(សៀមរាប)៖ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរបនីយកម្ម និងសំណង់ និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញប្រគល់ និងទទួលគម្រោងជួសជុល និងអភិរក្សប្រាសាទតាកែវ នៃរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ។
ពិធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដោយមានការចូលរួមពី លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងអភិបាលខេត្តសៀមរាប អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូបទៀត ដែលប្រព្រឹត្តធ្វើឡើងនៅក្រុងសៀមរាប។
ក្នុងឱកាសនេះ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានបញ្ជាក់ថា ការរីកចម្រើននិងការវិវត្តន៍ឈានឡើងរបស់កម្ពុជាពិតជាមិនអាចកាត់ផ្ដាច់ពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការកម្ពុជាចិន ដ៏ស្អិតរមួតជាពិសេសជំនួយហិរញ្ញប្បទានឥតសំណង ឥណទានឥតការប្រាក់ និងឥណទានសម្បទាន ក្នុងវិស័យសំខាន់ៗជាច្រើនរួមនឹងការផ្ដល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ផងដែរ។
ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានថ្លែងថា សាធារណរដ្ឋប្រជាមានិតចិនក៏បានជួយកម្ពុជាក្នុងការថែរក្សាសិល្បៈវប្បធម៌ និងអត្តសញ្ញាណជាតិរបស់ខ្លួនតាមរយៈកម្មវិធី និងគម្រោងអភិរក្សជួសជុលស្រាវជ្រាវបណ្ដុះបណ្ដាល និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនូវសម្បត្តិវប្បធម៌ និងអរិយធម៌នៅរមណីយដ្ឋានអង្គរតាំងពីឆ្នាំ១៩៩៣ រហូតដល់បច្ចុប្បន្ន។ ជាក់ស្ដែងប្រាសាទតាកែវ ត្រូវបានចាប់ផ្ដើមជួសជុលក្នុងឆ្នាំ២០១១ និងបញ្ចប់នៅឆ្នាំ២០១៨ ដោយប្រើប្រាស់ថវិកាចំនួន ៤០លានយន់, ប្រាសាទចៅសាយទេវតា ត្រូវបានចាប់ផ្ដើមជួសជុលក្នុងឆ្នាំ២០០០ និងបញ្ចប់ក្នុងឆ្នាំ២០០៨ ប្រើប្រាស់ថវិកាចំនួន ១៤លានយន់ បច្ចុប្បន្ន យើងកំពុងសិក្សាគម្រោងជួសជុលព្រះបរមរាជវាំងអង្គរធំ ដែលគ្រោងនឹងចំណាយរយៈពេល១០ឆ្នាំ ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៩ ប្រើប្រាស់ថវិកា ៩០លានយន់។
បន្ថែមពីនេះ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានគូសបញ្ជាក់ថា ថ្មីៗនេះអាជ្ញាធរជាតិអប្សរា ក៏ទើបទទួលបានមូលនិធិពិសេសចំនួន៣៧៩,៤០០ដុល្លារ ពីគម្រោងកិច្ចសហប្រតិបត្តិការមេគង្គឡានឆាង សម្រាប់រយៈពេល២ឆ្នាំ ដែលនឹងត្រូវអនុវត្តនៅចុងឆ្នាំ២០២២នេះ ដើម្បីអភិរក្ស និងជួសជុលស្ពានហាលខាងកើតនៃប្រាសាទបេងមាលា។ ក្រៅពីនេះប្រទេសចិន ក៏ជាសហប្រធានជាមួយប្រទេសឥណ្ឌានៃ ICC-ព្រះវិហារ ដោយការសិក្សានៃគម្រោងអភិរក្ស និងជួសជុលគោបុរៈទី១ ទី២ និងទី៣ ដែលភាគីចិន កំពុងសិក្សាយ៉ាងល្អិតល្អន់ ដើម្បីរួមចំណែកក្នុងការរក្សាការពារប្រាង្គប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកមួយទៀតបន្ទាប់ពីរមណីយដ្ឋានអង្គរ។
