(ភ្នំពេញ)៖ បន្ទាប់ពីរយៈពេលជាង ៣៥ឆ្នាំនៃវេទិកាសេដ្ឋកិច្ច Doi Moi របស់វៀតណាម ក្នុងឆ្នាំ២០២២ មានតម្លៃប៉ាន់ស្មានប្រហែល ៤០០ពាន់លានដុល្លារ កើនឡើង១៥ដង ខណៈដែលប្រាក់ចំណូលក្នុងមនុស្សម្នាក់កើនលើស ៤ពាន់ដុល្លារអាមេរិក ហើយទំហំពាណិជ្ជកម្មមានចំនួនប្រហែល ៧៥០ពាន់លានដុល្លារអាមេរិក ដោយវៀតណាមឥឡូវនេះជាប់ចំណាត់ថ្នាក់ក្នុង ចំណោមពាណិជ្ជករអន្តរជាតិកំពូលទាំង២០។

នេះជាការលើកឡើងឲ្យដឹងរបស់លោក ផាម មិញជិញ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២២ ក្រោមប្រធានបទ «ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមវត្តមានរបស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានឆ្នាំ២០២២។

នាយករដ្ឋមន្ត្រីវៀតណាម បានបន្តថា វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA ជាមួយប្រទេសជាង ៦០ រួមទាំងទីផ្សារធំជាងគេមួយចំនួននៅលើពិភពលោក។ វៀតណាមក៏កំពុងខិតខំធ្វើពិពិធកម្មទីផ្សារ ផលិតផល និងសង្វាក់ផ្គត់ផ្គង់កាន់តែច្រើនឡើង។ ជាពិសេស ចំពេលមានការវិវឌ្ឍដ៏ស្មុគស្មាញនៅទូទាំងពិភពលោក និងផលប៉ះពាល់នៃជំងឺកូវីដ-១៩ ដូច្នេះវៀតណាមនៅតែអាចរក្សាបាននូវអត្រាកំណើន GDP ខ្ពស់សរុប ៨,៨៣% សម្រាប់រយៈពេល ៩ខែដំបូងនៃឆ្នាំ២០២២ និងការប៉ាន់ប្រមាណ ៨% សម្រាប់ពេញមួយឆ្នាំ។

ក្នុងនាមជាសមាជិកដែលមានទំនួលខុសត្រូវនៃសហគមន៍អន្តរជាតិ និងរបស់អាស៊ាន ជាពិសេស ក្នុងស្មារតីឯកភាព និងក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជំរុញការងើបឡើងវិញយ៉ាងឆាប់រហ័ស និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ក្នុងគោលបំណងផ្តល់នូវលក្ខខណ្ឌអំណោយផលបំផុត សម្រាប់សហគ្រាស វៀតណាមនៅតែប្តេជ្ញាចិត្តក្នុងការបង្កើបរិយាកាសអាជីវកម្មល្អបំផុតនេះ ដោយរួមបញ្ចូល (១) រក្សាស្ថិរភាពនយោបាយ សង្គម និងម៉ាក្រូសេដ្ឋកិច្ច, (២) ដោះស្រាយការស្ទះនៅក្នុងសេដ្ឋកិច្ច រួមទាំងស្ថាប័នច្បាប់ ហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋាន និងធនធានមនុស្ស, (៣) បង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ និងកាត់បន្ថយថ្លៃចំណាយប្រតិបត្តិការ ជាពិសេសផ្នែកដឹកជញ្ជូន និងការចំណាយរដ្ឋបាល, (៤) ការកសាងបរិយាកាសស្ថិរភាព និងគោលនយោបាយដែលអាចព្យាករណ៍បានខ្ពស់ សកម្មភាព តម្លាភាព និងគណនេយ្យភាព និង (៥) ត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមកិច្ចសហប្រតិបត្តិការ ដើម្បីពង្រឹងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ក្នុងគោលបំណងលើកកម្ពស់ការអភិវឌ្ឍន៍ឌីជីថលប្រកបដោយសមធម៌ និងនិរន្តរភាពនៅក្នុងតំបន់។

នាយករដ្ឋមន្ត្រីវៀតណាម បានបន្ថែមថា វៀតណាមនឹងបន្តរួមដំណើរជាមួយធុរកិច្ចក្នុងអាស៊ាន និងក្នុងចំណោមដៃគូរនានា ហើយខិតខំជួយសម្រួលឱ្យបានល្អបំផុត ក្នុងការខិតខំប្រឹងប្រែងរបស់ពួកគេ ដើម្បីទទួលបានឱកាសអាជីវកម្ម និងការវិនិយោគច្រើនបំផុត។ ដោយមើលឃើញពីការរួបរួម និងការដោះស្រាយរបស់សហគមន៍ធុរកិច្ច និងរដ្ឋាភិបាលក្នុងតំបន់អាស៊ាន អាចចូលរួមក្នុងកិច្ច សហប្រតិបត្តិការកាន់តែស៊ីជម្រៅ ឆ្លើយតបកាន់តែប្រសើរឡើងចំពោះបញ្ហាប្រឈម និងខិតខំឆ្ពោះទៅរកវិបុលភាពរួមក្នុងតំបន់ និងឆ្ពោះទៅរកការអភិវឌ្ឍន៍ក្នុងបរិយាកាសសេរីភាព និងសន្តិភាព៕