(ក្រចេះ)៖ តាមអនុសាសន៍របស់លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងមានការណែនាំពីលោកអគ្គនាយករង និងជាប្រធាននាយកដ្ឋានបង្ការ និងបង្រ្កាបបទល្មើស លើករណីពង្រឹងការទប់ស្កាត់ បង្ការ និងបង្ក្រាបបទល្មើស ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១៨៖២០នាទី បន្ទាប់ពីទទួលបានព័ត៌មានថា មានរថយន្តប្រភេទដឹកទំនិញធុនធ្ងន់លួចដឹកទំនិញនាំចូលមកពី ប្រទេសវៀតណាម ដោយមិនទាន់បានធ្វើការបង់ពន្ធលោក ព្រាប គារ៉ាត ប្រធានការិយាល័យស្រាវ្រាវ និងបង្ក្រាបអំពើរត់ពន្ធ តំបន់៦ បានដឹកនាំមន្ត្រីក្រោមឱវាទ សហការជាមួយ មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចេញប្រតិបត្តិការបង្ក្រាបសកម្មភាពខាងលើ។

នៅលើដងផ្លូវជាតិលេខ៧ ទិសដៅចេញពីស្រុកស្នួល សំដៅទៅទីរួមខេត្តក្រចេះ មន្ត្រីគយតំបន់៦ បានឃើញរថយន្តបណ្តាញផ្តល់ខាងលើ ម៉ាក HYUNDAI ទម្ងន់ 3,5T ពាក់ផ្លាកលេខ ក្រចេះ 3A-1059 ហើយក៏តាមឃាត់រថយន្តនេះដើម្បីសុំធ្វើការត្រួតពិនិត្យ។ ខណ:នោះ រថយន្តដឹកទំនិញដឹងខ្លួនថា មានសមត្ថកិច្ចតាមឃាត់ក៏បញ្ចេញអាកប្បកិរិយាបើកបររេចង្កូត ច្រងេងច្រងាង មិនឱ្យរថយន្តសមត្ថកិច្ចចម្រុះវ៉ាជែង។

ឃើញសកម្មភាពបែបប លោកប្រធានតំបន់៦ បានស្នើសុំកិច្ចសហការបន្ថែម ពីមន្ត្រីកងរាជអាវុធហត្ថខេត្ត, មន្រ្តីនគរបាលនៃស្នងការដ្ឋានខេត្តក្រចេះ ដោយមានការសម្របសម្រួល ពីលោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះផងដែរ។

បន្តរហូតមកដល់ចំណុចមុខស្នាក់ការសន្តិសុខ ៧០៧ កម្លាំងមានសមត្ថកិច្ចចម្រុះគយ ក្នុងឯកសណ្ឋានបានដាក់កម្លាំងឃាត់រថយន្តដឹកទំនិញខាងលើ ប៉ុន្តែអ្នកបើកបរនៅតែមិនព្រមឈប់ ដោយបើករុលបុកកម្លាំងសមត្ថកិច្ចដែលឈរឃាត់។ ក្នុងពេលនោះដែរ លោក សាន្ត ចរណៃ ជាភ្នាក់ងារគយ ការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៦ រួមជាមួយមន្ត្រីអាវុធហត្ថសហការ ក្នុងឯកសណ្ឋាន បានបើករថយន្ត ទៅខាងមុខ ហើយក៏បានធ្វើភ្លើងសញ្ញាដោយពិលចរាចរ ដើម្បីបឈ្ឈប់រថយន្ត ប៉ុន្តែអ្នកបើកបររូបនេះ នៅតែមិនឈប់ហើយថែមទាំង បន្ថែមល្បឿនកៀរបុក រថយន្តរបស់លោក សាន្ត ចរណៃ ធ្លាក់ចេញពីផ្លូវ ក្នុងបំណងធ្វើមនុស្សឃាតតែម្តង។

លោកប្រធានតំបន់៦ បានឱ្យដឹងថា ក្នុងហេតុការណ៍នេះបានធ្វើឱ្យខូចខាតរថយន្តម៉ាក Chevrolet Colorado មួយចំហៀង ប៉ុន្តែមិនមានអ្នករងរបួសធ្ងន់ធ្ងរទេ។

