Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វិស័យឯកជន នឹងបន្តធ្វើការជាមួយរដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ាន ដោយបង្កើនការវិនិយោគ និងសកម្មភាពអាជីវកម្ម និងបង្កើតការងារសម្រាប់កម្មករ

10-11-2022 21:58

(ភ្នំពេញ)៖ នាយករដ្ឋមន្ត្រីវៀតណាម សង្ឃឹមថា វិស័យឯកជន នឹងបន្តធ្វើការជាមួយរដ្ឋាភិបាល នៃបណ្តាប្រទេសអាស៊ាន រក្សាភាពសកម្ម និងភាពច្នៃប្រឌិត សម្របខ្លួនទៅនឹងភាពធម្មតាថ្មី បង្កើនការវិនិយោគ និងសកម្មភាពអាជីវកម្ម និងបង្កើតការងារសម្រាប់កម្មករ។

នេះជាការលើកឡើងឲ្យដឹងរបស់លោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម នៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២២ ក្រោមប្រធានបទ «ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។

នាយករដ្ឋមន្ត្រីវៀតណាមបន្តថា ការខិតខំប្រឹងប្រែងបែបនេះ នឹងជួយធានាស្ថិរភាពសម្រាប់ប្រជាជន និងលើកកម្ពស់តម្លៃថ្មី សម្រាប់សហគមន៍របស់ពួកគេ និងសង្គមទាំងមូល។ លោកមានទំនុកចិត្តយ៉ាងពេញទំហឹងថា យើងនឹងបន្តកសាង «ស្មារតីអាស៊ាន» ដោយប្រកាន់ខ្ជាប់នូវទំនួលខុសត្រូវ និងការឯកភាពគ្នា នៅពេលដែលយើងខិតខំយ៉ាងសកម្ម ក្នុងការរួមគ្នាជំនះឧបសគ្គ និងត្រួសត្រាយផ្លូវឆ្ពោះទៅកាន់អនាគតដ៏ត្រចះត្រចង់ សម្រាប់ផ្ទះរួមរបស់យើងដែលជាអាស៊ាន។

ក្នុងស្មារតីនេះ នាយករដ្ឋមន្ត្រីវៀតណាម សូមឲ្យកិច្ចប្រជុំកំពូលរបស់យើងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ដោយហេតុនេះ រួមចំណែកដល់ភាពរីកចម្រើនរួមរបស់ប្រជាជនអាស៊ាន និងដល់កិច្ចសហប្រតិបត្តិការពហុភាគី ក្នុងចំណោមសមាជិកអាស៊ាន និងរវាងអាស៊ាន និងដៃគូនានា៕