(ភ្នំពេញ)៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ លើកទី៤១ កិច្ចប្រជុំកំពូលពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន និងកិច្ចសន្ទនាអាស៊ានជាសាកលលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បាន និងកំពុងរៀបចំឡើងចាប់ពីថ្ងៃទី១០ ដល់ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ តាមទម្រង់ដោយផ្ទាល់។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានប្តូរវេន បានចាប់ផ្តើមដឹកនាំកិច្ចប្រជុំដ៏សំខាន់ៗទាំងនេះជាបន្តបន្ទាប់។
កម្ពុជាបានក្លាយជាសមាជិកអាស៊ាន កាលពីខែមេសា ឆ្នាំ១៩៩៩ ហើយបានធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ាន ២លើករួចមកហើយ កាលពីឆ្នាំ២០០២ និង២០១២។ ចំពោះភាពជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំនេះ ត្រូវបានប្រជាពលរដ្ឋខ្មែរយល់ឃើញថា នឹងកាន់តែនាំមកនូវកិត្តិយស និងកិត្យានុភាពជាតិថែមទៀត។
លោក នួន ភារម្យ អតីតនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានលើកឡើងថា ក្នុងនាមលោកជាប្រជាពលរដ្ឋមួយរូប ក៏ដូចជាប្រជាពលរដ្ឋទូទៅ លោកពិតជាមានមោទកភាព និងភាពសប្បាយរីករាយយ៉ាងខ្លាំងក្លា ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាននេះ ព្រោះមានបណ្តាប្រទេសមហាអំណាចចូលរួមផង។ លោកបន្តថា ក្នុងនេះផងដែរ កិច្ចប្រជុំនេះគឺពិតជាផ្តល់សារៈសំខាន់ចំពោះប្រទេសកម្ពុជា និងបណ្តាលប្រទេសអាស៊ាន ដោយក្នុងនោះ៖
* ១៖ ជួយលើកតម្កើងកិត្តិយស និងកិត្យានុភាពជាតិ៖ ក្នុងនាមជាប្រទេសប្រធានអាស៊ានប្តូរវេន ដែលអាចរៀបចំកិច្ចប្រជុំកំពូលដោយមានការចូលរួមពីបណ្តាប្រទេសមហាអំណាចធំៗ ជាពិសេសសហរដ្ឋអាមេរិក ដែលនេះបង្ហាញពីភាពសុខដុមរមនា សន្តិភាពពេញលេញ សន្តិសុខ និងសណ្តាប់ធ្នាប់ ដែលជាទំនុកចិត្តពេញទីរបស់ប្រទេសសមាជិកនៃកិច្ចប្រជុំ។
* ២៖ ពង្រីកទីផ្សារ និងបង្កើនឱកាសសេដ្ឋកិច្ច៖ ពិតណាស់កិច្ចប្រជុំកំពូលអាស៊ាន នឹងមានគណៈប្រតិភូនៃបណ្តាប្រទេសជាច្រើន ស្របជាមួយគ្នានេះ បណ្តាវិនិយោគិន នឹងសម្លឹងឃើញភាពរីកចម្រើន ជាពិសេសកាលានុវត្តភាពនៃការវិនិយោគបណ្តាក់ទុន នៅក្នុងប្រទេសកម្ពុជា តាមរយៈនៃកិច្ចប្រជុំនេះ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយនិយាយដោយឡែក។
* ៣៖ មួយវិញទៀត កិច្ចប្រជុំនេះ ក៏ជាវិធីសាស្ត្រនៃការទាក់ទាញបណ្តាភ្ញៀវទេសចរណ៍ ចូលមកទស្សនានៅក្នុងប្រទេសកម្ពុជា ដោយក្នុងកិច្ចប្រជុំនេះ នឹងមានទស្សនកិច្ចរបស់ប្រទេសនៃសមាជិកនៃកិច្ចប្រជុំទៅទស្សនានៅតំបន់អង្គរ ដែលជាធាតុចម្បងក្នុងការផ្សព្វផ្សាយទៅកាន់ពិភពលោក ពីតំបន់ទេសចរណ៍នៅក្នុងប្រទេសកម្ពុជាផងដែរ។
