(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង ឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្ត្រីថៃ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានឯកភាពគ្នាជំរុញឲ្យស្ថាប័ន ពាក់ព័ន្ធរបស់ប្រទេសទាំង២ ពន្លឿនការបើកដំណើរការច្រកទ្វារអន្តរជាតិស្ទឹងបត់-បានណងអៀន និងការបើកដំណើរការ «ស្ពានមិត្តភាព» ឱ្យបានឆាប់ ដើម្បីសម្រួលដល់ការដោះដូរទំនិញនៃប្រទេសទាំង២។
ការឯកភាពគ្នានេះ ធ្វើឡើងក្នុងជំនួបពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន និងឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានសន្តិភាព។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា «ដើម្បីជំរុញពាណិជ្ជកម្មតាមព្រំដែន និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន នាយករដ្ឋមន្ត្រីទាំងពីរ បានឯកភាពប្រគល់ភារកិច្ច ដល់អាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរ ដើម្បីពន្លឿនការបើកដំណើរការច្រកទ្វារអន្តរជាតិស្ទឹងបត់-បានណងអៀន និងការបើកដំណើរការ «ស្ពានមិត្តភាព» ឱ្យបានឆាប់ ហើយនិងអនុវត្តកិច្ចព្រមព្រៀង ដែលសម្រេចបាន ក្នុងកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃនាពេលថ្មីៗនេះ ដើម្បីជំរុញការអភិវឌ្ឍតំបន់ព្រំដែន»។
ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-ច្រកណងអៀន រវាងស្រុកអារ័ញ្ញ ខេត្តស្រះកែវ ជាប់គ្នាច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្នុងជំនួបនោះ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ លើគ្រប់វិស័យដែលកំពុងមាន នៅពេលបច្ចុប្បន្ន រវាងប្រទេសទាំងពីរ ដែលឈរលើស្មារតីជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងការជឿជាក់គ្នាទៅវិញទៅមក។
នាយករដ្ឋមន្រ្តីទាំងពីរ បានសម្តែងការពេញចិត្ត ចំពោះវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់ នៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ និងបានឯកភាពគ្នាក្នុងការពង្រីក និងធ្វើឱ្យស៊ីជម្រៅបន្ថែមទៀត នូវទំនាក់ទំនងដ៏ជិតស្និទ្ធនេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់អំពីការគាំទ្រយ៉ាងពេញទំហឹងរបស់កម្ពុជា និងបានជូនពរ ប្រទេសថៃឲ្យទទួលបានជោគជ័យ ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល APEC នាពេលខាងមុខ និងបានសម្តែងនូវសេចក្តីសោមនស្សរីករាយ ក្នុងការទទួលយកការអញ្ជើញ ទៅចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឋានៈជា «ភ្ញៀវរបស់ម្ចាស់ផ្ទះ»។
នាយករដ្ឋមន្ត្រីទាំងពីរ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបន្តឡើងវិញ នូវកិច្ចប្រជុំគណៈរដ្ឋមន្ត្រីចម្រុះ (JCR) រវាងប្រទេសទាំងពីរ ដែលជាយន្តការខ្ពស់បំផុត នៃកិច្ចសហប្រតិបត្តិការទ្វេភាគី បន្ទាប់ពីការផ្អាកមួយរយៈដោយសារជំងឺរាតត្បាត។
ឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ធអូឆា បានបញ្ជាក់ថា ប្រទេសថៃនឹងទទួលធ្វើជាម្ចាស់ផ្ទះ JCR លើកទី៤ តាមពេលវេលាមួយសមស្រប៕