(សៀមរាប)៖ លោក លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្ត្រីចិន នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកានេះ បានចាកចេញពីខេត្តសៀមរាប ឆ្ពោះមកកាន់រាជធានីភ្នំពេញ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។
ការចាកចេញពីខេត្តសៀមរាបរបស់ នាយករដ្ឋមន្ត្រីចិន ត្រូវបានជូនដំណើរដោយ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅឯអាកាសយានដ្ឋានអន្តរជាតិសៀមរាប។
សូមជម្រាបថា លោក លី ខឺឈាង នៅថ្ងៃទី១០ ខែវិច្ឆិកានេះ បានចូលរួមពិធីប្រគល់ទទួល គម្រោងស្ថាបនាឡើងវិញប្រាសាទតាកែវ ជាមួយ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និងទស្សនាប្រាសាទបុរាណខ្មែរមួយចំនួន ដូចជា ប្រាសាទតាកែវ, ប្រាសាទតាព្រហ្ម ប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន ផងដែរ។
សូមជម្រាបថា លោក លី ខឺឈាង បានអញ្ជើញមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធជាមួយអាស៊ាន៕