Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកនាំពាក្យថា អេស្ប៉ាញ​យឺតយ៉ាវក្នុងការរៀបចំឯកសារផ្ទៃក្នុង ទើបមិនបានចុះហត្ថលេខាចូលជាសមាជិក TAC នៅពេលនេះ (Video inside)

10-11-2022 18:52

(ភ្នំពេញ)៖ ប្រទេសអេស្ប៉ាញ មិនទាន់បានចុះហត្ថលេខា ចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៉ីអាគ្នេយ៍ (TAC) នៅឡើយទេ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ នេះបើតាមការបញ្ជាក់របស់ លោក គង់ ភោគ អ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក គង់ ភោគ បានបញ្ជាក់ថា ពាក់ព័ន្ធនឹងការសម្រេចរបស់អាស៊ាន ដើម្បីឱ្យអេស្ប៉ាញ ក្លាយជា High contracting parties ទៅនឹង សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៉ីអាគ្នេយ៍ (TAC) ខាងអាសា៊ន គឺយើងបានរួចរាល់ ប៉ុន្តែខាងអេស្ប៉ាញមានភាពយឺតយ៉ាវ។

លោកបញ្ជាក់ដូច្នេះថា៖ «ប៉ុន្តែដោយសារខាងអេស្ប៉ាញ មានដំណើរការផ្ទៃក្នុងមួយចំនួនដែលត្រូវបំពេញបន្ថែម ដូច្នេះមានភាពយឺតយ៉ាវ ដែលថ្ងៃនេះ យើងឃើញមានតែអ៊ុយក្រែនទេ ដែលបានចុះហត្ថលេខា»

លោកសង្ឃឹមថា នៅថ្ងៃខាងមុខនេះ អេស្ប៉ាញនឹងអាចចូលរួមជាមួយអាស៊ាន ក្នុងការក្លាយខ្លួនជា សមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៉ីអាគ្នេយ៍ (TAC)។

នៅព្រឹកថ្ងៃទី១០ ខែវិចិ្ឆកា ឆ្នាំ២០២២ រដ្ឋមន្រ្តីការបរទេស និងអគ្គលេខាធិការអាស៊ាន បានអញ្ជើញធ្វើជាសាក្សី ការចុះហត្ថលេខាលើលិខិតុបករណ៍ នៃការចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៉ីអាគ្នេយ៍ (TAC) ដោយប្រទេសអ៊ុយក្រែន និងអេស្ប៉ាញ។

TAC គឺជាសន្ធិសញ្ញាសន្តិភាពដែលបានចុះហត្ថលេខាក្នុងឆ្នាំ១៩៧៦ រវាងបណ្ដាប្រទេសជាសមាជិកអាស៊ាន សំដៅបង្កើតក្រមប្រតិបត្តិស្តីពីទំនាក់ទំនងរវាងបណ្ដាប្រទេសក្នុងតំបន់ ជំរុញសន្តិភាព ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាអចិន្ត្រៃយ៍ដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក គោលការណ៍មិនជ្រៀតជ្រែក និងដោះស្រាយជម្លោះដោយសន្តិវិធី។

បច្ចុប្បន្ន សមាជិកសន្ធិសញ្ញានេះមានចំនួន ៥០ប្រទេសហើយ ដោយបូកទាំងអ៊ុយក្រែន ដែលបានចុះហត្ថលេខា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

សូមជម្រាបថា អំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ កន្លងទៅ ព្រះរាជាណាចក្រដាណឺម៉ាក, សាធារណរដ្ឋក្រិក, ព្រះរាជាណាចក្រហូឡង់, ប្រទេសអូម៉ង់, រដ្ឋកាតា និងអារ៉ាប់រួមអេមីរ៉ាត់ ក៏បានក្លាយជាសមាជិក TAC ផងដែរ៕