(រតនគិរី)៖ ដោយទទួលបទបញ្ជាពីលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី, អាជ្ញាធរខេត្ត បានសហការជាមួយមន្ត្រីមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់, កម្លាំងនគរបាលខេត្ត, កម្លាំងអាវុធហត្ថខេត្ត និងអាជ្ញាធរមូលដ្ឋាន បានចុះរុះរើរបងដែលបិទផ្លូវមិនឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ បន្ទាប់ពីអាជ្ញាធរបានជូនដំណឹងរយៈពេលមួយសប្តាហ៍ឱ្យបើកផ្លូវជូនពលរដ្ឋ ប៉ុន្តែម្ចាស់ចំការកៅស៊ូមិនព្រមទើបអាជ្ញាធរប្រើកម្លាំងរុះរើដោយខ្លួនឯង។

ម្ចាស់ចម្ការកៅស៊ូដែលបិទផ្លូវមិនឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ និងមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរ គឺមានឈ្មោះ ឡុង ម៉េងគ្រុយ ស្ថិតក្នុងភូមិចងរ៉ា ឃុំប៉ាតាងស្ រុកលំផាត់។

ការចុះរុះរើរបងបិទផ្លូវមិនឱ្យប្រជាពលរដ្ឋធ្វើដំណើឆ្លងកាត់ និងដឹកកសិផលទៅកាន់ទីផ្សារបានធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ដឹកនាំដោយលោក ខ័ណ្ឌ ចំណាន អភិបាលរងខេត្តរតនគិរី។

ជាក់ស្តែង ក្នុងការចុះរុះរើការបិទផ្លូវមិនឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់នេះដែរ លោក ឡុង ម៉េងគ្រុយ «មិនបានជំទាស់នឹងអាជ្ញាធរនោះទេ ប៉ុន្តែលោកនិយាយយ៉ាងខ្លីមកកាន់អាជ្ញាធរថាបើកផ្លូវឱ្យតែ១០ថ្ងៃទេ ពោលគឺបិទផ្លូវនឹងឡើងវិញ មិនឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់មិនដឹងថាគាត់អាងខ្នង អាងខ្សែធំប៉ុណ្ណាទេទើបហ៊ានពោលពាក្យបែបនេះ»

លោកអភិបាលរងខេត្តរតនគិរី បានគូសបញ្ជាក់ថា ក្រុមការងារចុះមកថ្ងៃនេះ តាមបទបញ្ជារបស់លោក ញ៉ែម សំអឿន អភិបាលខេត្តគឺឱ្យរុះរើរបងបិទផ្លូវដើម្បីឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ឡើងវិញ, ក្រោយពីអាជ្ញាធរជូនដំណឹងទៅលោក ឡុង ម៉េងគ្រុយ ម្ចាស់ចំការកៅស៊ូ (អ្នកបិទផ្លូវ)រុះរើដោយខ្លួនឯងតែដល់ថ្ងៃកំណត់គាត់មិនព្រមរុះរើទើបក្រុមការងាររុះរើរបងបិទផ្លូវនាថ្ងៃនេះតែម្តង។

លោក ខ័ណ្ឌ ចំណាន បញ្ជាក់ថា៖ «សូមបងប្អូនអាស្រ័យលើផ្លូវនេះសូមកុំព្រួយបារម្មណ៍រឿងម្ចាស់ចំការកៅស៊ូបិទផ្លូវម្តងទៀត, បើសិនជាគាត់ហ៊ានបិទផ្លូវដូចការលើកឡើងខាងលើនោះសូមរាយការណ៍មកអាជ្ញាធរជាបន្ទាន់ពេលនោះក្រុមការងារនឹងចុះដករបងបិទចោលហើយមិនរាងចាលទៀតនោះ គឺគាត់ប្រឈមនឹងផ្លូវច្បាប់»

តំណាងប្រជាពលរដ្ឋចំនួន១៥គ្រួសារ អាស្រ័យផ្លូវខាងលើនេះជាង១០ឆ្នាំមកហើយ សូមថ្លែងអំណរគុណក្រុមការងារទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃមកដោះស្រាយទុក្ខកង្វល់ជូនពួកគាត់៕