(ភ្នំពេញ)៖ អគ្គបណ្ឌិត​សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​នៅថ្ងៃទី១០ ខែវិច្ឆិកានេះ បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ​ លោក ម៉ាសាស៊ូហ្គូ អាសាកាវ៉ា (Masatsugu Asakawa) ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងឱកាសដែល​លោកមកចូលរួមកិច្ចប្រជុំកំពូល Indonesia Malaysia Thailand - Growth Triangle (IMT-GT) ក្នុងអំឡុងនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង៤១ ​នៅ​កម្ពុជា ចាប់ពីថ្ងៃទី ៨ ដល់ ថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ ២០២២។

ក្នុងឱកាសនោះដែរ លោក ​ម៉ាសាស៊ូហ្គូ អាសាកាវ៉ា ​បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានកសាង និងពង្រឹងកិច្ចសហប្រតិបត្តិការដ៏ល្អ និងរឹងមាំជាមួយ ADB ក្នុងរយៈពេលជាង៣០ ឆ្នាំកន្លងមកនេះ ហើយលោកបានត្រៀមខ្លួនជាស្រេច ដើម្បីឱ្យកិច្ចសហប្រតិបត្តិការដ៏ល្អនេះ កាន់តែត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀតសម្រាប់រយៈពេលខាងមុខ សំដៅបន្តរួមចំណែកដោះស្រាយបញ្ហាប្រឈមនានាក្នុងកិច្ចដំណើរការអភិវឌ្ឍន៍របស់កម្ពុជា ។

ជាមួយគ្នានេះ​ ADB បានសន្យាផ្តល់ហិរញ្ញប្បទានក្នុងទំហំទឹកប្រាក់ ១០០ ពាន់លានដុល្លារអាមេរិក ដើម្បីដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុនៅក្នុងតំបន់សម្រាប់ឆ្នាំ ២០១៩-២០៣០ ដែលក្នុងនោះមានកម្ពុជាផងដែរ ។

​អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក ម៉ាសាស៊ូហ្គូ អាសាកាវ៉ា និងសហការី ក្នុងឱកាសបំពេញការងារនៅប្រទេសកម្ពុជា និងវាយតម្លៃខ្ពស់ ចំពោះការចូលរួមចំណែកដ៏សំខាន់របស់ ADB ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អ ក្នុងការគាំទ្រកម្ពុជា ក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩២ មក ទាំងផ្នែកហិរញ្ញវត្ថុ, ផ្នែកបច្ចេកទេស ។

លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ADB បានដើរតួនាទីយ៉ាងសំខាន់ជួយ រាជរដ្ឋាភិបាលឆ្លើយតបភ្លាមៗក្នុងកាលៈទេសៈដ៏លំបាក ដែលក្នុងនោះការផ្តល់ហិរញ្ញប្បទានភ្លាមៗ ចំនួន២៥០លានដុល្លារអាមេរិក ជូនរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការផ្តល់ហិរញ្ញប្បទានបន្ថែមភ្លាមៗ ចំនួន ៤០០លានដុល្លារអាមេរិកទៀត សម្រាប់ការបន្តគាំទ្ររាជរដ្ឋាភិបាល ក្នុងការស្តារឡើងវិញនូវសេដ្ឋកិច្ច ក្រោយវិបត្តិជំងឺកូវីដ-១៩ តាមរយៈការអនុវត្ត «ក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅ ជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣» ។

​អគ្គបណ្ឌិតសភាចារ្យក៏បានស្នើ ADB បន្តគាំទ្រគម្រោងក្នុងវិស័យអាទិភាពមួយចំនួន៖ ១. ការអភិវឌ្ឍវិស័យកសិកម្ម ដើម្បីអាចធានាសន្តិសុខស្បៀងផង និងជំរុញការធ្វើពាណិជ្ជូបនីយកម្មផង, ២. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុង ដោយផ្តោតជាពិសេសលើការរៀបចំប្រព័ន្ធលូ ប្រព័ន្ធប្រព្រឹត្តកម្ម និងការគ្រប់គ្រងសំណល់ផ្សេងៗ ដោយមានការរៀបចំផែនការមេ និងផែនការវិនិយោគច្បាស់លាស់ រួមទាំងការគិតគូរអំពីយន្តការស្រង់ថ្លៃដើមថ្លៃវិនិយោគ (Cost recovery) និងនិរន្តរភាពប្រតិបត្តិការផងដែរ​ និង ៣. ការគ្រប់គ្រងធនធានទឹក ប្រកបដោយប្រសិទ្ធភាព តាមរយៈការវិនិយោគសាងសង់ហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្ត ស្របតាមផែនការមេច្បាស់លាស់ ដើម្បីគាំពារជីវភាពរបស់ប្រជាកសិករ, ការលើកកម្ពស់កំណើន ក្នុងវិស័យកសិកម្ម, ការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ។

​អគ្គបណ្ឌិតសភាចារ្យ ​បានសម្តែងការស្វាគមន៍ និងគាំទ្រទាំងស្រុង ចំពោះការលើកឡើងនូវគោលនយោបាយគន្លឹះទាំង ៤របស់ ADB៖ ១. បង្កើនការផ្តល់ហិរញ្ញប្បទាន​ ២. ជំរុញការចូលរួមរបស់វិស័យឯកជន ដោយប្រើប្រាស់យន្តការហិរញ្ញ​ប្បទាន ប្រកបដោយនវានុវត្តន៍​ ៣. កសាងសមត្ថភាព និងចំណេះដឹង​ និង ៤.ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងគោលនយោបាយអភិវឌ្ឍន៍ជាតិ ស្តីពីការឆ្លើយតប និងការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ ដើម្បីរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ តែទោះជាយ៉ាងណា​ ការលើកកម្ពស់ការអភិវឌ្ឍបៃតង ក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ត្រូវផ្អែកលើអភិក្រម «រក្សាតុល្យការរវាងកំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយចីរភាព និងបរិយាប័ន្ន ជាមួយនឹងតម្រូវការបៃតង»
​អគ្គបណ្ឌិតសភាចារ្យ ក៏បានថ្លែងអំណរគុណដល់ ADB ដែលបានចូលរួម និងជំរុញការអភិវឌ្ឍគម្រោងវិនិយោគសាធារណៈតាម «យន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន» នៅកម្ពុជា សម្រាប់ការធ្វើពិពិធកម្មប្រភពហិរញ្ញប្បទាន ពីវិស័យឯកជន និងគាំទ្រយ៉ាងពេញទំហឹងលើគោលដៅ ប្រកបដោយមហិច្ឆតារបស់ ADB ក្នុងការប្រែ​ក្លាយខ្លួនជាដៃគូអភិវឌ្ឍន៍ពហុភាគីធំបំផុតនៅកម្ពុជា ដោយនឹងផ្តល់ឥណទានដល់វិស័យឯកជន សម្រាប់ពង្រីកធុរកិច្ច និងប្រតិបត្តិការនៅកម្ពុជា ជាពិសេស គាំទ្រការពង្រីកលទ្ធភាពរបស់វិស័យឯកជន ក្នុងការចូលរួមអនុវត្ត PPP៕