(ភ្នំពេញ)៖ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការទទួលខុសត្រូវរួមក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត សាន់ សាប់អី បានថ្លែងប្រាប់បណ្ដាញអង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ថា ក្រសួងសុខាភិបាល បានប្រើប្រាស់រថយន្ដគិលានសង្គ្រោះចំនួន ៣៥គ្រឿង និងរថយន្ដគ្លីនិកចល័តធំៗចំនួន ២គ្រឿង អំលុងពេលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២នេះ។

លោកវេជ្ជបណ្ឌិត សាន់ សាប់អី បានថ្លែងថា «ក្រោមការសហការជាមួយមន្ទីរពេទ្យជាតិចំនួន៤ គឺមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យមិត្ដភាព-សូវៀត មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ មន្ទីរពេទ្យព្រះអង្គឌួង ព្រមទាំងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងមន្ទីរសុខាភិបាលខេត្ដកណ្ដាល យើងបានប្រើប្រាស់រថយន្ដគិលានសង្គ្រោះចំនួន ៣៥គ្រឿង មានក្រុមគ្រូពេទ្យចំនួន ១៤០នាក់ និងរថយន្ដគ្លីនិកចល័តធំៗចំនួន២គ្រឿង»

ក្នុងនោះនៅតាមសណ្ឋាគារចំនួន៧ ដែលមានគណៈប្រតិភូជាន់ខ្ពស់ស្នាក់នៅ មានក្រុមគ្រូពេទ្យជំនាញប្រចាំការ២៤/២៤ម៉ោង មានរថយន្ដគិលានសង្គ្រោះចំនួន២។ ​ដោយឡែកនៅសណ្ឋាគារសុខាភ្នំពេញ ដែលជាទីតាំងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២២ បានបន្ថែមនូវរថយន្ដគិលានសង្គ្រោះ៨គ្រឿង និងរថយន្ដគ្លីនិកចល័តចំនួន២។ រថយន្ដគិលានសង្គ្រោះចល័ត អមគណៈប្រតិភូជាន់ខ្ពស់ ចំនួន៨គ្រឿង និងរថយន្ដគិលានសង្គ្រោះបំរុងអន្ដរាគមន៍ និងប្រចាំការតាមគោលដៅចំនួន៧គ្រឿង។

ក្រៅពីនោះក៏មានរថយន្ដគិលានសង្គ្រោះរបស់កងកម្លាំងខេមរៈភូមិន្ទ និងនគរបាលជាតិចូលរួមផងដែរ ដើម្បីត្រៀមបម្រុងក្នុងការការពារសុខភាព និងសង្គ្រោះបឋមជូនថ្នាក់ដឹកនាំ និងគណៈប្រតិភូជាន់ខ្ពស់ ដែលលោកអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១​​​ និងប្រជុំពាក់ព័ន្ធឆ្នំា២០២២នេះ៕