(ភ្នំពេញ)៖ ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ២០២២ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន គឺ ក្រុមហ៊ុន Royal Group Power Company Ltd (RGP) និង ក្រុមហ៊ុន Keppel Infrastructure Holdings Pte Ltd (KI) តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនគឺ ក្រុមហ៊ុន Keppel Energy Pte Ltd (KE) នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចុះកិច្ចព្រមព្រៀង បឋមចងកាតព្វកិច្ចប្រគល់សិទ្ធិផ្តាច់មុខ ដើម្បីសិក្សាលទ្ធភាពអភិវឌ្ឍ និងប្រតិបត្តិការរួមគ្នាលើគម្រោងថាមពលកកើតឡើងវិញនៅកម្ពុជា ដែលមានសមត្ថភាពបង្គុំប្រមាណ ២៥០០ មេហ្កាវ៉ាត់ ក្នុងគោលបំណងនាំចេញទៅសិង្ហបូរី ១០០០ មេហ្កាវ៉ាត់ តាមរយៈខ្សែបញ្ជូនតង់ស្យុងខ្ពស់ក្រោមសមុទ្រ ដែលក្រុមហ៊ុន KE គឺជាអ្នកទទួលទិញ។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងបឋមនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group Power បានថ្លែងថា «កិច្ចព្រមព្រៀងផ្តាច់មុខ ជាមួយក្រុមហ៊ុន Keppel គឺដើម្បីអភិវឌ្ឍ និងនាំចេញថាមពលរហូតដល់ ១០០០ មេហ្កាវ៉ាត់ ពីព្រះរាជាណាចក្រកម្ពុជា ទៅសាធារណរដ្ឋសិង្ហបូរី ព្រមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបញ្ជូនថាមពល សម្រាប់ដោះស្រាយការនាំចេញថាមពលពីឡាវ គឺតំណាងឲ្យការចាប់ផ្តើមនូវកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ និងក្រុមហ៊ុនទាំងពីរ»។

អ្នកឧកញ៉ា គិត ម៉េង បន្ដថា «នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការអាស៊ាន។ កិច្ចសហប្រតិបត្តិការរវាងធុរកិច្ច និងធុរកិច្ចរបស់យើង នឹងចូលរួមចំណែកយ៉ាងច្រើន ដល់ការអនុវត្តកាន់តែទូលំទូលាយនូវ ខ្សែបណ្តាញបញ្ជូនថាមពលអាស៊ាន តាមរយៈតំណភ្ជាប់ផ្នែកអគ្គិសនីក្នុងអាស៊ាន ដោយអនុវត្តនូវធាតុផ្សំជាគន្លឹះ នៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់ក្រសួងរ៉ែ និងថាមពលនៃព្រះរាជាណាចក្រកម្ពុជា និង ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបូរី ក្នុងអំឡុងពេលនៃកិច្ចប្រជុំរដ្ឋមន្ត្រីថាមពលអាស៊ានលើកទី៤០ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២»

កិច្ចព្រមព្រៀងនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ KI ក្នុងការស្វែងរកធនធានថាមពលប្រកបដោយចីរភាព និងអាចទុកចិត្តបាន ដែលជួយគាំទ្រដល់ពាណិជ្ជកម្មថាមពលឆ្លងកាត់ព្រំដែនអាស៊ាន ដោយរាប់បញ្ចូលទាំងការនាំចូលថាមពលបៃតងទៅសឹង្ហបូរីផងដែរ។

លោកស្រី Cindy Lim ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន KI បានថ្លែងថា «កិច្ចព្រមព្រៀងនេះ ជាជំហានដ៏សំខាន់ ក្នុងពន្លឿនការអភិវឌ្ឍធនធានថាមពលកកើតឡើងវិញ ក៏ដូចជាចាប់យកកាលានុវត្តភាព ដែលកើតចេញពី ចក្ខុវិស័យខ្សែបណ្តាញបញ្ជូញថាមពលអាស៊ាន នៃពាណិជ្ជកម្មអគ្គិសនីពហុភាគី លើសពីព្រំដែនអន្តរជាតិ ដោយរាប់បញ្ចលទាំងការនាំចូល ជាសក្តានុពលនូវអគ្គិសនី ដែលមានកាបូនទាបទៅកាន់សិង្ហបូរី»

លោកស្រីបន្ដថា «តាមរយៈកិច្ចព្រមព្រៀងនេះ មិនត្រឹមតែអាស៊ាន អាចឆ្លងឆ្ពោះទៅរកថាមពលចម្រុះបៃតងយ៉ាងលឿនប៉ុណ្ណោះទេ គឺថែមទាំងជួយជម្រុញភាពធន់ នឹងថាមពលសម្រាប់សិង្ហបូរី និងតំបន់ផងដែរ។ ក្រុមហ៊ុន Keppel Infrastructure មានសេចក្តីសោមនស្សរីករាយ ក្នុងការពង្រីកភាពជាដៃគូជាមួយកម្ពុជា និងទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន Royal Group Power ដើម្បីផ្តល់ជូននូវដំណោះស្រាយថាមពល រួមនិងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ដែលប្រកបដោយចីរភាព និងអាចពង្រីកវិសាលភាពបាន ដើម្បីបំពេញតាមកំណើនតម្រូវការក្នុងតំបន់»៕