(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងជំនួបពិភាក្សាជាមួយប្រធានាធិបតីហ្វីលីពីន បានអំពាវនាវឱ្យហ្វីលីពីននាំចូលអង្ករ និងផលិតផលកសិកម្មផ្សេងៗទៀតពីកម្ពុជា ឱ្យបានកាន់តែច្រើនថែមទៀត។

ជំនួបទ្វេភាគីរវាង សម្តេចតេជោ ហ៊ុន សែន និងលោក Ferdinand Romualdez Marcos Jr. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន បានធ្វើឡើង នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ខណៈដែលប្រធានាធិបតីទើបជាប់ឆ្នោតមួយនេះ មកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅកម្ពុជា។

«សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យហ្វីលីពីននាំចូលអង្ករ និងផលិតផលកសិកម្មផ្សេងៗទៀតពីកម្ពុជាឱ្យបានកាន់តែច្រើន ជាពិសេសបានជំរុញឱ្យហ្វីលីពីនវិនិយោគលើវិស័យកសិកម្មរបស់កម្ពុជា ដូចជាក្នុងដំណើរការរោងម៉ាស៊ីនកិនស្រូវសម្រាប់ការនាំចេញទៅកាន់ប្រទេសហ្វីលីពីន ដើម្បីបំពេញតម្រូវការរបស់ប្រទេសនេះ»។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា អំពីលទ្ធផលជំនួប។

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រធានាធិបតី Marcos បានបង្ហាញនូវសេចក្តីប៉ងប្រាថ្នាដូចគ្នា និងបានពិភាក្សាអំពីវិធានការនានាដើម្បីពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសលើវិស័យការពារជាតិ ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។ ក្នុងន័យនេះ ថ្នាក់ដឹកនាំទាំងពីរបានលើកទឹកចិត្តឱ្យក្រសួង/ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរអនុវត្តឱ្យបានពេញលេញ និងមានប្រសិទ្ធភាពនូវឯកសារនានាដែលបានចុះហត្ថលេខារួច។

ថ្នាក់ដឹកនាំទាំងពីរបានកត់សម្គាល់ដោយក្តីសោមនស្សចំពោះការកើនឡើងឡើងវិញនូវការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគី បន្ទាប់ពីវិបត្តិនៃជំងឺរាតត្បាត។ ថ្នាក់ដឹកនាំទាំងពីរក៏បានកត់សម្គាល់ពីភាពចាំបាច់ក្នុងការជំរុញភាពជាដៃគូនៃវិស័យរដ្ឋ និងឯកជន និងការជំរុញទំហំពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីបន្ថែមទៀត។

ការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិសម្រាប់រយៈពេល ១០ខែ កើនបាន១០.៦៧% ដែលមានបរិមាណសរុបចំនួន ៥០៩ ២៤៩តោន ដែលគិតជាទឹកប្រាក់មានចំនួន ៣២៣.៩០លានដុល្លារសហរដ្ឋអាមេរិក។

ក្នុងរយៈពេល១០ ខែនៃឆ្នាំ ២០២២ ប្រទេសកម្ពុជាបាននាំចេញអង្ករគ្រប់ប្រភេទបាន ចំនួន ៥០៩ ២៤៩តោនទៅ កាន់គោលដៅចំនួន ៥៦ប្រទេស ដែលក្នុងនោះប្រទេសចិន និងតំបន់ស្វ័យតហុងកុង ម៉ាកាវ ចំនួន ២៣១ ៨៧៣ តោន ប្រទេសនៅក្នុងទ្វីបអ៊ឺរ៉ុបចំនួន២៥ប្រទេស បានចំនួន ១៧៩ ០៧៣តោន ប្រទេសសមាជិកអាស៊ានចំនួន៤ប្រទេស បានចំនួន ៤៨ ២៥៣តោន និង ២៥ប្រទេសផ្សេងទៀតបានចំនួន ៥០ ០៥០តោន៕