លោក នួន ភារម្យ បានបន្ថែមថា សម្រាប់ក្របខណ្ឌអាស៊ាន ដូចដឹងស្រាប់ហើយថា អាស៊ានបានខកខានកិច្ចប្រជុំដោយសារវិបត្តិនៃការឆ្លងរាតត្បាតនៃកូវីដ ដូចនេះកិច្ចប្រជុំក្នុងឆ្នាំនេះ គឺពិតជាផ្តល់សារៈសំខាន់សម្រាប់ប្រទេសជាសមាជិកអាស៊ាន ដោយក្នុងនោះដូចជា ការពង្រឹងទំនាក់ទំនង សាមគ្គីភាព នៃបណ្តាលប្រទេសជាសមាជិក ដោយជ្រកនៅក្រោមធម្មនុញ្ញ នៃសមាគមប្រជាជាតិអាស៉ីអាគ្នេយ៍ និងការស្វែងរកដំណោះស្រាយ ដ៏ជាក់ច្បាស់ ក្នុងនាមជាប្រទេសជាសមាជិក ដើម្បីដោះស្រាយវិបត្តិនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
«ជារួមមក កិច្ចប្រជុំកំពូលអាស៊ានលើកនេះ ពិតជាផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់ប្រទេសកម្ពុជា និងបណ្តាប្រទេសដែលជាសមាជិកនៃកិច្ចប្រជុំ»។ នេះបើតាម លោក នួន ភារម្យ។
ស្របពេលជាមួយគ្នានេះ លោក ប៊ុនថន សុខាណារិទ្ធ កម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល ក៏បានសម្តែងមោទនភាព ដែលលោកបានកើតទាន់ ពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ាន ដល់ទៅ៣លើក។ លោកបានលើកឡើងពីគុណសម្បត្តិនៃសន្តិភាព ដែលនាំឲ្យកម្ពុជាក្លាយជាទីកន្លែងរៀបចំមហាព្រឹត្តិការណ៍បែបនេះ។
លោកថ្លែងថា «មុនឆ្លើយសំណួរនេះ ខ្ញុំសូមលើកយកចំណុចចាប់អារម្មណ៍ធំពីរ គឺទី១៖ សូមនិយាយពាក្យថាអរគុណសន្តិភាព! បើគ្មានសន្តិភាពទេយើងមិនអាចរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់បែបនេះបានទេ, ទី២៖ បើគ្មានអភិបាលកិច្ចល្អក្នុងការគ្រប់គ្រង និងចាត់ចែងព្រមទាំងការចូលរួមរបស់ប្រជាជនក្នុងការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ គឺយើងក៏បាត់បង់ឱកាសក្នុងការរៀបចំកិច្ចប្រជុំដោយផ្ទាល់បានដែរ។ ខ្ញុំពិតជាមានមោទនភាពក្នុងនាមជាខ្មែរ ឆ្នាំ២០២២នេះជាលើកទី៣ហើយ ដែលយើងមានកិត្តិយសបានធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ បន្ទាប់ពីឆ្នាំ ២០០២ និង២០១២»។
លោកបន្ថែមថា ជាការពិត តួនាទីជាប្រធានអាស៊ានអាចជាមោទនភាពផង ជាសម្ពាធផង និងជាឱកាសផង។ អ្វីដែលជាឱកាសសម្រាប់កម្ពុជានាពេលនេះ គឺអាចបង្ហាញដោយក្តីមោទនភាពថា កម្ពុជាពីមុន ជាប្រទេសត្រូវទទួលរងការហ៊ុមព័ទ្ធ និងឯកោទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ច តែឥឡូវកម្ពុជាបានសមាហរណកម្មខ្លួនយ៉ាងសកម្ម និងដើរតួនាទីដោយស្មើសិទ្ធិ និងស្មើភាពក្នុងគ្រប់កិច្ចការតំបន់និងនៅលើឆាកអន្តរជាតិ។ ជាមួយគ្នានេះដែរ តួនាទីកម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២នេះ វាជាឱកាសដែលកម្ពុជាអាចបង្ហាញពីសមត្ថភាព និងហិរញ្ញវត្ថុក្នុងការរៀបចំព្រឹត្តិការណ៍អន្តរជាតិដ៏ធំបែបនេះ ហើយព្រឹត្តិការណ៍នេះ នឹងជួយលើកមុខមាត់កម្ពុជា ទាំងវិស័យនយោបាយ ការទូត សេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍។
