(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារ ជាមួយលោក Arkhom Termpittayapaisith រដ្ឋមន្រ្តីក្រសួង ហិរញ្ញវត្ថុថៃ និងគណៈប្រតិភូ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការ ផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរវាងកម្ពុជា និងថៃ នៅក្នុងឱកាស ដែលលោករដ្ឋមន្រ្តីចូលរួមកិច្ចប្រជុំ ថ្នាក់ឧត្តមមន្រ្តី និងកិច្ចប្រជុំកំពូល ស្តីពីតំបន់ត្រីកោណ កំណើនឥណ្ឌូនេស៊ី-ម៉ាឡេស៊ី-ថៃ (IMT-GT) ដែលនឹងប្រព្រឹត្តទៅ ស្របពេលគ្នានឹងកិច្ចប្រជុំកំពូល អាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ។
ក្នុងនាមលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក វង្សី វិស្សុត បានសំដែងនូវកិច្ចស្វាគមន៍ យ៉ាងកក់ក្តៅ ចំពោះលោក Arkhom Termpittayapaisith រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុថៃ និងគណៈប្រតិភូអមដំណើរ ដែលឆ្លៀតពេលដ៏មមាញឹក ពីកិច្ចប្រជុំមកជួបពិភាក្សាការងារ នៅក្រសួងសេ្ឋកិច្ច និង ហិរញ្ញវត្ថុ និងសូមជូនពរលោករដ្ឋមន្រ្តី និងគណៈប្រតិភូ សូមទទួលបានជោគជ័យ ក្នុងបេសកកម្មការងារ នៅកម្ពុជា។
លោក វង្សី វិស្សុត បានសម្តែងនូវការសាទរ ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័ស នៃកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ថៃ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, ទេសចរណ៍, និងវិស័យសំខាន់ៗផ្សេងទៀត ដែលឆ្លុះបញ្ចាំងឱ្យឃើញថា ប្រទេសទាំងពីរមិនត្រឹមតែជាអ្នកជិតខាងដ៏ល្អតែប៉ុណ្ណោះទេ ថែមទាំងជាដៃគូដ៏សំខាន់ផងដែរ។
លោកក៏បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាលថៃ ដែលបានរួមចំណែកគាំទ្រ ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា តាមរយៈការផ្តល់ ឥណទានសម្បទាន សម្រាប់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍន៍សេដ្ឋកិច្ច នៃបណ្តាប្រទេសជិតខាង (NEDA) ហើយថ្មីៗនេះ កម្ពុជានិងថៃ ទើបបានចុះហត្ថលេខា លើឥណទាន សម្បទានសម្រាប់គម្រោង លើកកម្រិតផ្លូវជាតិលេខ៦៧។
ជាមួយគ្នានេះ លោកក៏បានស្នើដល់ភាគីថៃផ្តល់គាំទ្រដល់បេក្ខភាព គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗមួយចំនួនទៀត ពិសេសគម្រោងលើកកម្រិតផ្លូវជាតិលេខ៦៨។ លោកក៏បានបន្តថា គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទាំងនេះ មិនត្រឹមតែបានតភ្ជាប់កម្ពុជា និងថៃប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយជំរុញសកម្មភាព ពាណិជ្ជកម្មឆ្លងកាត់ព្រំដែន និងទេសចរណ៍ ព្រមទាំងលើកកម្ពស់ជីវភាពរបស់ប្រជាជនរវាងប្រទេសទាំងពីរ ក៏ដូចជាពន្លឿនការតភ្ជាប់ក្នុងតំបន់ផងដែរ។
ក្រៅពីការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត័ ដែលជាផ្នែករឹង លោកក៏បានស្នើដល់ភាគីថៃ ពិនិត្យលទ្ធភាពបង្កើន ការតភ្ជាប់ផ្នែកទន់ផងដែរ ដើម្បីសម្រួលដល់ការដោះដូរពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរ ដូចជាតាមរយៈការជំរុញអនុវត្តបញ្ជតែមួយ (single window) ជាដើម។ លោកក៏បានស្នើដល់ភាគីថៃ ជំរុញការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅច្រកទ្វារអន្តរជាតិ ស្ទឹងបត់ ដែលជាច្រកដ៏សំខាន់ ដើម្បីសម្រួលដល់លំហូរទំនិញឆ្លងកាត់ព្រំដែន រវាងប្រទេសទាំងពីរផងដែរ។
