(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានលើកឡើងថា អាស៊ាន ត្រូវតែបន្តធ្វើជាចំនុចស្នូល សម្រាប់ប្រព័ន្ធពាណិជ្ជកម្ម ដែលមានលក្ខណៈបើកចំហរ ស្មើភាព និងពហុភាគីប្រកប ដោយការទទួលខុសត្រូវ ប្រកាន់ខ្ជាប់នូវវិធានច្បាប់។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល អ្នកឧកញ៉ា គិត ម៉េង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សា ពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងប្រមុខរដ្ឋ/រាជរដ្ឋាភិបាលអាស៊ាន នាសណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

ឆ្នាំ២០២២នេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ត្រូវបានជ្រើសតាំងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន។ ក្នុងកិច្ចប្រជុំទល់មុខជាមួយមេដឹកនាំអាស៊ាន អ្នកឧកញ៉ា បានដឹកនាំសមាជិក សមាជិកា ដែលសុទ្ធសឹងជាអ្នកធ្វើធុរកិច្ច មកពីបណ្តាប្រទេសសមាជិកអាស៊ាន ចូលរួមនៅក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ។

អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងថា ក្នុងនាមប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន យើងគាំទ្រយ៉ាងពេញទំហឹងចំពោះ មជ្ឈភាពអាស៊ាន និងអាស៊ាន រួមគ្នាធ្វើ ដោះស្រាយបញ្ហាប្រឈម ទាំងអស់គ្នា និងបន្តជំរុញកំណែទម្រង់ ESG (បរិស្ថាន សង្គម និងអភិបាលកិច្ច) តាមរបៀបយុត្តិធម៌ និងប្រកបដោយចីរភាពពិតប្រាកដ។

អ្នកឧកញ៉ាក៏បានលើកឡើងផងដែរថា អាស៊ានត្រូវបញ្ចេញសំលេងអំពីការបញ្ចប់ជាបន្ទាន់ នូវអរិភាពរវាងអ៊ុយក្រែន-រុស្ស៊ី និងអនុញ្ញាតឲ្យមានការចាប់ផ្តើមចចារ ដោយសន្តិវិធីនិងតាមរយៈការទូត។

អ្នកឧកញ៉ា គិត ម៉េង បានគូសបញ្ជាក់ថា​ អាស៊ាន និងពិភពលោកទាំងមូល ត្រូវប្រឈមមុខនឹងហានិភ័យ ជាប្រវត្តិសាស្ត្រ។ មិនត្រឹមតែប៉ះពាល់ដល់អាជីវកម្ម និងឧស្សាហកម្មប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងផ្ដល់ហានិភ័យដល់អនាគតរបស់យើង និងអនាគតរបស់កូនៗជំនាន់ក្រោយផងដែរ។

កម្រិតទីមួយ៖ គឺជាអ្វីដែលយើងហៅថា ហានិភ័យអត្ថិភាព។ គេនិយាយថា ថ្ងៃណាដែលសង្រ្គាមអ៊ុយក្រែន និងរុស្ស៊ីមិនទាន់បញ្ចប់ទេ មានន័យថាយើងប្រហែលជាខិតតាន់តែជិតទៅរកសង្រ្គាមនុយក្លេអ៊ែរ។ លើសពីនេះ ហានិភ័យនៃការប្រែប្រួលអាកាសធាតុ និងលទ្ធភាពនៃការកើនឡើងនៃជំងឺរាតត្បាតផ្សេងៗទៀត កំពុងតែស្ថិតនៅមុខរបស់យើង។

កម្រិតទីពីរ៖ គឺហានិភ័យសេដ្ឋកិច្ចសកល។ មានការលើកឡើងថា វិបត្តិសេដ្ឋកិច្ចសកលអាចនឹងកើតមានឡើង គឺគ្រាន់តែពេលវេលាមិនទាន់មកដល់តែប៉ុណ្ណោះ។ កំណើនអតិផរណា ការរាំងស្ទះនានា ដែលបង្កផលប៉ះពាល់ដល់សន្តិសុខស្បៀង និងថាមពល កាន់តែស្តែងឡើងជាងពេលណាៗទាំងអស់។ គួរឲ្យសោកស្តាយដែលគម្លាតនៃការអភិវឌ្ឍន៍ក្នុងចំណោមប្រជាជាតិនានា កាន់តែឃ្លាតឆ្ងាយទៅៗ។

កម្រិតទីបី៖ គឺនៅក្នុងសួនក្រោយផ្ទះរបស់យើង នោះគឺហានិភ័យក្នុងតំបន់អាស៊ាន។ យើងតែងតែប្រកាសពីភាពស្អិតរមួតនិងស្ថិរភាពរបស់អាស៊ាន ប៉ុន្តែបញ្ហាមីយ៉ាន់ម៉ា គឺជារបៀបវារៈដែលបញ្ចប់មិនទាន់បាន។ ភូមិសាស្ត្រនយោបាយនៃប្រទេសមហាអំណាច បានគំរាមកំហែងយើង នាំឲ្យមានការបែកបាក់គ្នានិងបែងចែកជាប្រព័ន្ធប៉ូល។ សុខុដុមនីយកម្ម និងសមាហរណកម្មសេដ្ឋកិច្ចរបស់យើង (ខណៈដែលបោះជំហានទៅមុខ) ហាក់ដូចជាខ្វះនូវស្មារតី «អាចធ្វើបាន» ដែលពិតជាត្រូវការយ៉ាងខ្លាំង។

ជាមួយគ្នានេះ អ្នកឧកញ៉ា ក៏បានស្នើដល់ប្រមុខដឹកនាំអាស៊ាន សូមមេត្តាដាក់សហគមន៍សេដ្ឋកិច្ចអាស៊ាន ជាចំនុចអាទិភាពក្នុងរបៀបវារៈសេដ្ឋកិច្ចជាតិ។ សូមផ្តល់អំណាចដល់ក្រសួង ដើម្បីជួយសម្រេចឲ្យបានកាន់តែលឿន នូវសេដ្ឋកិច្ចដែលធន់នឹងវិបត្តិ ទាំងកម្រិតជាតិនិងតំបន់ តាមរយៈសមាហរណកម្ម និងសុខុដមនីយកម្មសេដ្ឋកិច្ចកាន់តែស៊ីជម្រៅ។ បើមិនដូច្នេះទេ គ្មាននរណាអាចជួយយើងបានឡើយ ក្នុងស្ថានភាពដ៏មិនប្រាកដប្រជាបែបនេះ ជាពិសេសចំពោះកម្លាំងពលកម្ម និងសហគ្រាសមីក្រូ សហគ្រាសធុនតូច និងមធ្យមរបស់យើង៕