លោក ប៊ុនថន សុខាណារិទ្ធ បន្តថា «បើខ្ញុំចាំមិនភ្លេចទេ ខ្ញុំធ្លាប់បានស្តាប់លឺការលើកឡើងរបស់ ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជាថា កិច្ចការទាំងនេះ គឺកម្ពុជាបានចាប់ផ្តើមគិតគូរប្រកបដោយការពិចារណា និងសិក្សារួចរាល់ ហើយបានធ្វើការសិក្សាយ៉ាងស៉ីជម្រៅ ដោយបានរៀបចំតាំងពីមុនពេលដែលកម្ពុជា បានទទួលតំណែងជាប្រធានប្តូរវេនអាស៊ាននាឆ្នាំ២០២២ នេះមកម្ល៉េះ ហើយខណៈដែលពិភពលោកនាពេលបច្ចុប្បន្ននេះពោរពេញដោយបញ្ហាចាក់ស្រេះទាំងក្នុងតំបន់ និងពិភពលោក»។
ទន្ទឹមនេះ លោក គង់ សុទ្ធារិទ្ធ ជាសិល្បករមួយរូប បានឲ្យដឹងដែរថា លោកពិតជាមានក្ដីសោមនស្សរីករាយ ដែលព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រធានប្ដូរវេនអាស៊ាន នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១។
សិល្បករដែលនឹងត្រូវសម្តែង ក្នុងព្រឹត្តិការណ៍អាស៊ានដែរនោះ បានបន្ថែមថា ជាការពិតណាស់ កិច្ចប្រជុំកំពូលអាស៊ាន គឺបានផ្តល់អត្ថប្រយោជន៍ច្រើនដល់សហគមន៍រួម ជាពិសេសក្រោយបរិបទកូវីដ-១៩ បានធ្វើឲ្យប្រជាជាតិនីមួយៗ បានឃើញ និងយល់កាន់តែច្បាស់អំពីការរួមគ្នាដោះស្រាយបញ្ហាប្រឈម ការគិតគូពីភាពធន ការពង្រឹងគុណភាពសន្តិសុខ ការជំរុញកំណើនសេដ្ឋកិច្ច សាមគ្គីភាព សុខដុមភាព វិបុលភាព ការលើកស្ទួយសហមគមន៍ សង្គមវប្បធម៌ និងការរីកចម្រើនរួមគ្នា ឆ្ពោះទៅសម្រេចគោលដៅរួមនៃអាស៊ាន។
«ក្នុងនាមសិល្បករ ១រូប ដែលនឹងចូលរួមក្នុងកម្មវិធីសម្ដែងសិល្បៈ ក្នុងព្រឹត្តិការណ៍ដ៏មហស្ចារ្យនេះ ដែល ១០ឆ្នាំទើបដល់ពេលប្ដូរវេនម្ដង ខ្ញុំពិតជាមានក្តីសប្បាយរីករាយ និងមានកិត្តិយសធំធេងដែលទទួលបានឱកាសចូលរួមច្រៀងសម្តែងជូនថ្នាក់ដឹកនាំនៃបណ្ដាប្រទេសនានា»។ នេះបើតាមលោក គង់ សុទ្ធារិទ្ធ។
បន្ថែមលើនេះ លោក អ៊ុន ជឹម ជាអ្នកសិក្សាជំនាញវិទ្យាសាស្ត្រនយោបាយ បានលើកឡើងថា កិច្ចប្រជុំអាស៊ាន ក្នុងនាមកម្ពុជាជាម្ចាស់ប្រទេស និងជាមេដឹកនាំអាស៊ានលើកទី៣នេះ មានអត្ថប្រយោជន៍ធំៗ៤យ៉ាងគឺ៖
១៖ មុខមាត់ប្រទេស និងការទូតរបស់កម្ពុជាមានការរីកធំធាត់ និង មានការទទួលស្គាល់ខ្លាំងក្លាជាងអាណត្តិមុនៗ
២៖ ពង្រឹកសាមគ្គីភាពផ្ទៃក្នុងអាស៊ាន និង ប្រទេសមហាអំណាចទាំងសេដ្ឋកិច្ច និង យោធា
