(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានបន្តចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅចែកជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ចំនួន ១,១២១គ្រួសារ នៅស្រុកបវេល។
នាឱកាសនោះដែរ លោក សុខ លូ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះធម្មជាតិ ដែលជានិច្ចកាលសម្ដេចទាំងទ្វេរតែងតែគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលា បើទោះបីជាសម្ដេច មិនបានអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ក្ដី ក៏ប៉ុន្តែ សម្ដេចបានធ្វើការណែនាំដល់រដ្ឋបាលខេត្ត ក្នុងការចុះពិនិត្យស្វែងរកប្រជាពលរដ្ឋដែលកំពុងជួបប្រទះបញ្ហានានា ដូចជាគ្រោះទឹកជំនន់ជាដើម ដើម្បីធ្ជួយសង្គ្រោះ និងដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។
លោកក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានខិតខំជួយសង្រ្គោះប្រជាពលរដ្ឋពីគ្រោះទឹកជំនន់បានទាន់ពេលវេលា ដែលចំណុចនេះបានបង្ហាញពីកម្លាំងសាមគ្គីភាពគ្នា និងបង្ហាញពីភាពរឹងមាំក្នុងការចុះសង្រ្គោះប្រជាពលរដ្ឋ។
លោក សុខ លូ ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋដែលមិនទាន់ចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញទេ សូមប្រញាប់ទទួលការចាក់វ៉ាក់សាំងដូសជំរុញនេះ ឱ្យបានគ្រប់ៗគ្នា ព្រោះថាជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា មិនទាន់ផុតរលត់ទៅណាទេ គឺនៅតែបន្តយាយីប្រជាពលរដ្ឋគ្រប់ពេលវេលា ដូចនេះ សូមនាំគ្នារួសរាន់ទៅចាក់នៅតាមមណ្ឌលសុខភាព ឬមណ្ឌលចាក់វ៉ាក់សាំងណាមួយដែលនៅជិតផ្ទះប្រជាពលរដ្ឋ ចាប់ពីដូសទី៣ ឡើងទៅ ហើយសុំកុំឱ្យមានការភ័យខ្លាចថា ចាក់វ៉ាក់សាំងនេះ ហើយបង្កឱ្យមានបញ្ហាអីផ្សេងឱ្យសោះ ព្រោះវ៉ាក់សាំង គឺសម្រាប់ការពារជាពិសេសសម្រាប់ការពារក្រុមមនុស្សទន់ខ្សោយឱ្យគេចផុតពីជំងឺកូវីដ១៩ និងត្រូវបន្តចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយការស្លាប់ និងពិការភាពដោយសារគ្រោះថ្នាក់ចរាចរណ៍ណាមួយ។
អំណោយដែលនាំយកមកជូននាពេលនេះ ក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម ទឹកសុទ្ធ ១កេស ទឹកត្រី ១យួរ ទឹកស៊ីអីវ ១យួរ ត្រីខ ១យួរ មី ១កេស ធុងចម្រុះទឹកស្អាតចំនួន ០១ឈុត៕