(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត​ មេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ តាមរយៈវីដេអូឃ្លីបបង្ហោះលើ Facebook ផ្លូវការរបស់លោកបានបញ្ជាក់ពីការផ្តួចផ្តើម ដឹកនាំចងក្រង និងជំរុញការដាក់បញ្ចូលក្បាច់គុន កងយោធពលខេមរភូមិន្ទ ក្នុងការហ្វឹកហ្វឺនកងទ័ព មានគោលបំណងធំៗពីរ។

គោលបំណងធំៗទាំងពីរនោះរួមមាន ១៖ ពង្រឹងយុទ្ធវិធីប្រយុទ្ធ រួមទាំងវិន័យ និងកាយសម្បទារបស់យោធិន និង២៖ ចូលរួមថែរក្សាកេរ្តិ៍តំណែលមួយ របស់បុព្វបុរសខ្មែរ ក្នុងវិស័យការពារជាតិ។

លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានថ្លែងថា «ខ្ញុំចូលរួមរៀបចំផ្ទាល់។ រឿងកើតឡើងពីថ្ងៃមួយ មកពីប្រជុំនៅអឺរ៉ុបមកភ្នំពេញ កាត់សិង្ហបុរី អង្គុយធ្វើឯកសារពេលព្រឹក ងាកទៅឃើញក្បាច់គុន ក្នុងរឿងកុនចិនមួយ ប៉ូលិសហុងកុង គេហាត់ក្បាត់គុនកុងហ្វូ ខ្ញុំទៅកូរ៉េ គេហាត់តៃខ្វាន់ដូឲ្យកងទ័ព ទៅជប៉ុនគេហាត់ការ៉ាតេដូ ហើយនៅកម្ពុជាយើង យើងមានហាត់តៃខ្វាន់ដូ ចុះក្បាច់គុនល្បុក្កតោ ដែលប្រទេសយើងអាណាច្រកខ្មែរពីដើម ខ្លាំងមួយដោយសារកងទ័ព ហើយក្បាច់គុននេះ គឺជាក្បាច់គុនឈ្នះសង្គ្រាម ហេតុអីក៏យើងមិនយកមក។ ពេលនោះចុចទូរស័ព្ទភ្លាមមកឯកឧត្តម ប៉ុល សារឿន ពេលនោះគាត់ជាអគ្គមេបញ្ជាការ ឯកឧត្តម ឥត សារ៉ាត់ គាត់ឯកភាពភ្លាម។ ទាន់យើងមានឱកាសធ្វើទៅ ទាន់យើងអាចចូលរួមបានធ្វើទៅ អ្វីដែលយើងអាចូលរួមបាន ដើម្បីផលប្រយោជន៍ជាតិ អីចឹងបានរៀបចំចេញមក ពេលដែលយើងរៀបចំនោះ យើងថាមិនត្រឹមតែយកល្បុក្កតោទេ យើងមានយុទ្ធគុនខម និងមានប្រដាល់សេរី ដែលជាគុនខ្មែរ បានទៅហៅបីសមាគមមកផ្គុំគ្នាចេញបណ្តុះបណ្តាលគ្រូ»

លោកបណ្ឌិតសង្កត់ធ្ងន់ថា «ផលនៃការដាក់បញ្ចូលក្បាច់គុន កងយោធពលខេមរភូមិន្ទបានពីរ៖ ផលទី១ ទ័ពណាក៏ត្រូវតែហ្វឹកហ្វឺនក្បាច់គុនដែរ វាជាយុទ្ធវិធីប្រយុទ្ធ យើងសម្រាប់ការការពារខ្លួន ការពារជាតិ និងប្រើប្រាស់ចាំបាច់នៅលើសមរភូមិ កាយសម្បទាយើងក៏ល្អ ហាត់ក្បាច់គុនក៏វិន័យដែរ មិនខុសពីហាត់ទ័ពទេ។ ប៉ុន្តែការងារធំមួយទៀត ដែលយើងដាក់បញ្ចូលក្បាច់គុនក្នុងកងយោធពលខេមរភូមិន្ទ គឺជួយថែរក្សានូវសម្បត្តិវប្បធម៌ នូវកេរ្តិ៍ដំណែលមួយរបស់បុព្វបុរសយើង ក្នុងវិស័យកងទ័ព»