៣៖ កម្ពុជាក្លាយជាអ្នកការទូត និង ជាអ្នកសម្របសម្រួលដោះស្រាយវិបត្តិជម្លោះផ្ទៃក្នុងរបស់អាស៊ាន ដោយមិនឲ្យមានជ្រៀតជ្រៃផ្ទៃក្នុងនៃប្រទេសនីមួយៗ ដូចជាជម្លោះការទូត លើដែនកោះទាំង៥ប្រទេសជាមួយចិនជាដើម និង ជម្លោះប្រដាប់អាវុធនៅភូមាបានចចារជាច្រើនលើក តែមេដឹកនាំអាស៊ានអាណត្តិមុនភូមាមិនបើកទ្វាឲ្យចចារឡើយ
៤៖ កម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន បានដើរតួនាទីជាអ្នកសហការដ៏ស្អិតរមួតជាមួយអង្គការសហប្រជាជាតិ និង ជាអ្នកដើរតួនាទីជួយសម្របសម្រួលជម្លោះប្រដាប់អាវុធរវាងរុស្ស៉ី និង អុយក្រែនទៀតផង។
បើតាមលោក អ៊ុន ជឹម បានលើកឡើងទៀតថា ជាការពិតក្នុងអាណត្តិកម្ពុជាជាប្រធានអាស៊ាននេះ អាស៊ាន និង ពិភពលោកទាំងមូល បានប្រឈមមុខនឹងវិបត្តិជាច្រើន តែវិបត្តិធំៗមាន៤គឺ៖
* វិបត្តិមេរោគកូវីដ១៩ កម្ពុជាបានចូលរួមដោះស្រាយ និង ចូលរួមការពាររហូតបានលទ្ធផលល្អគួរឲ្យកោតសរសើរ
* វិបត្តិជម្លោះនៅភូមា កម្ពុជាបានដើរតួនាទីផ្សះផ្សាជម្លោះគ្រប់ភាគី
* ជម្លោះរុស្ស៉ី និង អ៊ុយក្រែន ក៏កម្ពុជាបានកំពុងដើរតួនាទីជាអ្នកសម្របសម្រួល រហូតមានការកោតសរសើរអំពីអ្នកកាសែតជើងចាស់នៅប្រទេសថៃ
* ជំរុញសេដ្ឋកិច្ច ព្រោះគ្រប់កិច្ចប្រជុំកំពូលកំពូលរបស់អាស៊ានបូក តែងតែនាំមកនូវអ្នកធុរកិច្ចសាកល មកសិក្សានិងវិនិយោគ ជាមួយនឹងលក្ខខណ្ឌដែលមានការយោគយល់រវាងប្រទេសនិងប្រទេស ហើយកិច្ចការទាំងអស់នេះធ្វើឲ្យកម្ពុជាស្រូបទាញវិនិយោគិនជាច្រើនមកបណ្ដាក់ទុន ក្នុងផ្នែកឧស្សាហកម្មធុនស្រាលជាច្រើន ព្រមទាំងបណ្ដាក់ទុនផ្នែកអចលនទ្រព្យ និងធនាគារ។
លោក អ៊ុន ជឹម បានបន្តថា កាលអាណត្តិទី១ និង ទី២ កម្ពុជាជាម្ចាស់ផ្ទះដឹកនាំអាស៊ាន ហើយក៏ដូចមេដឹកនាំអាស៊ានដទៃៗអាណត្តិមុនៗដែរ គឺបានត្រឹមរឹតចំណងមិត្តភាពក្នុងអាស៊ាន និងចំណងមិត្តភាពជាមួយមហាអំណាចសេដ្ឋកិច្ច និងយោធា និង ពង្រឹងសេដ្ឋកិច្ចតំបន់ តែពេលនេះ កម្ពុជាបានឈានដល់ចំណុច៣លើសមុនៗ គឺ ដោះស្រាយវិបត្តិកូវីដ១៩ វិបត្តិជម្លោះប្រដាប់អាវុធនៅភូមា និង ជម្លោះប្រដាប់អាវុធរវៀងរុស្ស៉ី និង អ៊ុយ ក្រែន។
«សរុបមក កម្ពុជាជាប្រធានអាស៊ាន ក្រោមការដឹកនាំរបស់សម្តេចតេជា ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានបំពេញតួនាទីបានល្អគួរជាទីមោទនៈរបស់អាស៊ាន និង ក៏គួរជាទីមោទនៈបំផុតសម្រាប់កម្ពុជាទាំងមូលដែរ»។ នេះជាការបញ្ជាក់ពីលោក អ៊ុន ជឹម។
សម្រាប់ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបង្ហាញអត្ថន័យដ៏ជ្រាលជ្រៅចំនួន៥ចំណុច នៅពេលដែលកម្ពុជា កំពុងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។
