈពិសេសរបស់ចិន ការលុបបំបាត់ភាពក្រីក្រទាំងស្រុង និងការកសាងសង្គមរីកចម្រើនមធ្យមលើគ្រប់វិស័យ ដែលសមិទ្ធផលទាំងនេះសម្រេចបាន ក្រោមការដឹកនាំរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដែលមានលោក ស៊ី ជីនពីង ជាស្នូល និងបានជះឥទ្ធិពលជាសកលយ៉ាងខ្លាំង។
ភាគីកម្ពុជាបានបង្ហាញនូវជំនឿយ៉ាងមុតមាំថា ប្រជាជនចិននឹងសម្រេចបាននូវគោលដៅ និងបេសកកម្ម ដែលបានដាក់ចេញនៅក្នុងសមាជជាតិលើកទី ២០ នៃបក្សកុម្មុយនីស្ដចិន ក្នុងការកសាងប្រទេសចិនទៅជាប្រទេសសង្គមនិយមទំនើបដ៏អស្ចារ្យលើគ្រប់វិស័យ។
ភាគីកម្ពុជាបានវាយតម្លៃខ្ពស់ ចំពោះមាគ៌ាទំនើបកម្មរបស់ចិន ដែលបានផ្ដល់នូវបែបបទថ្មីសម្រាប់ការអភិវឌ្ឍ និងវឌ្ឍនភាពសម្រាប់មនុស្សជាតិ ដែលបក្សកុម្មុយនីស្ដចិន និងប្រជាជនចិន រួមចំណែកទំាងប្រាជ្ញា និងដំណោះស្រាយ ក្នុងការដោះស្រាយបញ្ហារួមសម្រាប់មនុស្សជាតិ។
ភាគីកម្ពុជាត្រៀមជាស្រេច ក្នុងការពង្រឹងការផ្លាស់ប្ដូរ និងការរៀនសូត្រពីគ្នាទៅវិញទៅមក ព្រមទាំងរួមគ្នាលើកកម្ពស់មាគ៌ាឆ្ពោះទៅរកទំនើបកម្ម ដើម្បីជាផលប្រយោជន៍ជូនប្រជាជន នៃប្រទេសទាំងពីរ និងតំបន់៕