(ភ្នំពេញ)៖ លោកស្រីបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ចំណេះដឹងផ្នែកគីមី ផ្តល់ផលប្រយោជន៍សម្បទាទាំង៥ ដល់គ្រូបង្រៀនសិស្សានុសិស្ស ជួយដល់សហគមន៍ ឱ្យមានលទ្ធភាពថែទាំនិងអភិវឌ្ឍសុខភាព អាយុជីវិត និងបរិស្ថានថែមទៀត។
ការថ្លែងបែបនេះ របស់ស្រីបណ្ឌិត សឿ សុជាតា បានធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីបើកសន្និសីទជាតិលើកទី១៣ ឆ្នាំ២០២២ ស្តីពីគីមី និងជីវិត ដែលបានរៀបចំដោយសមាគមគីមីកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក្រោយសន្និសីទជាតិមួយនេះដំណេីរការរយៈពេល២ថ្ងៃគឺថ្ងៃទី១១-១២ ខែវិច្ឆិកា ឆ្នាំ២០២២ និងមានអ្នកចូលរួមចំនួន៩៥នាក់ ព្រមទាំងចូលរួមដោយផ្ទាល់ចំនួន៣០នាក់ និងតាមអនឡាញ៦៥នាក់។
ថ្លែងក្នុងនាមលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា, លោកស្រីបណ្ឌិត សឿ សុជាតា បានសំដែងនូវការកោតសរសើរ និងអរគុណដល់សមាគមគីមីកម្ពុជា ដែលបាននឹងកំពុងចូលរួមគាំទ្រដល់ដំណើរការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាឆ្លើយតបទៅនឹងទិសដៅអភិវឌ្ឍជាតិក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នាឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ក្នុងឱកាសនោះដែរ លោកស្រីបណ្ឌិត សឿសុជាតា បានបន្ថែមថា សមាគមគីមី បានចូលរួមអភិវឌ្ឍធនធានគ្រូបង្រៀនកម្ពុជាឆ្លើយតបទៅនឹងគោលដៅកំណែទម្រង់វិស័យអប់រំ ដែលមានសរសរស្តមកំណែទម្រង់គ្រូបង្រៀនជាអាទិភាពទី១។ គ្រូបង្រៀន ជាអមតនៅតែជាចលករគន្លឹះក្នុងដំណើរសម្រេចគោលដៅកសាង និងផ្តល់សម្បទាទាំង៥ ដ៏រឹងមាំជូនដល់ធនធានមនុស្ស គឺចំណេះដឹងសម្បទា បំណិនសម្បទា ចរិយាសម្បទា គុណធម៌សម្បទា និងស្មារតីស្នេហាជាតិសម្បទា។
មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំរូបនេះ បានសង្កត់ន័យថា ចំណេះដឹងផ្នែកគីមី មិនត្រឹមតែផ្តល់ផលប្រយោជន៍សម្បទាទាំង៥ ខាងលើដល់គ្រូបង្រៀន សិស្សានុសិស្សប៉ុណ្ណោះទេ ប៉ុន្តែ ក៏ជួយដល់សហគមន៍ឱ្យមានលទ្ធភាពថែទាំ និងអភិវឌ្ឍសុខភាព អាយុជីវិត និងបរិស្ថានថែមទៀត និងសូមសំណូមពរដល់សមាគមបន្តការសិក្សា ស៊ីជម្រៅលើប្រធានបទស្តីពីគីមី និងជីវិត ដើម្បីចែករំលែកឱ្យកាន់តែមានប្រសិទ្ធភាពដើម្បីសុវត្ថិភាព ផាសុកភាពសហគមន៍ និងប្រទេសជាតិយើង៕