ខ្លឹមសារដែលភ្ជាប់ជាមួយរូបភាព សម្ដេចតេជោ ហ៊ុន សែន និងមេដឹកនាំអាស៊ាន ចូលគាល់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ហ៊ុន ម៉ានី សរសេរសារ រៀបរាប់ថា នេះមិនត្រឹមតែជាអត្ថរូប ប៉ុន្តែថែមទាំងជាអត្ថន័យដ៏ជ្រាលជ្រៅ ដែលបង្ហាញថា៖
* ទី១៖ កម្ពុជា មានសន្តិភាពពេញលេញ ដែលអនុញ្ញាតឲ្យប្រទេសនេះ មានលទ្ធភាពគ្រប់គ្រាន់ក្នុងការទទួលស្វាគមន៍នូវរាល់វត្តមានរបស់ថ្នាក់ដឹកនាំកំពូលៗ របស់ពិភពលោក និងតំបន់ ក៏ដូចជាប្រធានស្ថាប័ន និងអង្គការអន្តរជាតិធំៗនានា
* ទី២៖ កម្ពុជា មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលនានាជាអាទិ៍ កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនេះឆ្លុះបញ្ជាំងឲ្យឃើញពីសមត្ថភាពនៃការដឹកនាំ ធនធានមនុស្សដ៏មានសក្តានុពល និងបរិយាកាសប្រកបដោយភាពអំណោយផល
* ទី៣៖ កម្ពុជា មានសិទ្ធិ និងអំណាច ស្មើមុខស្មើមាត់ដូចបណ្តាប្រទេសនានាក្នុងពិភពលោក ដែលជាអាទិ៍រួមមានសិទ្ធិក្នុងការផ្តួចផ្តើម កំណត់ចក្ខុវិស័យ បង្កើតយន្តការដោះស្រាយបញ្ហាតំបន់ និងពិភពលោក
* ទី៤៖ កម្ពុជា បានប្រែក្លាយពីប្រទេសដែលធ្លាប់បានញ៉ាំញីដោយផេះផង់នៃភ្លើងសង្រ្គាម និងជម្លោះផ្ទៃក្នុងដ៏រ៉ាំរ៉ៃ ភាពអត់ឃ្លាន ការរំលោភសិទ្ធិមនុស្ស មកជាប្រទេសដែលមានការអភិវឌ្ឍលើគ្រប់វិស័យ ការគោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងជាប្រទេសនីតិរដ្ឋពិតៗ
* ទី៥៖ កម្ពុជា កំពុងដើរលើផ្លូវដ៏ត្រឹមត្រូវបំផុត ក្រោមការដឹកនាំដ៍ឈ្លាសវៃ និងប៉ិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ក្នុងន័យនេះ យើងទាំងអស់គ្នា ត្រូវពួតដៃគ្នារក្សាសន្តិភាព និងបន្តជំរុញនូវភាពរុងរឿងនេះតទៅមុខទៀត ដើម្បជាតិ និងមាតុភូមិយើង»។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បញ្ជាក់ថា ព្រឹត្តិការណ៍ថ្នាក់កំពូលដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេល ៤ថ្ងៃនេះ រួមមាន៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២៣ កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៥ កិច្ចប្រជុំកំពូលរំលឹកខួប៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី១០ កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី២ កិច្ចប្រជុំកំពូលរំព្ញកខួបនៃទំនាក់ទំនងអាស៊ាន-កាណាដា កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ និងកិច្ចប្រជុំកំពូលអាស៉ីបូព៌ា លើកទី១៧៕