ក្នុងជំនួបនេះដែរលោក វង្សី វិស្សុត ក៏បានវាយតម្លៃខ្ពស់ ចំពោះតួនាទីនាំមុខ និងការចូលរួមវិភាគទានរបស់ប្រទេសថៃ ក្នុងមូលនិធិអភិវឌ្ឍរបស់ ACMECS ដែលមូលនិធិនេះ នឹងក្លាយជា ឧបករណ៍ហិរញ្ញប្បទាន សម្រាប់បំពេញបន្ថែមតម្រូវការ ផ្នែកហិរញ្ញប្បទានសម្រាប់គាំទ្រ ដល់គម្រោងអភិវឌ្ឍនានា របស់ប្រទេស ជាសមាជិក ដូចកម្ពុជា ខណៈដែលប្រភពហិរញ្ញប្បទាន ពីប្រភពផ្សេងទៀត កំពុងត្រូវបានបង្វែរអាទិភាព ទៅលើរបៀបវារៈអភិវឌ្ឍផ្សេង។
ទន្ទឹមនឹងនេះ លោកក៏បានលើកឡើង នូវគំនិតផ្តួចផ្តើម ជាមួយភាគីថៃ ក្នុងការពិនិត្យលទ្ធភាព សំដៅធ្វើយ៉ាងឱ្យកំណើន ពាណិជ្ជកម្មទ្វេភាគី កាន់តែមាន ស្ទុះខ្លាំងខ្លាឡើង ទន្ទឹមគ្នានឹងការកាត់បន្ថយអតុល្យភាព ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍ទាំងសងខាង ព្រមទាំងលទ្ធភាព ក្នុងការបង្កើនការតភ្ជាប់ និងការដឹកជញ្ជូនភ្ញៀវទសចរណ៍ ទាំងតាមផ្លូវគោក និងផ្លូវអាកាស ដោយសារថៃជាច្រកទ្វារចូល ដ៏សំខាន់នៃភ្ញៀវទេចរណ៍ មកកាន់កម្ពុជា។
លោក Arkhom Termpittayapaisith បានលើកឡើងថា ក្រសួងហិរញ្ញវត្ថុថៃ នឹងបន្តសហការ និងត្រៀមខ្លួនជាស្រេច ក្នុងការចូលរួមដោះស្រាយរាល់បញ្ហាប្រឈមនានា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការដ៏ល្អនេះ ឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត ព្រមទាំងនឹងបន្តផ្តល់ឥណទាន សម្បទាន សម្រាប់គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាច្រើនផ្សេងទៀត។ ភាគីថៃ ក៏នឹងជំរុញការរៀបចំហេដ្ឋារចនាសម្ព័ន្ធ នៅច្រកស្ទឹងបត់ ឱ្យបានឆាប់ផងដែរ ។ លោករដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុថៃ ក៏បានសំដែងនូវការអបអរសាទរ ចំពោះភាពជោគជ័យរបស់កម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តី ហិរញ្ញវត្ថុអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុអាស៊ានបូកបី នាពេលកន្លងមក។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងលោករដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុថៃ បានពិភាក្សាអំពីការរួមគ្នា ជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យសំខាន់ៗផ្សេងទៀត រួមទាំងវិស័យពន្ធដារ ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា (DTA) និងកិច្ចសហប្រតិបត្តិការ ខាងវិស័យគយ រវាងប្រទេសទាំងពីរ កម្ពុជា-ថៃផងដែរ ពិសេសការជំរុញការ ចុះហត្ថលេខាលើ MoU ស្តីពីការឆ្លងកាត់ទំនិញ។
លោករដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី វង្សី វិស្សុត និង លោករដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុថៃ Arkhom Termpittayapaisith ក៏បានឯកភាពគ្នាលើភាពសំខាន់ នៃ កិច្ចសហប្រតិបត្តិការ និងការគាំទ្រ គ្នាទៅវិញទៅមក ក្នុងនាមជាប្រទេសជិតខាង ជាសមាជិកអាស៊ាន និងជាដៃគូ ក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ ផ្សេងទៀត ដើម្បីនាំមកថែមទៀត នូវផលប្រយោជន៍ និងផ្លែផ្កាជូនប្រទេស និងប្រជាជនកម្ពុជា-ថៃ៕