ក្រៅពីកិច្ចការអភិរក្សទាំងអស់នេះស្ថាប័នសាធារណៈ និងឯកជនចិនផ្សេងទៀត ក៏បានរួមចំណែកក្នុងការងារអភិរក្សផ្សព្វផ្សាយ និងលើកតម្លៃបេតិកភណ្ឌវប្បធម៌កម្ពុជាផងដែរ។ ដោយឡែកពិធីប្រគល់ទទួលគម្រោងជួសជុល និងអភិរក្សប្រាសាទតាកែវ នាពេលនេះ គឺជាសក្ខីភាពដ៏ជាក់ស្ដែង និងជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការអមតៈ រវាងប្រជាជាតិ នៃប្រទេសទាំងពីរកម្ពុជា-ចិន។
ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានបង្ហាញពីគោលជំហរថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តប្រកាន់ខ្ជាប់ដោយឥតលក្ខខណ្ឌ និងគ្មានភាពស្រពេចស្រពិលនូវ «នយោបាយចិនតែមួយ» ក៏ដូចជាគាំទ្រយ៉ាងពេញទំហឹងនូវ «គំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ» របស់រដ្ឋាភិបាលចិន នៅលើគ្រប់វេទិកាតំបន់ និងអន្តរជាតិពិសេសរួមគ្នាកសាង «សហគមន៍តែមួយ ជោគវាសនាតែមួយដើម្បីមនុស្សជាតិ»។
លោក លី ខឺឈាង បានលើកឡើងថា មិត្តភាពប្រពៃណីរវាងចិន និងកម្ពុជា គឺមានមូលដ្ឋានគ្រឹះដ៏រឹងមាំដោយប្រជាជននៃប្រទេសទាំងពីរ មានការផ្លាស់ប្ដូរវប្បធម៌យ៉ាងជិតស្និទ្ធបំផុត ដែលនេះជាមូលដ្ឋានដ៏មានអត្ថន័យសម្រាប់កិច្ចសហប្រតិបត្តិការ និងចំណងមេត្រីភាពរវាងប្រទេសទាំងពីរ។ ចិន និងកម្ពុជា គឺសុទ្ធតែជាប្រទេសដែលមានអរិយធម៌រុងរឿងតាំងពីយូរលង់ណាស់មកហើយ ហើយកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរនាពេលនេះ គឺអាស្រ័យលើប្រជាជននៃប្រទេសទាំងពីរ មានការផ្លាស់ប្ដូរវប្បធម៌ភាសាគ្នាទៅវិញទៅមក ក្នុងបរិយាកាសដែលបច្ចុប្បន្នពិភពលោកកំពុងមានសេដ្ឋកិច្ច និងសភាពការណ៍ស្មុគស្មាញហើយសង្វាក់ផលិតកម្ម គឺត្រូវមានការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជនទើបទាមទារឱ្យមានការគាំទ្រពីប្រជាជននៃប្រទេសទាំងពីរ។
លោក លី ខឺឈាង បានបញ្ជាក់ថា ដោយមើលឃើញថា រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ បង្ហាញឱ្យឃើញពីភាពរុងរឿងដ៏អស្ចារ្យក៏ដូចជាមោទនភាពរបស់ប្រជាជាតិកម្ពុជានោះ ដូច្នេះ ហើយទើបពេលនេះប្រទេសចិន ក៏បានជួយជួសជុលប្រាសាទតាកែវ នៃរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ដែលនេះជាលើកទី២ ក្រោមក្របខណ្ឌ UNESCO បានជួយដល់ប្រទេសកម្ពុជា។
លោក លី ខឺឈាង យល់ឃើញថាគម្រោងជួសជុល និងអភិរក្សប្រាសាទតាកែវ នឹងផ្ដល់ផលប្រយោជន៍ដល់កម្ពុជាក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជា ព្រមទាំងការផ្លាស់ប្ដូរវប្បធម៌អរិយធម៌រវាងបណ្ដាប្រទេសនីមួយៗ នៅលើពិភពលោកផងដែរ។
នាយករដ្ឋមន្ត្រីចិន សង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជានឹងរួមចំណែកធ្វើឱ្យរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ក៏ដូចជាជួយជំរុញដល់ប្រជាជននៃប្រទេសទាំងពីរ បានស្វែងយល់កាន់តែស៊ីជម្រៅបន្ថែមទៀតអំពីវប្បធម៌ នៃប្រទេសទាំងពីរ កម្ពុជា-ចិន៕