(ឧត្តរមានជ័យ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានលើកឡើងថា ប្រជានុរាស្ត្រខ្មែរ នៅតែងចងចាំជានិច្ច និងកត់ត្រាក្នុងក្រាំងមាស នៃប្រវត្តិសាស្ត្រជាតិ នូវព្រះមហាករុណាទិគុណ ប្រកបដោយព្រហ្មវិហារធម៌ ដ៏ជ្រាលជ្រៅរបស់ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្ត សីហនុ ព្រះមហាវីរៈក្សត្រ ព្រះវររាជបិតាឯករាជ្យ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់ក្នុងការទាមទាឯករាជ្យពីអាណានិគមនិយមបារាំង នាឆ្នាំ១៩៥៣ ក្រោមការលះបង់ដ៏ធំធេង រួមនឹងពលីកម្មសាច់ស្រស់ ឈាមស្រស់ របស់វរជនខ្មែរយើងជាច្រើនទៀត ដើម្បីបុព្វហេតុជាតិ អធិបតេយ្យជាតិ។

ការលើកឡើងបែបនេះ របស់លោកអភិបាលខេត្តឧត្តរមានជ័យ បានធ្វើឡើងក្នុងឱកាសដែលលោកបានដឹកនាំការប្រារព្ធពិធីអបអរសាទរខួបលើកទី៦៩ ទិវាបុណ្យឯករាជ្យ ៩ វិច្ឆិកា (៩វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២២) នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនរូបផងដែរ។

នៅក្នុងឱកាសនេះ លោក ប៉ែន កុសល្យ បានថ្លែងថា ថ្ងៃនេះជាថ្ងៃមហានក្ខត្តឫក្សដ៏ឧត្តុង្គឧត្តម និងមហាមង្គល ដែលខេត្តឧត្តរមានជ័យយើងបានប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ក្រោមព្រះបូជនីយកិច្ចដឹកនាំកម្លាំងប្រដាប់អាវុធ ក្នុងព្រះរាជបេសកកម្មដ៏ឧត្តុង្គឧត្តម ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្ត សីហនុ ព្រះមហាវីរៈក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់ក្នុងការទាមទាឯករាជ្យពីអាណានិគមនិយមបារាំងនាឆ្នាំ១៩៥៣ ក្រោមការលះបង់ដ៏ធំធេង រួមនឹងពលីកម្មសាច់ស្រស់ ឈាមស្រស់ របស់វរជនខ្មែរយើងជាច្រើនទៀត ដើម្បីបុព្វហេតុជាតិ អធិបតេយ្យជាតិ។

លោកអភិបាលខេត្តឧត្តរមានជ័យ បានថ្លែងទៀតថា៖ «យើងខ្ញុំទាំងអស់គ្នាតែងចងចាំជានិច្ច និងកត់ត្រាក្នុងក្រាំងមាស នៃប្រវត្តិសាស្ត្រជាតិ នូវព្រះមហាករុណាទិគុណ ប្រកបដោយព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានបូជាព្រះកាយពល និងព្រះបញ្ញាញាណដ៏ឈ្លាសវៃ ដើម្បីបុព្វហេតុឯករាជ្យជាតិ បូរណភាពទឹកដី សេចក្តសុខសាន្ត និងការរីកចម្រើននៃសង្គមជាតិ»

លោក ប៉ែន កុសល្យ បានបញ្ជាក់ថា ជាការពិតណាស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ តែងដង្ហែតាមព្រះរាជតម្រិះដ៏ថ្លៃថ្លារបស់ព្រះអង្គជារៀងរហូតមក និងតែងតែបានសំដែងនូវ មនោសញ្ចេតនា គោរព ស្រឡាញ់ ក្នុងចិត្តប្រកបដោយកត្តញូតាធម៌ដ៏ជ្រាលជ្រៅ និងស្មោះត្រង់ចំពោះព្រះអង្គជាព្រះបិតាឯករាជ្យជាតិ បង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ក្នុងទិសដៅថែរក្សាការពាររដ្ឋធម្មនុញ្ញ ពង្រឹងសន្តិភាព ស្ថេរភាពនយោបាយ ការបង្រួបបង្រួមជាតិ ផ្សះផ្សារជាតិ និងអភិវឌ្ឍន៍ប្រទេសជាតិ៕