(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំជាមួយអន្តរសភាអាស៊ានហើយនោះ នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន រួមជាមួយបណ្តាមេដឹកនាំអាស៊ានដទៃទៀត បានអញ្ជើញជួបប្រជុំជាមួយតំណាងយុវជនអាស៊ាន។

យុវជនត្រូវបានចាត់ទុកថា ជាកម្លាំងចលករដ៏សំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងជាកម្លាំងផលិតកម្មដ៏មានសក្តានុពល។ យុវជនក្នុងតំបន់អាស៊ានអាយុចន្លោះពី១៥ ទៅ៣៤ឆ្នាំ មានចំនួនប្រមាណ ២១៣លាននាក់ ហើយមានការរំពឹងថា ចំនួនយុវជនអាចកើនដល់ ២២០លាននាក់នៅឆ្នាំ២០៣៨។

អាស៊ាន បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់សមត្ថភាព របស់់យុវជន តាមរយៈការដាក់ចេញនូវគោលនយោបាយនានាគាំទ្រដល់ការអប់រំ និងផ្តល់បណ្តុះបណ្តាលជំនាញផ្សេងៗ ជាពិសេសការអប់រំផ្នែកឌីជិថល ដើម្បីឆ្លើយតបការវិវឌ្ឍន៍នៃសង្គម៕