(ភ្នំពេញ)៖ លោកបណ្ឌិត គង់ ភោគ អ្នកនាំពាក្យផ្លូវការ នៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២២នេះ បានលើកឡើងថា ទោះបីគ្មានមីយ៉ាន់ម៉ា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ក៏មិនប៉ះពាល់ដល់គោលការណ៍កុងសង់ស៉ីដែរ។

ពេលធ្វើសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ លោកបណ្ឌិត គង់ ភោគ បានពន្យល់ថា មិនប៉ះពាល់គោលការណ៍កុងសង់ស៉ី ទោះគ្មានវត្តមានមីយ៉ាន់ម៉ា ដោយសារអាស៊ានបានអញ្ជើញតំណាងមិនមែនកម្រិតនយោបាយ មកចូលរួមប្រជុំ តែមីយ៉ាន់ម៉ាខ្លួនឯងជាអ្នកពហិការ។ លោកបន្តថា ការអញ្ជើញកម្រិតមិនមែននយោបាយ ដោយសារប្រទេសសមាជិកអាស៊ាន យល់ឃើញថា វឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀង ៥ចំណុច របស់មីយ៉ាន់ម៉ា នៅមានកម្រិតតិចតួច។

អ្នកនាំពាក្យបានបញ្ជាក់យ៉ាងដូច្នេះថា «ពាក់ព័ន្ធនឹងបញ្ហាតំណាងមិនមែនមីយ៉ាន់ម៉ា ដោយសារតែមិនមើលឃើញពីការរីកចម្រើនទៅដល់កម្រិត ដែលធ្វើឲ្យប្រទេសសមាជិកផ្សេងទៀត គាត់មានអារម្មណ៍ថា តំណាងនយោបាយគួរតែចូល យើងបន្តអញ្ជើញតំណាងមិនមែននយោបាយពីមីយ៉ាន់ម៉ា។ ដោយសារតែយើងអញ្ជើញកម្រិតមិនមែននយោបាយ គាត់ក៏សម្រេចចិត្តមិនបញ្ជូននរណា មកចូលរួមក្នុងកិច្ចប្រជុំនេះដែរ។ ប៉ុន្តែ កៅអីមីយ៉ាន់ម៉ានៅដដែល ទង់ជាតិមីយ៉ាន់ម៉ានៅដដែល។ ដូច្នេះ អ្វីដែលយើងមើលលើស្ថានភាពនេះ គឺគាត់មិនបានមកដោយខ្លួនឯង ដោយសារតែជាការសម្រេចចិត្តរបស់គាត់ ប៉ុន្តែយើងបានអញ្ជើញហើយ។ ដូច្នេះ នៅក្នុងការមើលឃើញរបស់យើង គឺថា នៅតែជារូបភាពនៃកុងសង់ស៉ីស នៃប្រទេសជាសមាជិក ទាំង១០ លុះត្រាណាតែយើងមិនបានអញ្ជើញគាត់ ឲ្យចូលរួម។ ដូច្នេះ កន្លែងនេះខ្ញុំគិតថា វាគួរតែគ្រប់គ្រាន់ ដើម្បីជាមូលដ្ឋានក្នុងការឲ្យប្រទេសអាស៊ាន ធ្វើការសម្រេចចិត្តពាក់ព័ន្ធនឹងការជំរុញ របៀបវារៈរបស់យើងទៅមុខ»។

កិច្ចព្រមព្រៀង ៥ចំណុចរបស់អាស៊ាន ត្រូវបានដាក់ចេញ ក្នុងជំនួបកំពូលពិសេស កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ដើម្បីឆ្លើយតបទៅនឹងវិបត្តិនយោបាយ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលគោលការណ៍ទាំង ៥ចំណុចនេះ រួមមាន៖

ទី១៖ ត្រូវបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយគ្រប់ភាគីទាំងអស់ត្រូវបង្កើនការអត់ធ្មត់ ឲ្យដល់កម្រិតខ្ពស់បំផុត។

ទី២៖ ចាប់ផ្តើមការសន្ទនាប្រកបដោយការស្ថាបនា ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ដើម្បីផលប្រយោជន៍របស់ប្រជាជន។

ទី៣៖ ប្រេសិតពិសេសរបស់ប្រធានអាស៊ាន នឹងសម្រួលដល់ការសម្រុះសម្រួល នៃដំណើរការរៀបចំកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន។

ទី៤៖ អាស៊ានត្រូវផ្តល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌល AHA។

ទី៥៖ ប្រេសិតពិសេស និងគណៈប្រតិភូនឹងធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបជាមួយភាគីពាក់ព័ន្ធទាំងអស់៕