(ឧត្តរមានជ័យ)៖ ដើម្បីរួមចំណែកពង្រឹងភាពធន់របស់សង្គមជាតិ និងកាត់បន្ថយការរងគ្រោះថ្នាក់ ដោយសារមីន ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់ ដែលគំនិតផ្តួចផ្តើមដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានបន្តផ្តល់ជូនដល់ជូនប្រជាពលរដ្ឋក្រីក្រ ប្រឈមនឹងគ្រោះថ្នាក់ដោយសារមីនចំនួន ១០០គ្រួសារទៀត នៅក្នុងក្រុង-ស្រុកចំនួន៣ នៃខេត្តឧត្តរមានជ័យ។
ក្នុងមួយគ្រួសារ ទទួលបានថវិកាចំនួន ១លានរៀល សម្រាប់យកទៅប្រកបមុខរបរកសិកម្ម លក់ដូរ និងចិញ្ចឹមសត្វ កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២២នេះ។
សម្រាប់ឆ្នាំ២០២២នេះ នៅខេត្តឧត្តរមានជ័យ មានប្រជាពលរដ្ឋបានទទួលប្រាក់កម្ចីសរុបចំនួន ១៥០គ្រួសារ បន្ថែមពីលើប្រជាពលរដ្ឋចំនួន ៥៦គ្រួសារ ដែលកំពុងបង្វិលថវិកា ដែលពួកគាត់ទទួលបានកាលពីឆ្នាំ២០១៩ យកទៅពង្រីកមុខរបរ ធ្វើឱ្យកម្រិតជីវភាពគ្រួសារ របស់ពួកគាត់មានភាពល្អប្រសើរឡើង។
កម្មវិធីប្រគល់-ទទួលប្រាក់កម្ចីខាងលើនេះ បានប្រព្រឹត្តទៅក្រោមវត្តមានលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ហើយធ្វើឡើងនៅទីតាំងចំនួន ៣ផ្សេងគ្នា គឺទីតាំងទី១ ស្ថិតនៅមណ្ឌលសុខភាពគោកមន សម្រាប់ប្រជាពលរដ្ឋរស់នៅ ស្រុកបន្ទាយអំពិលចំនួន ២៥គ្រួសារ, ទីតាំងទី២ ស្ថិតនៅសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ សម្រាប់ប្រជាពលរដ្ឋរស់នៅ ក្រុងសំរោងចំនួន ២០គ្រួសារ និងទីតាំងទី៣ ស្ថិតនៅអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកចុងកាល់ សម្រាប់ប្រជាពលរដ្ឋរស់នៅស្រុកចុងកាល់ចំនួន ៥៥គ្រួសារ។
លោកស្រីអគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងការគិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសលើកទឹកចិត្តខិតខំពង្រីកមុខរបរ បង្កបង្កើនផល ដើម្បីលើកស្ទួយជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង។
លោកស្រីបានលើកឡើងថា «សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដែររស់នៅតាមតំបន់ឆ្ងាយដាច់ស្រយាល ធ្លាប់ជាទីតាំងសមរភូមិសង្គ្រាម ដែលបន្សល់ទុកនូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ហើយប្រឈមនឹងការរងគ្រោះថ្នាក់ដោយសារមីន។ ដូចនេះ កាកបាទក្រហមកម្ពុជា តែងតែធ្វើការចុះអប់រំផ្សព្វផ្សាយអំពីមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក៏ដូចជាបន្តអនុវត្តផ្តល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់ ជូនដល់ប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយការប្រកបរបរចូលព្រៃដែលប្រឈមនឹងគ្រោះថ្នាក់នានា» ។
លោកស្រីបានគូសបញ្ជាក់ដែរថា «ឆ្លើយតបតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាកបាទក្រហមកម្ពុជា ក៏បានចុះអនុស្សរណៈប្រគល់ថវិកាចំនួន ២លានដុល្លារអាម៉េរិក ជូនដល់ អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) ដើម្បីចូលរួមជាចលនាជាតិឆ្ពោះទៅរកសូន្យគ្រាប់មីននៅឆ្នាំ២០២៥»។
ថ្លែងក្នុងឱកាសនោះដែរ លោកស្រីអគ្គលេខាធិការរងទី១ ក៏បានផ្តាំផ្ញើជូនដល់ប្រជាពលរដ្ឋទាំងអស់ សូមថែទាំសុខភាពឱ្យបានល្អទាំងសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត ត្រូវរស់នៅមានអនាម័យ ពិសាទឹកឆ្អិន ជាពិសេសត្រូវឧស្សាហ៍ក្នុងការដាំដំណាំបន្លែបង្ការក្នុងគ្រួសារ ដើម្បីលើកកម្ពស់សុវត្ថិភាពអាហារ និងជីវភាពគ្រួសារ។
ទន្ទឹមនឹងនេះ ត្រូវមានស្មារតីប្រុងប្រយ័ត្នរាល់ពេលធ្វើដំណើរដោយត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ហើយត្រូវប្រុងប្រយ័ត្នពីគ្រោះថ្នាក់ ឬក៏ជំងឺផ្សេងៗដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុផងដែរ។
សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៥ ដល់ឆ្នាំ២០២២នេះ កាកបាទក្រហមកម្ពុជា បានផ្តល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់ ជូនដល់គ្រួសារយុទ្ធជន-អតីតយុទ្ធជន គ្រួសារប្រឈមនិងរងគ្រោះថ្នាក់ដោយសារមីន គ្រួសារមានពិការភាព និងគ្រួសារក្រីក្រសរុបចំនួន ៨,១១៥គ្រួសារ ដែលរស់នៅខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ កណ្តាល និងព្រះវិហារ ហើយដែលប្រាក់កម្ចីនេះ បាននិងកំពុងជួយកាត់ដបន្ថយការរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ព្រមទាំងបានកែប្រែជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋឱ្យល្អប្រសើរឡើង តាមរយៈការប្រកបរបរដាំដំណាំ ចិញ្ចឹមសត្វ លក់ដូរ កាត់ដេរ អ៊ុតសក់ ជួសជុលកង់ម៉ូតូ។ល។
បច្ចុប្បន្ននេះ ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់របស់កាកបាទក្រហមកម្ពុជា បាននិងកំពុងអនុវត្តនៅតាមក្រុង-ស្រុកគោលដៅចំនួន១៣ ក្នុងខេត្តឧត្តរមានជ័យ ព្រះវិហារ និងខេត្តពោធិ៍សាត់៕