(ភ្នំពេញ)៖ កម្ពុជាអាចនឹងដាក់ឲ្យដំណើរការសាកល្បងកម្មវិធីអប់រំភាសាចិនចិន នៅវិទ្យាល័យចំនួន២០ នៅខេត្ដចំនួន២ ទៅ៣ខេត្ត ខណៈភាសាកូរ៉េ បាននិងកំពុងដាក់ឲ្យសាកល្បង នៅក្នុងវិទ្យាល័យចំនួន៦ នៅក្នុងរាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់ពីលោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។

ការបញ្ជាក់បែបនេះ ក្រោយពេលកម្ពុជា-ចិន បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ក្នុងការអភិវឌ្ឍរួមគា្នបង្កើតកម្មវិធីរៀនភាសាចិន តាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ (សាលារដ្ឋ) ដែលភាគីកម្ពុជាតំណាងដោយបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងភាគីចិន តំណាងដោយលោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក រស់ សុវាចា បានបញ្ជាក់យ៉ាងដូច្នេះថា «អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងអប់រំ នៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការអភិវឌ្ឍកម្មវិធីអប់រំភាសាចិនរួមគ្នា នៅតាមសាលាមធ្យមសិក្សា បានឈានដល់ដំណាក់កាលសាកល្បងអនុវត្តកម្មវិធីអប់រំភាសាចិន នៅតាមវិទ្យាល័យចំនួន២០ នៅក្នុងខេត្ត២ ទៅ៣ប៉ុណ្ណោះ»

លោក រស់ សុវាចា បានឲ្យដឹងទៀតថា សម្រាប់កិច្ចការបច្ចេកទេស ក្រសួងអប់រំ យុវជន និងកីឡា នឹងបង្កើតគណៈកម្មការ ដើម្បីបន្តកិច្ចការជាមួយភាគីចិន។

លោក រស់ សុវាចា បានគូសបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលបំណងលើកកម្ពស់ ការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន និងពង្រឹងមិត្តភាពរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។

បើតាមអ្នកនាំពាក្យក្រសួងអប់រំ បច្ចុប្បន្នកម្មវិធីអប់រំភាសាបរទេស ក្នុងប្រព័ន្ធអប់រំកម្ពុជាមាន៖ ភាសាអង់គ្លេស ចាប់ពីថ្នាក់ទី៤ ដល់ថ្នាក់ទី១២, ភាសាបារាំង ចាប់ពីថ្នាក់ទី៤ ដល់ថ្នាក់ទី១២ និងភាសាកូរ៉េ បាននិងកំពុងអនុវត្តសាកល្បងពីថ្នាក់ទី៧ ដល់ថ្នាក់ទី៩ នៅវិទ្យាល័យចំនួន០៦។

លោក រស់ សុវាចា បានបញ្ជាក់ថា មុខវិជ្ជាអប់រំភាសាកូរ៉េ គឺឈរទៅលើការស្ម័គ្រចិត្ដ របស់សិស្សានុសិស្ស នៅក្នុងដំណាក់កាលសាកល្បងនេះ។

វិទ្យាល័យទាំង៦ ដែលបាន និងកំពុងសាកល្បងភាសាកូរ៉េ រួមមាន​៖ ចាប់ផ្តើមនៅក្នុងឆ្នាំ២០២០ មានវិទ្យាល័យព្រះយុគន្ធរ, វិទ្យាល័យស៊ីសុវត្ថិ និងវិទ្យាល័យបឹងត្របែក និងចាប់ផ្តើមនៅក្នុងឆ្នាំ២០២២ មានវិទ្យាល័យច្បារអំពៅ, វិទ្យាល័យឬស្សីកែវ និងវិទ្យាល័យសេរីភាព៕