Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកនាំពាក្យ៖ កិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា ជាឱកាសល្អសម្រាប់ជំនួបទ្វេភាគីរវាងរដ្ឋមន្ត្រីការបរទេសរុស្ស៉ី និងអ៊ុយក្រែន (Video inside)

10-11-2022 19:19

(ភ្នំពេញ)៖ លោក គង់ ភោគ អ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ាន បានលើកជាយោបល់ថា កិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា ក៏អាចជាឱកាសល្អសម្រាប់ជំនួបទ្វេភាគីរវាង រដ្ឋមន្ត្រីការបរទេសរុស្ស៉ី​ និងអ៊ុយក្រែនផងដែរ។

អ្នកនាំពាក្យផ្លូវការកិច្ចប្រជុំកំពូលអាស៊ាន បានលើកឡើងបែបនេះ ឆ្លើយនឹងសំណួរអ្នកសារព័ត៌មាន Fresh News នៅក្នុងសន្និសីទកាសែតបង្ហាញលទ្ធផលនៃកិច្ចប្រជុំពេញមួយថ្ងៃ នៅព្រលប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

«នៅទីនេះជាឱកាសល្អបំផុត ដែលគាត់អាចទាញយកប្រយោជន៍ ពីវត្តមានអ្នកដែលពាក់ព័ន្ធនឹងកិច្ចប្រជុំរួមគ្នា អាចឆ្លៀតមានការជជែកគ្នាជាទម្រង់ទ្វេភាគី»។ នេះជាការបញ្ជាក់របស់ លោក គង់ ភោគ។

លោកបានបន្ថែមទៀតថា «កម្ពុជាយើងក៏ត្រៀមខ្លួនជាស្រេច ដើម្បីសម្របសម្រួល បើមានសំណើណាមួយ»

សូមបញ្ជាក់ថា លោក Dmytro Kuleba បានមកដល់ប្រទេសកម្ពុជា កាលពីល្ងាច ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីចុះលេខាលើលិខិតុបករណ៍ នៃការចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៉ីអាគ្នេយ៍ (TAC) របស់អ៊ុយក្រែន។

ដោយឡែក តាមការគ្រោងទុកនៃកម្មវិធី លោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៉ី ក៏នឹងអញ្ជើញមកដល់ប្រទេសកម្ពុជា នៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ខណៈដែលរុស្ស៉ី ក៏ជាដៃគូយុទ្ធសាស្ត្ររ បស់អាស៊ានផងដែរ៕