ដោយសកម្មភាពបង្ក្រាបនេះកាន់តែមានសភាពតានតឹង លោកប្រធានតំបន់៦ បានសុំអន្តរាគមន៍ពីមន្ត្រីអាវុធហត្ថ, មន្ត្រីនគរបាលនៃស្នងការដ្ឋាន និង មន្ត្រីសាខាគយនិងរដ្ឋាករ ខេត្តក្រចេះ ដើម្បីដាក់គោលដៅស្ទាក់ចាប់ នៅចំណុចមុខមូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រចេះ។

នៅពេលរថយន្តបង្កហេតុទៅដល់គោលដៅត្រួតពិនិត្យ អ្នកបើកបរនៅតែបន្តមិនព្រមឈប់ ហើយបុកបំបាក់រនាំងត្រួតពិនិត្យរបស់សមត្ថកិច្ចចម្រុះ រួចក៏បន្តទៅមុខដោយល្បឿនលឿន។ ក្នុងពេលព្រមគ្នានេះក៏មានរថយន្តមួយគ្រឿងផ្សេងទៀត ម៉ាក Camry ឆ្លាម ពាក់ផ្លាកលេខ 2H-9917 ព្យាយាមបើក កៀរ និងរារាំងពីមុខ រថយន្តសមត្ថកិច្ច ក្នុងបំណងរំដោះរថយន្តបង្កហេតុ។ បន្តមកអ្នកបើកបររថយន្តដឹកទំនិញបង្កហេតុ បានបើកចូលទៅក្នុងវត្តព្រែកតាអាំ ស្ថិតនៅក្នុងទីរួមខេត្តក្រចេះ ហើយបានព្យាយាមរត់គេចខ្លួន តែត្រូវសមត្ថកិច្ច ចម្រុះរុករកឃើញនិងចាប់ឃាត់ក្នុងពេលនោះដែរ។

ដោយឡែកអ្នកបើករថយន្ត Camry ដែលបានព្យាយាមរារាំងសមត្ថកិច្ច ក្នុងពេលនោះបានគេចខ្លួនបាត់។

កម្លាំងមានសមត្ថកិច្ចចម្រុបានសម្រេចនាំអ្នកបើកបរ និងរថយន្តដឹកទំនិញចម្រុះវៀតណាម ដែលគ្មានបង្កាន់ដៃបង់ពន្ធនាំចូល យកមកធ្វើការត្រួតពិនិត្យទំនិញជាក់ស្តែង នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ។
លទ្ធផលត្រួតពិនិត្យបឋមឃើញមាន៖
១-សំបកបាវគ្មានរូប (វៀតណាម) ២-ស្បែកជើងជ័រ (វៀតណាម) ៣-ថង់ប្លាស្ទិក (វៀតណាម) ៤-វ៉ាលីជ័រ (វៀតណាម) ៥-តង់ជ័រ (វៀតណាម)
៦-មី (វៀតណាម) ៧-ធុងបាញ់ថ្នាំ (វៀតណាម)។

បច្ចុប្បន្នរថយន្ត និងទំនិញល្មើស បាននាំយកមករក្សាទុកជាបណោះអាសន្ននៅទីតាំងគយ ស្ថិតនៅភូមិហួច ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីធ្វើកំណត់ហេតុល្មើសច្បាប់គយទៅតាមនីតិវិធី។ ដោយឡែកអ្នកបើកបររថយន្តល្មើស បានប្រគល់ជូនអង្គភាព កងរាជអាវុធហត្ថខេត្តក្រចេះ ដើម្បីបញ្ជូនទៅអយ្យការអមសាលាដំបូង ខេត្តក្រចេះ ចាត់ការទៅតាមនីតិវិធីច្បាប់។

បច្ចុប្បន្នរថយន្តទាំងអស់ បាននាំយកមករក្សាទុកជាបណ្តោះអាសន្ន នៅទីតាំងឈរជើងរបស់គយការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធ តំបន់៦ ពញាក្រែក ដើម្បីធ្វើកំណត់ហេតុល្មើសច្បាប់គយទៅតាមនីតិវិធី៕