(ពោធិ៍សាត់)៖ រយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ពោលគិតចាប់ពីថ្ងៃទី០៧-០៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅទូទាំងខេត្តពោធិ៍សាត់ មានភ្ញៀវទេសចរបានមកដើរលេងកម្សាន្ត តាមរមណីយដ្ឋាននានា ទាំង៣៩កន្លែង សរុបចំនួន៤០,២៥១នាក់ ក្នុងនោះភ្ញៀវជាតិ មានចំនួន៤០,២១០នាក់ និងភ្ញៀវអន្តរជាតិផ្ទៃក្នុង មានចំនួន៤១នាក់។

ប្រភពពីមន្ត្រី នៃមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹងនារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា តាមរបាយការណ៍ស្ថិតិភ្ញៀវទេសចរតាមរមណីយដ្ឋានក្នុងខេត្តពោធិ៍សាត់ នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី០៧-០៩ ខែវិច្ឆិកា ឆ្នាំ២០២២ មានភ្ញៀវទេសចរ សរុបចំនួន៤០,២៥១នាក់ ស្រី២០,៤៨៨នាក់ ក្នុងនោះមានភ្ញៀវទេសចរជាតិ ចំនួន៤០,២១០នាក់ ស្រី២០,៤៧០នាក់ និងភ្ញៀវទេសចរអន្តរជាតិផ្ទៃក្នុង ចំនួន៤១នាក់ ស្រី១៨នាក់។

ប្រភពបានបន្តថា បើប្រៀបធៀបនឹងរយៈពេល៣ថ្ងៃដូចគ្នា ក្នុងឆ្នាំ២០២១ ភ្ញៀវមានការថយចុះ ២៥,១៩% (ភ្ញៀវទេសចរឆ្នាំ២០២១ មានចំនួន៥៣,៨០៦នាក់)។
-ថ្ងៃទី0៧ ខែវិច្ឆិកា ឆ្នាំ២០២២ មានភ្ញៀវជាតិ សរុប៩,៧៩៣នាក់ ភ្ញៀវអន្តរជាតិផ្ទៃក្នុង១៧នាក់។
-ថ្ងៃទី0៨ ខែវិច្ឆិកា ឆ្នាំ២០២២ មានភ្ញៀវជាតិ សរុប១៥,០៩៨នាក់ ភ្ញៀវអន្តរជាតិផ្ទៃក្នុង១៤នាក់។
-ថ្ងៃទី0៩ ខែវិច្ឆិកា ឆ្នាំ២០២២ មានភ្ញៀជាតិ សរុប១៥,៣១៩នាក់ ភ្ញៀវអន្តរជាតិផ្ទៃក្នុង១០នាក់។

តួលេខភ្ញៀវទេសចរមានការថយចុះ ក៏ដោយសារតែតាមបណ្តាខេត្តមួយចំនួនបានរៀបចំការប្រណាំងទូករៀងៗខ្លួន ហើយភ្ញៀវអាចបង្វែរទិសដៅពីការដើរលេងព្រៃភ្នំ មកដើរលេងខេត្តជាប់មាត់សមុទ្រ តាមផ្លូវល្បឿនលឿន និងទៅខេត្តសៀមរាប នេះដោយសារអាកាសធាតុក្តៅ និងការបើកទូលាយ ក្រោយស្ថានភាពកូវីដ១៩ធូរស្បើយ។

ប្រភពបានបន្ថែមថា ក្នុងរយៈពេល៣ថ្ងៃនោះ នៅលើបូរីវប្បធម៌កោះសំពៅមាស ក៏មានប្រារព្ធពិធីអបអរមហាស្រពសិល្បៈបណ្តាំស្លម្ហូបអាហារខ្មែរ និងការបង្ហាម៉ូតសម្លៀកបំពាក់ប្រពៃណីក្នុងអាពាហ៍ពិពាហ៍ ព្រមទាំងពិធីបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។ ដោយឡែកនៅរមណីយដ្ឋានបឹងព្រះពន្លៃ ក៏មានការប្រណាំងទូកផងដែរ។

ប្រភពបានបញ្ជាក់ថា មន្ទីរបានចាត់តាំងមន្ត្រីក្រុមការងារទទួលខុសត្រូវ តាមរមណីយដ្ឋានដែលមានសភាព ចំនួន១០នាក់ ទៅគោលដៅទេសចរណ៍សំខាន់ដូចជា៖ ក្នុងក្រុងពោធិ៍សាត់ នៅបូរីវប្បធម៌កោះសំពៅមាស និងបូជនីយដ្ឋាន លោកឧកញ៉ា ឃ្លាំង មឿង...។ ក្នុងស្រុកក្រគរ នៅរមណីយដ្ឋានច្រកល្អៀង និងភ្នំនាគស...។ ក្នុងស្រុកវាលវែង នៅភ្នំ១៥០០ អូរសោម និងដាតូច...។ ក្នុងស្រុកតាលោសែនជ័យ នៅសួនកម្សាន្តតាលោសែនជ័យ និងបឹងព្រះពន្លៃ...។
ជាមួយគ្នានោះ មន្ទីរបានសហការជាមួយអាជ្ញាធរ គណៈកម្មការគ្រប់គ្រងតាមរណីយដ្ឋានទេសចរណ៍ ក្នុងការពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី នៅតាមគោលដៅទេសចរណ៍ និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំងវិធានការ «៣កុំ ៣ការពារ»។